អន្តរជាតិ
កងទ័ពជើងទឹកថៃ ស្នើឱ្យស្រ្តីកុំពាក់ឈុតប៊ីគីនីនៅឆ្នេររបស់ខ្លួន ដើម្បីគោរពវប្បធម៌ និងប្រពៃណី
29, Jul 2022 , 10:29 pm        
រូបភាព
ឧត្តមនាវីឯក  Pokkrong Monthatpalin អ្នកនាំពាក្យកងទ័ពជើងទឹកថៃ។ រូបភាព៖ Thai PBS World
ឧត្តមនាវីឯក Pokkrong Monthatpalin អ្នកនាំពាក្យកងទ័ពជើងទឹកថៃ។ រូបភាព៖ Thai PBS World
ឧត្តមនាវីឯក  Pokkrong Monthatpalin អ្នកនាំពាក្យកងទ័ពជើងទឹកថៃ នៅថ្ងៃទី២៩ ខែកក្កដា បានលើកឡើងថា កងទ័ពជើងទឹក សូមស្នើឱ្យភ្ញៀវទេសចរកុំពាក់ឈុតប៊ីគីនី ក្នុងពេលមកកម្សាន្តនៅកោះ Samae San ក្នុងខេត្តឈុនបុរី ដែលជាតំបន់របស់កងទ័ពជើងទឹកថៃ។ បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ ការទទូចបែបនេះ ធ្វើឡើងដើម្បីវប្បធម៌ និងប្រពៃណីថៃ។

 
នៅថ្ងៃទី២៧ ខែកក្កដា គណនីបណ្តាសង្គម Facebook មួយ​ បានបង្ហោះពីបដា នៅកោះ Samae San ដែលហាមឃាត់ភ្ញៀវទេសចរពាក់ឈុតប៊ីគីនី។ បន្ទាប់ពីមានការបង្ហោះបែបនេះ លោកឧត្តមនាវីឯក  Pokkrong Monthatpalin អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានចេញមុខបកស្រាយថា ស្លាកសញ្ញានោះ មិនមែនហាមឃាត់ភ្ញៀវទេសចរពាក់ឈុតប៊ីគីនីឡើយ ប៉ុន្តែវាជាការលើកទឹកចិត្តស្រ្តី កុំពាក់ឈុតបែបនោះ។ 
 
បើតាមអ្នកនាំពាក្យកងទ័ពជើងទឹក ការស្នើបែបនេះ ធ្វើឡើងដើម្បីការពារវប្បធម៌ និងប្រពៃណីថៃប៉ុណ្ណោះ។ 
 
«កងទ័ពជើងទឹក សូមស្នើឱ្យភ្ញៀវទេសចរកុំពាក់ឈុតប៊ីគីនីនៅឆ្នេររបស់ខ្លួន ដើម្បីសណ្តាប់ធ្នាប់ និងវប្បធម៌ រួមទាំងប្រពៃណីថៃ»។ លោក Pokkrong បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ពេលនេះ ស្លាកសញ្ញានោះ ត្រូវបានប្តូរចេញហើយ ដោយដាក់បដាថ្មី ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលយល់ពីបំណងរបស់កងទ័ពជើងទឹក ក្នុងការអភិរក្សវប្បធម៌ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍៕ 
 
កោះ Samae San ជាតំបន់មួយ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ប៉ុន្តែវាស្ថិតនៅក្រោមយុត្តាធិការរបស់កងទ័ពជើងទឹកថៃ។ មិនតែប៉ុណ្ណោះ ចំនួនភ្ញៀវទេសចរ ដែលមកកោះនេះ ត្រូវបានកម្រិត និងមិនអនុញ្ញាតឱ្យស្នាក់នៅឡើយ រួមទាំងហាមឃាត់ការបរិភោគស្រា និងជួបជុំមនុស្ស ដែលមានសំឡេងរំខាន៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com