អន្តរជាតិ
ចិន និងរុស្ស៊ី ប្តេជ្ញាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តទ្វេភាគី និងការពារពហុភាគីនិយម
30, Jul 2022 , 11:30 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (ខាងឆ្វេង) និងសមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាពយកពីក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (ខាងឆ្វេង) និងសមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាពយកពីក្រសួងការបរទេសចិន
ដោយ:
រដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ី បានជួបគ្នាក្រៅកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ(SCO) នៅថ្ងៃទី២៨ ខែកក្កដា ដោយបានព្រមព្រៀងគ្នាលើកស្ទួយទំនាក់ទំនងជាយុទ្ធសាស្រ្តទ្វេភាគី និងជជែកពីសារសំខាន់នៃ SCO ក្នុងការរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក។ នេះបើតាមការចុះផ្សាយទូរទស្សន៍រដ្ឋចិន CGTN។

 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី និងសមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី២៨ ខែកក្កដា បានជួបគ្នាក្រៅកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (SCO) ដែលរៀបចំឡើងនៅក្រុងតាស្កិន ទឹកដីអ៊ូសបេគីស្ថាន។ 
 
អំឡុងជំនួបនោះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផង បានសង្កត់ធ្ងន់ពីសារសំខាន់នៃការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ដោយលោកបានយល់ថា វានឹងជួយអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-ចិនប្រកបដោយស្ថិរភាព និងខ្លាំងក្លា ក៏ដូចជាជំរុញឱ្យមានការប្រកាន់ខ្ជាប់ និងអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ព្រមទាំងជួយលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសមធម៌ និងយុត្តិធម៌ជាងមុន។ 
 
មន្រ្តីការទូតចិនរូបនេះ ក៏បានបេ្តជ្ញាធ្វើការជាមួយរុស្ស៊ី និងរដ្ឋសមាជិកSCOដទៃទៀត ដើម្បីធ្វើឱ្យ SCO ក្លាយជាអង្គការមួយដែលការពារយុត្តិធម៌ និងសមធម៌អន្តរជាតិ រក្សាស្ថិរភាពសន្តិភាពក្នុងតំបន់ និងពិភពលោក ក៏ដូចជាជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជួយសា្តរការអភិវឌ្ឍរបស់ពិភពលោកឡើងវិញពីជំងឺកូវីដ-១៩។​ 
 
ចំណែក លោក ឡាវរ៉ូវ បានសរសើរពីភាពមាំទាំនៃទំនាក់ទំនងរុស្ស៊ីជាមួយចិនក្នុងការប្រឈមនឹងការផ្លាស់ប្តូរនៃឥទ្ធិពលពិភពលោក ដែលបានសបញ្ជាក់ពីទំនាក់ទំនងជាប្រពៃណី ​និងសេចក្តីទុកចិត្តទៅវិញទៅមកប្រកបដោយយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
 
លើសពីនេះ ក្នុងកិច្ចសន្ទនានោះ ទាំងក្រុងមូស្គូ និងក្រុងប៉េកាំងប្រកាសថា បានត្រៀមខ្លួនជាស្រេច ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយគ្នា ក៏ដូចជារក្សាសាមគ្គីភាព និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ។ 
 
អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ជាអង្គការអន្តររដ្ឋាភិបាលប្រមូលផ្តុំទៅដោយរដ្ឋសមាជិកផ្លូវការចំនួន ៨ ដែលផលិត និងប្រើប្រាស់ថាមពល និងធញ្ញជាតិដ៏សំខាន់ក្នុងតំបន់អាស៊ី-អឺរ៉ុប រុស្ស៊ី និងចិនបានបង្ហាញពីសារសំខាន់របស់អង្គការ SCO ក្នុងការដោះស្រាយបញ្ហាប្រឈមដូចជាថាមពល និងស្បៀងអាហារសកល។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនគ្នាជុំវិញបញ្ហានៅអាហ្វហ្កានីស្ថានដែលមានឋានៈជាអ្នកអង្កេតការនៅ SCO ផងដែរ ដោយក្រុងប៉េកាំង និងក្រុងមូស្គូបានព្រមព្រៀងគ្នាសម្របសម្រួលទៅលើបញ្ហានៅទីនោះ៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com