កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឆ្លើយតបពាក្យចចាមអារ៉ាមជាថា បើពួកគេមិននិយាយពីខ្ញុំមួយថ្ងៃ ធ្វើម្ដេចពួកគេអាចរកលុយបាននោះ
29, Jul 2022 , 6:29 pm        
រូបភាព
Cristiano Ronaldo ថ្ងៃទី២៩ ខែកក្កដា បានសរសេរសារឆ្លើយតបលើការបង្ហោះមួយនៅក្នុងបណ្តាញសង្គម Instagram ដែលនិយាយថារូបគេនិងភ្នាក់ងារបានស្នើសុំចាកចេញពីក្លិប Manchester United អំឡុងពេលជួបអ្នកចាត់ការលោក Erik ten Hag កាលពីថ្ងៃទី២៦ កក្កដា ។ Ronaldo អះអាងថា ការផ្សព្វផ្សាយទាំងនោះសុទ្ធសឹងតែជារឿងកុហក។

 
ចាប់តាំងពីក្រុមបិសាចក្រហមចាប់ផ្តើមយុទ្ធនាការហ្វឹកហាត់ត្រៀមការប្រកួតរដូវកាលថ្មី រយៈពេលជាង ១ខែមកនេះ ព័ត៌មានអំពីកីឡាករសញ្ជាតិព័រទុយហ្គាល់បានក្លាយជារឿងដ៏ក្តៅបំផុតមួយ ក្រោយពេលលេចឮថារូបបានស្នើសុំក្លិបចាកចេញ។ Ronaldo មិនបានវិលត្រលប់ចូលរួមហ្វឹកហាត់ នឹងរួមដំណើរជាមួយក្រុម សម្រាប់ការប្រកួតមិត្តភាពទេសចរណ៍ឡើយ ដោយលើកហេតុផល បញ្ហាគ្រួសារ។ 
 
ហេតុផលដ៏ចម្បងមួយនៃការសុំចាកចេញពីសំណាក់កីឡាករវ័យ ៣៧ឆ្នាំ ក៏ព្រោះ Man United មិនមានកៅអីលេងនៅ Champions League ខណៈដែលរូបគេត្រូវកាត់ថ្លៃប្រាក់ពលកម្ម ២៥ភាគរយថែមទៀត។ យ៉ាងណាមិញកាលពីថ្ងៃទី២៦ កក្កដា Ronaldo និងភ្នាក់ងារគឺលោក Jorge Mendes បានធ្វើដំណើរទៅជំរុំហ្វឹកហាត់ ​Carrington ដើម្បីជួបអ្នកចាត់ការក្រុមថ្មីលោក Ten Hag ជជែកគ្នារឿងអនាគតនៅក្រុមបិសាចក្រហម ស្របពេលមានវត្តមានលោក Sir Alex Ferguson ក្នុងនោះដែរ។
 
ពេលថ្មីៗនេះទៀតសោតមានគណនី Instagram មួយដែលមានឈ្មោះថា Cristianoronaldoish បានបង្ហោះសារមួយដោយបានសរសេរថា៖«លោក Mendes ប្រាប់ក្លិប ​Manchester United ថា Ronaldo ទទូចចង់ចាកចេញ។ ប៉ុន្តែ Mandes អះអាងការចរចាដែលថា Ronaldo អាចទទួលបានសិទ្ធិចាកចេញមានភាគរយតិចបំផុត។ លោក Sir Alex Ferguson ចូលខ្លួនអន្តរាគមន៍ ហើយ United អះអាងថា​​ Ronaldo មិនសម្រាប់លក់ឡើយ។»។ 


 
ការបង្ហោះមួយនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ហើយរូបគេបានឆ្លើយតបទៅវិញដោយសរសេរជាមតិ ឬ Comment ថាការផ្សព្វផ្សាយទាំងនោះគឺជាការកុហក។
  
«មិនអាចទៅរួចឡើយបើសិនពួកគេមិននិយាយអំពីខ្ញុំបានមួយថ្ងៃ បើមិនអ៊ីចឹងពួកគេម្តេចនឹងអាចរកលុយបាននោះ។ អ្នកដឹងហើយថាបើមិននិយាយកុហកខ្លះ នោះអ្នកនឹងមិនអាចទាក់ទាញចំណាប់អារម្មណ៍បានឡើយ។ បន្តធ្វើវាទៀតចុះថ្ងៃណាមួយអ្នកនឹងទទួលបានព៏ត៌មានដ៏ត្រឹមត្រូវ។»។ Ronaldo សរសេរបែបនេះ។
 


កាលពីថ្ងៃទី២៧ កក្កដា ខ្សែប្រយុទ្ធរូបនេះធ្លាប់បានឆ្លើយតបចំពោះការបង្ហោះអំពីអ្នកគាំទ្រក្រុម Atletico Madrid ដែលបានលើកបដាតវ៉ាចំពោះព័ត៌មានដែលថា ក្លិបអេស្ប៉ាញមួយនេះចង់បាន Ronaldo ចូលរួមក្រុម។ លើបដានោះបានសរសេរថា «មិនស្វាគមន៍ Ronaldo ឡើយ ឬ Ronaldo Not Welcome» ហើយ Ronaldo ក៏បានឆ្លើយតបដោយបានប្រើរូបភាព «សើច»ត្រលប់ទៅវិញផងដែរ។
  


មកពេលនេះរឿងរ៉ាវទាក់ទងការចាកចេញរបស់ Ronaldo មិនទាន់មានព័ត៌មានផ្លូវការណាមួយឡើយ ខណៈដែលទីផ្សារដោះដូរកីឡាកហៀបនឹងដល់ថ្ងៃបិទ ត្រឹមថ្ងៃទី៣១ កក្កដា។ 
 
អំឡុងការប្រកួតមិត្តភាពទេសចរណ៍នានា លោក Ten Hag ក៏ធ្លាប់បានអះអាងដដែលៗថា Ronaldo មិនសម្រាប់លក់ហើយស្ថិតក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលថ្មី៕
 
 
 
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com