អន្តរជាតិ
លោកស៊ីប្រាប់លោកបៃឌិនជាថ្មី៖ ភាគីណាប្រឡែងភ្លើង ភាគីនោះនឹងត្រូវរលាក
29, Jul 2022 , 10:34 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ខាងឆ្វេង) ជាមួយសមភាគីចិន លោក ស៊ី ជិនភីង ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ក្នុងខែមីនា ឆ្នាំ២០២២។ រូបភាព៖ Xinhua
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ខាងឆ្វេង) ជាមួយសមភាគីចិន លោក ស៊ី ជិនភីង ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ក្នុងខែមីនា ឆ្នាំ២០២២។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី២៨ ខែកក្កដា បានជជែកតាមប្រព័ន្ធទូរសព្ទជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដើម្បីពិភាក្សាពីបញ្ហាជាច្រើនដូចជាតៃវ៉ាន់ និងពាណិជ្ជកម្មទ្វេភាគីជាដើម។ ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ លោកស៊ី បានប្រាប់លោកបៃឌិនជាថ្មី និងច្បាស់ៗថា ប្រទេសណាប្រឡែងជាមួយភ្លើង ប្រទេសនោះនឹងរងការខូចខាត។

 
កោះតៃវ៉ាន់ ជាតំបន់មួយដែលធ្វើឱ្យចិន និងអាម៉េរិកមានអរិភាពជាមួយគ្នាយ៉ាងខ្លាំង ដោយសារតែការព្រមានរបស់ក្រុងប៉េកាំង ក្នុងការគ្រប់គ្រងដែនកោះមួយនេះ ក្នុងករណីប្រកាសឯករាជ្យ និងការធ្លាយមាត់របស់មេដឹកនាំក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនទ័ពជួយក្រុងតៃប៉ិ។ មិនតែប៉ុណ្ណោះ គម្រោងទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ កាន់តែធ្វើឱ្យភាពតានតឹងក្នុងតំបន់មួយនេះ ក្តៅឡើងថែមទៀត។ 
 
ស្របពេលមានបញ្ហាចម្រូងចម្រាសបែបនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីកាត់បន្ថយការខ្វែងគំនិតគ្នា។ ក្នុងកិច្ចសន្ទនាលើកចុងក្រោយនេះ លោកស៊ី បានប្រាប់ភាគីអាម៉េរិក កុំគាំទ្រឯករាជ្យភាពតៃវ៉ាន់ រួមទាំងត្រូវគោរពតាមគោលការណ៍ «ចិនតែមួយ»។ 
 
«ប្រទេសណាដែលប្រឡែងជាមួយភ្លើង នឹងរងការខូចខាតដោយវា»។ មេដឹកនាំចិន បានព្រមានច្បាស់ៗបែបនេះ ទៅកាន់សមភាគីអាម៉េរិក ដោយបន្ថែមថា មតិសាធារណៈមិនអាចត្រូវបានទាត់ចោលបានឡើយ ហើយអាម៉េរិក គួរតែយល់ច្បាស់ពីបញ្ហានេះ។ បើតាមលោកស៊ី ក្រុងប៉េកាំងជំទាស់យ៉ាងដាច់អហង្ការចំពោះកម្លាំងផ្តាច់ខ្លួន និងការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់។ 
 
ជុំវិញបញ្ហាតៃវ៉ាន់ លោកបៃឌិន បានឆ្លើយតបជាថ្មីវិញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្មានចេតនាមិនគោរពគោលការណ៍«ចិនតែមួយ» ឡើយ ហើយអាម៉េរិកនឹងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ជាដាច់ខាត។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ដោយចាត់ទុកជាកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ និងស៊ីជម្រៅ លោកបៃឌិន បានកត់សម្គាល់ថា ពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ហើយកិច្ចសហប្រតិបត្តិការអាម៉េរិក-ចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរឡើយ ប៉ុន្តែវាផ្តល់ផលចំណេញដោយប្រជាជននៅក្នុងប្រទេសទាំងអស់។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ សន្យារក្សាទំនាក់ទំនងប្រកបដោយភាពបើកចំហជាមួយចិន ដើម្បីរក្សាការយល់ពីគ្នាទៅវិញទៅមក និងបញ្ចៀសការយល់ច្រឡំណាមួយ។
 
ចំណែកលោកស៊ីវិញ បានយល់ថា ការកាត់ផ្តាច់ច្រវាក់ផលិតកម្មចិន នឹងមិនជួយជំរុញសេដ្ឋកិច្ចអាម៉េរិកឡើយ ហើយវាថែមទាំងធ្វើឱ្យសេដ្ឋកិច្ចសកលរងគ្រោះ។ ត្រង់ជំរុញនេះ ប្រមុខរដ្ឋចិន បានជំរុញឱ្យភាគីទាំងពីរសហការជាមួយគ្នា ដើម្បីការបន្ថយភាពតានតឹងក្នុងតំបន់ លុបចោលជំងឺឆ្លងកូវីដ-១៩ ឱ្យបានឆាប់ ក៏ដូចជាដោះស្រាយបញ្ហាអតិផរណា និងភាពថមថយនៃសេដ្ឋកិច្ចសកល៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com