អន្តរជាតិ
ខណៈរុស្ស៊ីទម្លាក់គ្រាប់បែកក្បែរក្រុងកៀវ អុយក្រែនបង្កើនកម្លាំងវាយប្រហាររុស្ស៊ីនៅភាគខាង ត្បូង
29, Jul 2022 , 5:01 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
អភិបាលក្រុងកៀវ នៅថ្ងៃទី២៨ ខែកក្កដា បានអះអាងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលក្នុងការវាយប្រហារតំបន់ជាយក្រុងកៀវជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។ ស្របគ្នានេះ កងទ័ពអ៊ុយក្រែននៅភាគខាងត្បូងប្រទេសក៏បានបង្កើនកម្លាំង របស់ខ្លួន ដោយបានវាយប្រហារមូលដ្ឋានទាហានរុស្ស៊ីក្នុងការបំបាក់កម្លាំងទាហានទាំងនោះផងដែរ។

 
តាមការលើកឡើងរបស់អភិបាលក្រុងកៀវ លោក Oleksiy Kuleba ក្នុងប្រព័ន្ធបញ្ជូនសារ Telegram នៅថ្ងៃទី២៨ ខែកក្កដា មនុស្ស ១៥នាក់បានរងរបួសដោយសារការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើជំរំយោធាក្នុងសង្កាត់ Vyshhorod ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។ ជារឿងគួរឱ្យភ្ញាក់ផ្អើល ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ ពីរុស្ស៊ីបានបោះបង់ចោលការប៉ុនប៉ងវាយដណ្ដើមក្រុងកៀវតាំងពីប៉ុន្មានសប្ដាហ៍ដំបូងនៃការ ចាប់ផ្ដើមសង្គ្រាមឯណោះ។
 
អំឡុងការថ្លែងទៅកាន់សភាអ៊ុយក្រែន នៅថ្ងៃទី២៨ ខែកក្កដាដែលជាថ្ងៃអបអរសាទរទិវារដ្ឋអ៊ុយក្រែន ស៊ីរ៉ែនវាយលុកតាមអាកាស បានបន្លឺឡើង ហើយប្រធានធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គីក៏បានលើកឡើងថា នេះ​ជាការ​ជូនពរ​របស់​រុស្ស៊ី​ក្នុង​ទិវា​អធិបតេយ្យភាព​របស់​អ៊ុយក្រែន។
 
«វាមិនមានបញ្ហាទាក់ទងនឹងការគំរាមកំហែងរបស់រុស្ស៊ីមកលើយើងទេ មិនថាវាជាស៊ីរ៉ែនវាយ ប្រហារតាមអាកាស ឬអ្វីផ្សេងទៀត អ្វីដែលសំខាន់នោះគឺថាយើងធ្វើឱ្យប្រទេសផ្សេងទៀតជឿជាក់លើភាពរឹងមាំរបស់អ៊ុយក្រែន»។ លោកហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះដោយចង់ សម្ដៅលើក៏ការបន្តការតតាំងជាមួយក្រុងមូស្គូ ដោយមានការគាំទ្រពីប្រទេសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ស្របពេលជាមួយគ្នានេះ អភិបាល​តំបន់ទីក្រុង Chernihiv លោក Vyacheslav Chausov បាន​ប្រាប់​ទូរទស្សន៍​អ៊ុយក្រែនថា មីស៊ីលរុស្ស៊ីជាង ១០ គ្រាប់បានវាយប្រហារទីក្រុង Chernihiv ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងកៀវ បន្ទាប់ពីទីក្រុង នេះមិនបានរងការវាយប្រហារណាមួយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ។
 
ជាការបំបាក់កងកម្លាំងរុស្ស៊ី នៅភាគខាងត្បូងប្រទេស យន្តហោះរបស់ក្រុងកៀវបានវាយ ប្រហារលើមូលដ្ឋានទ័ពរុស្ស៊ីចំនួនប្រាំនៅជុំវិញទីក្រុង Kherson និងទីក្រុងមួយផ្សេងទៀត នៅជិតនោះដែលជាកន្លែងអ៊ុយក្រែនកំពុងផ្តោតលើការវាយលុក និងតបតទៅវិញដ៏ធំបំផុត របស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។
 
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអ៊ុយក្រែនក៏បានប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារស្ពានចំនួនបីឆ្លងកាត់ទន្លេDniproឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។​ការណ៍នេះបានធ្វើឱ្យរុស្ស៊ីកាន់តែពិបាកក្នុងការផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួននៅច្រាំងខាងលិច។ 
 
បន្ថែមពីនេះ អ៊ុយក្រែនក៏បានបញ្ជាក់ថា ខ្លួនបានវាយយកទីលំនៅតូចៗមួយចំនួននៅជាយ
តំបន់ខាងជើងមកវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលខ្លួនព្យាយាមរុញច្រានកងកម្លាំង រុស្ស៊ីឱ្យចេញទៅវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com