អន្តរជាតិ
ប្រមុខ UN អរគុណតួកគីដែលផ្តល់កន្លែងដឹកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនទៅពិភពលោកឡើងវិញ
29, Jul 2022 , 8:29 pm        
រូបភាព
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញូ ហ្គូតេរ៉េស។ រូបភាព៖ AFP
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញូ ហ្គូតេរ៉េស។ រូបភាព៖ AFP
ដោយ:
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញូ ហ្គូតេរ៉េស បានស្វាគមន៍ដល់ការបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាពន្លឺសម្រាប់ដោះស្រាយបញ្ហាអសន្តិសុខស្បៀងសកល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែកក្កដា។  មជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនេះ មានតំណាងមកពីអ៊ុយក្រែន រុស្ស៊ី តួកគី និង UN ដើម្បីត្រួតពិនិត្យផែនការដឹកជញ្ជូនធញ្ញជាតិដែលមិនអាចដឹកចេញពីកំពង់ផែអ៊ុយក្រែនបានជាច្រើនខែ។

 
នៅឯការបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួល នៅទីក្រុងអ៊ីស្តង់ប៊ុលជាផ្លូវការក្នុងថ្ងៃទី២៧ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោកអង់តូនីញូ ហ្គូតេរ៉េស បានស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងនេះជាខ្លាំង។ ការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយរុស្ស៊ី អ៊ុយក្រែន តួកគី​ និង UN កាលពីសប្តាហ៍មុនក្នុងការបើកផ្លូវឱ្យដឹកគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែន Odessa, Chernomorsk និង Pivdennyi តាមសមុទ្រខ្មៅទៅកាន់ពិភពលោកឡើងវិញដែលបានជាប់គាំងដោយសារសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។
 
«អគ្គលេខាធិការ (UN) ថ្លែងអំណរគុណដល់តួកគី​ដែលបានផ្តល់កន្លែងសម្រាប់ភាគី និង UN ដើម្បីជួយប្រតិបត្តិការគំនិតផ្តួចផ្តើមដឹកធញ្ញជាតិចេញតាមសមុទ្រខ្មៅ»។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN បញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៨ ខែកក្កដា។
 
តាមសេចក្តីថ្លែងការណ៍ដដែល លោក ហ្គូតេរ៉េស ក៏បានអរគុណដល់រុស្ស៊ី និងអ៊ុយក្រែនដែលបានតែងតាំង និងបញ្ជូនអ្នកតំណាងជាន់ខ្ពស់ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលយ៉ាងរហ័ស។ ប្រមុខ UN ព្រមទាំងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការធ្វើការជាដៃគូដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមដឹកធញ្ញជាតិចេញតាមសមុទ្រខ្មៅប្រកបដោយប្រសិទ្ធភាព ក្នុងបំណងដើម្បីកាត់បន្ថយអសន្តិសុខស្បៀងអាហារសកល។ 
 
លើសពីនេះ Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN លើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនឹងអនុញ្ញាតឱ្យកប៉ាល់ឈ្មួញដឹកធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ក៏ដូចជាជីប្រកបដោយសុវត្ថិភាពពីកំពង់ផែសំខាន់ៗបីរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅទៅកាន់ពិភពលោក។ 
 
ថ្លែងទៅកាន់រដ្ឋសមាជិក UN ក្នុងសន្និសីទកាសែតមួយថ្ងៃដដែល ប្រធានជំនួយមនុស្សធម៌ UN លោក Martin Griffiths សង្ឃឹមថា ការដឹកជញ្ជូនធញ្ញជាតិដំបូងចេញពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅនឹងអាចដំណើរការបាននៅថ្ងៃទី២៩ ខែកក្កដានេះ។ ប៉ុន្តែ ព័ត៌មានលម្អិតទាក់ទិននឹងសុវត្ថិភាពនៃការដឹកឆ្លងកាត់នេះនៅតែកំពុងពិនិត្យមើលនៅឡើយ៕
 

Tag:
 UN
  តួកគី
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com