អន្តរជាតិ
នាវាផ្ទុកយន្តហោះចម្បាំងអាម៉េរិក បកទៅឈរជើងនៅសមុទ្រចិនខាងត្បូងវិញ ខណៈមានភាពតានតឹងនៅតៃវ៉ាន់
29, Jul 2022 , 12:29 pm        
រូបភាព
រូបភាព៖ US Navy
រូបភាព៖ US Navy
នាវាដឹកយន្តហោះចម្បាំង និងនាវាចម្បាំងផ្សេងទៀតរបស់អាម៉េរិក បានវិលត្រលប់ទៅកាន់សមុទ្រចិនខាងត្បូងវិញ បន្ទាប់ពីចូលចតនៅកំពង់ផែសិង្ហបុរី ខណៈដែលភាពតានតឹងជាមួយចិនកើនឡើងជុំវិញគម្រោងទស្សនកិច្ចរបស់ ប្រធានសភាតំណាងអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

 
ក្នុងសេចក្តីថ្លែងការណ៍របស់មន្ត្រីក្នុងកងនាវាទី៧ នៃកងទ័ពជើងទឹកអាម៉េរិក នៅថ្ងៃទី២៨ ខែកក្កដា បានបញ្ជាក់ពីការដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង USS Ronald Reagan​ នៅផ្លូវពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់សមុទ្រចិនខាងត្បូង។ 
 
«នាវា USS Ronald Reagan និងនាវាចម្បាំងផ្សេងទៀតរបស់អាម៉េរិកកំពុងដំណើរការ ដោយប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់កំពង់ផែសិង្ហបុរី»។ មេបញ្ជាការលោកស្រី Hayley Sims បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ មេបញ្ជាការរូបនេះ បានបន្ថែមថា នាវាផ្ទុកយន្តហោះចម្បាំង Reagan កំពុងប្រតិបត្តិការធម្មតាតាមកាលវិភាគរបស់ខ្លួន ដែលជាផ្នែកមួយនៃការល្បាតជាប្រចាំ ក្នុងការគាំទ្រដល់សេរីភាពនាវាចរណ៍នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ដោយសារវត្តមានរបស់នាវាចម្បាំងអាម៉េរិកក្នុងសមុទ្រចិនខាងត្បូង ក្រសួងការបរទេស​ចិន បានប្រតិកម្មភ្លាមៗ។ ក្រសួងការបរទេស​ចិនបានលើកឡើងថា អាម៉េរិកជាថ្មី​ម្ដងទៀតកំពុងអួតពីកម្លាំងខ្លួន​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​នាវាចម្បាំង Reagan។
 
«វាបង្ហាញច្បាស់ណាស់ទៅមនុស្សគ្រប់គ្នា ថាអ្នកណាជាអ្នកគំរាមកំហែងធំបំផុតនៅសមុទ្រចិនខាងត្បូង និងគំរាមគំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៨ ខែកក្កដា។ 
 
ព័ត៌មាននៃការដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង បានកើតឡើង ស្របពេលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនបានប៉ះទង្គិចពាក្យសម្តីគ្នា ជុំវិញគម្រោងទស្សនកិច្ចរបស់លោកស្រី Pelosi នៅតៃវ៉ាន់។ 
 
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់​ ក្រសួងការបរទេសចិនម្តងហើយម្តងទៀតបានចេញមុខព្រមានចំៗដល់មន្ត្រីអាម៉េរិកពីផលវិបាក។ ទីក្រុងប៉េកាំងតែងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយនឹងប្រើកម្លាំង បើចាំបាច់ដើម្បីបង្រួបបង្រួមជាតិ៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com