អន្តរជាតិ
តុលាការកំពូលស្រីលង្កាចេញដីការកោះហៅលោក Rajapaksa ឱ្យបង្ហាញខ្លួននៅថ្ងៃទី១ ខែសីហា
29, Jul 2022 , 5:59 pm        
រូបភាព
អតីតប្រធានាធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបភាព៖ AFP
អតីតប្រធានាធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបភាព៖ AFP
តុលាការកំពូលស្រីលង្កា នៅថ្ងៃទី២៧ ខែកក្កដា បានចេញដីការកោះហៅអតីតប្រធានាធិបតីស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដោយបញ្ជាឱ្យលោកទៅបង្ហាញខ្លួននៅតុលាការ ក្នុងថ្ងៃទី១ ខែសីហា ដោយផ្អែកលើពាក្យបណ្តឹងទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។

 
មន្ត្រីតុលាការកំពូលស្រីលង្កាម្នាក់ដោយមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍សិង្ហបុរី CNA ថាមានញត្តិដែលបានប្ដឹងទៅលើអ្នកនយោបាយ មន្ត្រីរាជការមួយចំនួន និងព្រមទាំងអតីត ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ចំពោះការបង្កឱ្យវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាបទៅ។ ទាក់ទិននឹងបញ្ហានេះ លោក រ៉ាចាប៉ាក់សា ត្រូវបង្ហាញខ្លួននៅតុលាការកំពូលនៅថ្ងៃទី១ ខែសីហាខាងមុខនេះ។
 
ទន្ទឹមនេះ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កា Newsfirst បានចុះផ្សាយដូចគ្នាថា អតីតប្រធានាធិបតីស្រីលង្កា បានរងពាក្យបណ្ដឹងដែលទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស ប៉ុន្តែលោក រ៉ាចាប៉ាក់សា នឹងបង្ហាញ ខ្លួនក្នុងនាមជាចុងចោទឯកជន ឬជាចុងចោទសាមញ្ញដូចប្រជាជនធម្មតាដែរ។
 
ជុំវិញរឿងនេះ មេធាវីស្រីលង្កាបានអះអាងថា លោក រ៉ាចាប៉ាក់សា មិនចាំបាច់ទៅតុលាការ ដោយផ្ទាល់ទេហើយអាចបង្ហាញខ្លួនតាមរយៈមេធាវីរបស់លោកបាន។ពេលនេះ លោកអតីតមេដឹកនាំស្រីលង្ការូបនេះ កំពុងតែស្នាក់នៅសិង្ហបុរី ហើយលោកក៏ទទួលបានការពន្យារ ពេលឱ្យនៅប្រទេសនោះរហូតដល់ថ្ងៃទី១១ ខែសីហាដែរ។
 
យ៉ាងណាមិញ រដ្ឋមន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កា លោក Bandula Gunawardena  បានលើកឡើងក្នុងសន្និសីទកាសែតថ្ងៃទី២៦ ខែកក្កដាថា​ លោកជឿថាលោក រ៉ាចាប៉ាក់សា នឹងត្រឡប់ទៅកាន់ស្រីលង្កាវិញ ហើយនៅពេលដែលលោកមកដល់ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ថា​មិន​មាន​អ្វី​អាក្រក់​កើតឡើង​ចំពោះ​អតីត​ប្រធានាធិបតី​ឡើយរូបនេះឡើយ។
 
លោក Gunawardena ក៏សង្កត់ធ្ងន់ថា លោក រ៉ាចាប៉ាក់សា មិនមែនកំពុងលាក់ខ្លួននៅសិង្ហបុរី នោះទេ ព្រោះលោកមាន​ទិដ្ឋាការ​ដូច​អ្នក​ដទៃ​ដែរ៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com