កីឡាអន្តរជាតិ
អន្តរជាតិ
Klopp សរសើរគុណភាពបាល់ទាត់ស្រ្តីនៅព្រឹត្តិការណ៍ ​Euro ពិតជាខ្លាំង
29, Jul 2022 , 11:30 am        
រូបភាព
លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool ថ្ងៃទី២៨ ខែកក្កដា បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ស្រ្តី Women Euro 2022 ធ្វើឱ្យលោកភ្ញាក់ផ្អើលអំពីគុណភាពនៃការប្រកួតរបស់ក្រុមនារីទាំងអស់។ ​លោកថែមទាំងសរសើរថា ពួកគេពិតជាមានភាពខ្លាំង និងទម្រង់លេងល្អៗ។

 
ព្រឹត្តិការណ៍ Women Euro 2022 ចាប់ផ្តើមពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកក្កដា។ ឆ្លងកាត់ការប្រកួតរយៈពេលជាង ១០ថ្ងៃមកតាំងពីវគ្គចែកពូល រហូតរកឃើញ២ក្រុមចុងក្រោយសម្រាប់វគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ប្រចាំប្រទេសអង់គ្លេសមួយនេះ រកបានគ្រាប់បាល់រហូតដល់ទៅ ៩២ ពី ៣០ប្រកួត។ 
 
ក្រុមម្ចាស់ផ្ទះតោកំណាចនារីអង់គ្លេស ត្រូវជួបតទល់ជាមួយក្រុមឥន្រ្ទីដែកនារីអាល្លឺម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley នៅថ្ងៃទី៣១ ខែកក្កដា ហើយក្រុមទាំងពីរមានកំណត់ត្រាឈ្នះការប្រកួតទាំងអស់ និងរបូតគ្រាប់បាល់ត្រឹមតែ ១គ្រាប់ដូចគ្នា។
 
តោកំណាចអង់គ្លេសកំពុងសម្លឹងជ័យជម្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបលើកដំបូង ខណៈដែលខ្លួនត្រូវប្រជែងជាមួយក្រុមម្ចាស់ជើងឯក ៨សម័យ ឥន្រ្ទីដែកអាល្លឺម៉ង់។ គ្រូបង្វឹកក្រុមហង្សក្រហមបានបង្ហាញចំណាប់អារម្មណ៍ដ៏ភ្ញាក់ផ្អើលលើគុណភាពខ្លាំងរបស់ក្រុមនារី ហើយសរសើរថាក្រុមទាំងអស់ មានទម្រង់លេងល្អរៀងៗខ្លួន។
 
«ខ្ញុំអាចនិយាយបានថា ខ្ញុំស្រលាញ់បាល់ទាត់ស្រ្តី ពិតជាពិសេសខ្លាំង ហើយគុណភាពនៃការប្រកួតមានភាពខ្លាំងក្លានិងអស្ចារ្យ។ អង់គ្លេស និងអាល្លឺម៉ង់ ពិតជាធ្វើបានល្អនាប៉ុន្មានប្រកួតចុងក្រោយ ហើយនេះជាករប្រកួតផ្តាច់ព្រ័ត្រដ៏អស្ចារ្យ ក្រុមខ្លាំងពីរជួបតទល់គ្នាទៅវិញទៅមក ហើយក្រុមបាល់ទាត់ទាំងអស់ស៊ុតតែមានចំណុចល្អរៀងខ្លួន រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានបង្ហាញនូវភាពអស្ចារ្យមួយទៅកាន់អ្នកគាំទ្រ។»។លោក Klopp និយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួតទល់ក្រុម ​​Manchester City។
 
ដោយឡែកលោក ​Klopp នឹងដឹកនាំក្រុមហង្សក្រហម Liverpool ប្រកួតតទល់ជាមួយក្រុមមេឃខៀវ Manchester United ដើម្បីប្រកួតដណ្តើមពានរង្វាន់មុនបើករដូវកាល Community Shield នៅថ្ងៃទី៣០ ខែកក្កដា នាកីឡដ្ឋាន ​King Power Stadium របស់ក្លិប Leicester City៕
 
 
 
 

Tag:
 Jurgen Klopp
  Women Euro 2022
© រក្សាសិទ្ធិដោយ thmeythmey.com