ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សមួយចំនួន គាំទ្រការកែរដ្ឋធម្មនុញ្ញលើកទី១០
29, Jul 2022 , 11:09 am        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
ដោយមិននិយាយពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក្នុងចំណោមគណបក្សនយោបាយជិត៥០នៅកម្ពុជានាពេលបច្ចុប្បន្ន មានគណបក្សខ្លះ គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានគណបក្សខ្លះទៀត ជំទាស់។

 
គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ដែលបង្ហាញការគាំទ្រលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មានជាអាទិ៍ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ។ ការប្រកាសគាំទ្ររបស់គណបក្សទាំងនោះ ធ្វើឡើងតាមរយៈចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន បន្ទាប់ពីរដ្ឋសភា អនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ 
 
មុនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានរដ្ឋសភាអនុម័ត មានគណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រួមទាំងអង្គការសង្គមស៊ីវិលជាង១០០ ទទូចសុំឲ្យរដ្ឋសភាច្រានចោលសេចក្តីព្រាងច្បាប់នេះ។ ការស្នើសុំរបស់គណបក្សទាំង៤ ធ្វើឡើងតាមរយៈញត្តិ ដែលដាក់ជូនរដ្ឋសភា ឯការស្នើសុំរបស់អង្គការសង្គមស៊ីវិលជាង១០០ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈ។ គណបក្សទាំង៤ គឺ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។ សង្គមស៊ីវិលជាង១០០ មានដូចជា អាដហុក សង់ត្រាល់ ខុមហ្វ្រែល និង និចហ្វិក ជាដើម។
 
សម្រាប់លើកនេះ មិនត្រឹមតែរដ្ឋធម្មនុញ្ញឡើយ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវធ្វើវិសោធនកម្មដែរ។ មាន៦មាត្រានៃរដ្ឋធម្មនុញ្ញ និងមាន២មាត្រានៃច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវជ្រើសរើសយកមកធ្វើវិសោធនកម្ម។ 
 
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ ត្រូវបញ្ជូនចេញពីរដ្ឋសភា ទៅកាន់ព្រឹទ្ធសភា ហើយពេលចេញពីព្រឹទ្ធសភា នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ។ នីតិវិធីចុងក្រោយ គឺថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
 

Tag:
 វិសោធនកម្មរដ្ឋធម្មនុញ្ញ
  បក្សក្រៅរដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com