អន្តរជាតិ
តួកគី៖ ស៊ុយអែត និងហ្វាំងឡង់ មិនទាន់បានបញ្ជូនជនសង្ស័យភេរវករតាមការសន្យាឡើយ
28, Jul 2022 , 11:29 pm        
រូបភាព
លោក  Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី។ រូបភាព៖ AFP
លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី។ រូបភាព៖ AFP
ដោយ:
ស៊ុយអែត និងហ្វាំងឡង់នៅមិនទាន់បញ្ជូនជនសង្ស័យដែលតួកគីចាត់ទុកថាជាភេរវករនៅឡើយទេ បើទោះជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីដែលជាថ្នូរឱ្យក្រុងអង់ការ៉ាដកការប្រឆាំងការចូលជាសមាជិកភាពអង្គការណាតូចំពោះរដ្ឋអឺរ៉ុបទាំងពីរនេះក៏ដោយ។ រដ្ឋមន្រ្តីការបរទេសតួកគី បានលើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែកក្កដា ដោយសង្កត់ធ្ងន់ថា ការអនុម័តលើសមាជិកភាពស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកសម្ព័ន្ធយោធាណាតូ នឹងមិនអាចទៅដល់សភាតួកគីទេ បើប្រទេសទាំងពីរមិនធ្វើតាមការសន្យា។​

 
កាលពីចុងខែមិថុនា តួកគី ស៊ុយអែត និងហ្វាំងឡង់បានចុះអនុស្សារណៈត្រីភាគីមួយ ដែលបើកផ្លូវឱ្យណាតូទទួលយកសមាជិកភាពស៊ុយអែត និងហ្វាំងឡង់ជាផ្លូវការ។ បើទោះជាឆ្លងកាត់ការយល់ព្រមពីតួកគីនៅដំណាក់កាលដំបូងនេះក៏ដោយ និតីវិធីបន្ទាប់សម្រាប់រដ្ឋអឺរ៉ុបទាំងពីរនេះគឺត្រូវឆ្លងកាត់ការផ្តល់សច្ចាប័នពីសភារបស់រដ្ឋសមាជិកណាតូទាំង ៣០។ មកទល់ពេលនេះ សមាជិកណាតូ ១៨ ប្រទេសបានផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែត និងហ្វាំងឡង់រួចហើយ។
 
ក្រុងអង់ការ៉ាធ្លាប់ព្រមានហើយថាខ្លួននឹងនៅតែបន្តប្រឆាំង ប្រសិនបើប្រទេសនៅប៉ែកខាងជើងអឺរ៉ុបពីរនេះមិនបំពេញតាមការទាមទាររបស់ខ្លួនជុំវិញភេរវកម្ម និងការដកបម្រាមអាវុធ។ ខណៈក្នុងអនុស្សារណៈមិនបានបញ្ជាក់ពីចំនួនបុគ្គលត្រូវបញ្ជូនទៅតួកគីជាក់លាក់នោះទេ ក្រុងអង់ការ៉ាអះអាងថា ស៊ុយអែតសន្យាបញ្ជូនភេរវករ ៧៣ នាក់ទៅតួកគី។ កន្លងមក ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ចោទរដ្ឋអឺរ៉ុបទាំងពីរ​ ពិសេសស៊ុយអែតថាបានផ្តល់កន្លែងស្នាក់នៅដល់បក្សពលករឃើដ ដែលត្រូវបានលោកចាត់ទុកថាជាភេរវករ។ 
 
ស្របពេលក្រុងអង់ការ៉ាមិនបានកំណត់កាលបរិច្ឆេទជាក់លាក់ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu នៅថ្ងៃទី២៧ ខែកក្កដា លើកឡើងថា ក្រុងស្តុកខុលមិនទាន់បានបញ្ជូនជនសង្ស័យទៅតួកគីនៅឡើយទេ។ 
 
« ពួកគេ (ស៊ុយអែត និងហ្វាំងឡង់) ត្រូវតែបំពេញតាមទំនួលខុសត្រូវរបស់ពួកគេ បើមិនដូច្នេះទេ យើងនឹងរារាំងការចូលជាសមាជិកណាតូ»។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍តួកគី​ TRT World ស្រង់សម្តីរបស់លោក Cavusoglu។ 
 
បើតាមរដ្ឋមន្រ្តីការបរទេសតួកគីរូបនេះ​ ការផ្តល់សច្ចាប័នលើសេចក្តីសម្រេចរបស់សមាជិកភាពស៊ុយអែត និងហ្វាំងឡង់ កំពុងតែដំណើរការក្នុងដំណាក់កាលក្រសួងការបរទេសតួកគី។ បន្ទាប់ពីនេះ វានឹងឆ្លងកាត់ប្រធានាធិបតីតួកគី រួចទើបទៅដល់សភា ហើយនៅពេលនោះសភានឹងសម្រេច។ ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនអាចផ្ញើទៅឥឡូវបានទេ ពីព្រោះស៊ុយអែត និងហ្វាំងឡង់មិនទាន់បានសម្រេចកាតព្វកិច្ចរបស់ខ្លួននៅឡើយ។ នេះបើតាមកាសែតតួកគី Daily Sabbah ដោយស្រង់សម្តីលោក Cavusoglu ។ 
 
កាលពីសប្តាហ៍មុន​​ មន្រ្តីការទូតតួកគីលោក Cavusoglu ប្រាប់ទូរទស្សន៍រដ្ឋ TRT Haber ថា មន្រ្តីតួកគី ហ្វាំងឡង់ និងស៊ុយអែតនឹងជួបប្រជុំក្នុងខែសីហា ដើម្បីវាយតម្លៃ និងតាមដានលើដំណើរការនៃការបំពេញតាមការសន្យាទាំង ១០ ចំណុចដែលបានចែងក្នុងកិច្ចព្រមព្រៀងរវាងភាគីទាំងបី៕
 

Tag:
 តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com