អន្តរជាតិ
UN អនុម័តសេចក្តីសម្រេចកំណត់ការទទួលបានបរិស្ថានស្អាត និងសុខភាពល្អជា​សិទ្ធិមនុស្សសកល
29, Jul 2022 , 9:29 pm        
រូបភាព
សម្រេចសម្រេចនេះ មាន​ប្រទេស​១៦១គាំទ្រ ខណៈកម្ពុជាស្ថិតក្នុងចំណោម​៨​ប្រទេស​ដែលបានបោះអនុបវាទ
សម្រេចសម្រេចនេះ មាន​ប្រទេស​១៦១គាំទ្រ ខណៈកម្ពុជាស្ថិតក្នុងចំណោម​៨​ប្រទេស​ដែលបានបោះអនុបវាទ
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តសេចក្តីសម្រេចជាប្រវត្តិសាស្ត្រមួយ នៅ​ថ្ងៃទី២៨ ខែកក្កដា ដោយកំណត់យកការទទួលបានបរិស្ថានស្អាត មានសុខភាពល្អ និងប្រកបដោយចីរភាព ជាសិទ្ធិមនុស្សសកល។ ការសម្រេចនេះ មានការគាំទ្រពីប្រទេសសមា​ជិកចំនួន ១៦១ និងសំឡេងអនុបវាទចំនួន ៨ ដែលមានកម្ពុជាមួយក្នុងចំណោមនោះដែរ។

 
ដោយប្រែសម្រួលពីសេចក្ដីសម្រេចស្រដៀងគ្នារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ​២០២១ សេចក្ដីសម្រេចថ្មីក្នុងឆ្នាំ២០២២ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បាន​អំពាវនាវឱ្យរដ្ឋជាសមាជិក អង្គការអន្តរជាតិ និងធុរជន ចាត់វិធានការបន្ថែមទៀត ដើម្បីថែ​រក្សាបរិស្ថានឱ្យមានសុខភាពល្អសម្រាប់មនុស្សក្នុងសកល។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ស្វាគមន៍ការសម្រេចចិត្តជា​ប្រវត្តិសាស្ត្រនេះយ៉ាងខ្លាំង ហើយបានកោតសរសើររដ្ឋសមាជិកដែលអាចរួមគ្នាប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិបរិស្ថាន នៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុល។
 
«សេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយភាពមិនស្មើគ្នា ទាក់ទិននឹងបញ្ហាបរិស្ថាន បង្កើនការ​ការពារ និងផ្តល់អំណាចដល់ប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ រួមមានអ្នកជំនាញបរិស្ថាន និងសិទ្ធិមនុស្ស កុមារ យុវជន ស្ត្រី និងជនជាតិដើមភាគតិច»។ លោក ហ្គូតេរ៉េស បានថ្លែងបែបនេះ ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យអ្នក​នាំពាក្យ។
 
ប្រមុខអង្គការសហប្រជាជាតិ បានបន្ថែមថាសេចក្ដីសម្រេចនេះ នឹងជួយឱ្យបណ្ដា​ប្រទេសជាច្រើនពន្លឿនការអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាចិត្តលើបញ្ហាបរិស្ថាន និងសិទ្ធិមនុស្សរបស់​ពួកគេ។ ក្នុងចំណោមប្រទេសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិចំនួន១៦៩ ប្រទេសចំនួន ១៦១បានគាំទ្រសេចក្ដីសម្រេច ហើយប្រទេស ៨ប្រកាន់ជំហរអនុបវាទដែល​មានកម្ពុជាមួយផងដែរ។ ​
 
ក្រៅពីកម្ពុជា ប្រទេស​៧ទៀតដែលបាន​បោះឆ្នោតអនុបវាទ មាន បេឡារុស ចិន អេត្យូពី អ៊ីរ៉ង់ គៀរហ្ស៊ីស្ថាន រុស្ស៊ី និង​ស៊ីរី។
 
ការទទួលបានបរិស្ថានស្អាត មានសុខភាពល្អ ជាសិទ្ធិដែលមនុស្សជាតិគួរទទួលបាន។ សេចក្ដីសម្រេចបានទទួលស្គាល់ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​គ្មាននិរន្តរភាព និងការប្រើប្រាស់ធនធានធម្មជាតិ ការបំពុលខ្យល់ ដី និងទឹក ការគ្រប់គ្រង​សារធាតុគីមី និងកាកសំណល់មិនបានល្អ និងការបាត់បង់ជីវចម្រុះ សុទ្ធតែរំខានដល់សិទ្ធិ​មនុស្ស។ បរិស្ថានមិនស្អាតនឹងជះផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ និងដោយប្រយោល ដល់សិទ្ធិរស់រានរបស់មនុស្សជាតិ៕
 
 

Tag:
 UN
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com