ជាតិ
ពីនេះ ពីនោះ
តើអ្នកស្គាល់​ លំដាប់ និងអម្បូរ របស់ត្រីអ្វីខ្លះ?
30, Jul 2022 , 8:00 pm        
រូបភាព
ត្រីដួងចាន់ ឬពុលរលក (Megalops cyprinoides) ។ រូបភាព៖ IFReDI/FiA
ត្រីដួងចាន់ ឬពុលរលក (Megalops cyprinoides) ។ រូបភាព៖ IFReDI/FiA
ដោយ៖ មច្ឆាខ្មែរ
 
នៅក្នុងប្រទេសកម្ពុជា មានប្រភេទត្រីរស់នៅក្នុងទឹកប្រៃ (សមុទ្រ) ត្រីរស់នៅក្នុងទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងត្រីរស់នៅក្នុងទឹកសាប​ (ទន្លេមេគង្គ ឬបឹងទន្លេសាប) ផងដែរ។ ត្រីទាំងនោះ ក៏មានបែងចែកជា​ប្រភេទត្រីឥតស្រកា និងត្រីមានស្រកាផងដែរ។ ដើម្បីងាយសម្គាល់ប្រភេទត្រី អ្នកស្រាវជ្រាវបានបែង​ចែកត្រីជា​ «លំដាប់ Order» ​(សម្រាប់សម្គាល់​លក្ខណៈរូបរាង ទ្រង់ទ្រាយ សណ្ឋាន) និង «អម្បូរ Family» (សម្រាប់សម្គាល់ ពួក ក្រុម និងប្រភេទ)។

 
 
ត្រីការ៉ាវ (Elops hawaiensis)។ រូបភាព៖ IFReDI/FiA
 
ខាងក្រោម​នេះ គឺជាប្រភេទត្រី​ស្ថិតនៅក្នុងលំដាប់ ORDER: ELOPIFORMES ​ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ៖ ​«មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា»។ លំដាប់ (ORDER: EPILOFORMES) មានពីរអម្បូរ (Family) គឺ Elooidae និង Megalopidae។ នៅក្នុងអម្បូរ Elooidae មានពួកមួយឈ្មោះ Elops ត្រូវបានអ្នកស្រាវជ្រាវរកឃើញមានរស់នៅក្នុងតំបន់ទឹកភ្លាវ ក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ «ត្រីការ៉ាវ» ដែលមានឈ្មោះវិទ្យាសាស្ត្រ (Elops hawaiensis) ដែលមានលក្ខណៈសម្គាល់ដូចជា ពេលនៅជាកូនត្រីតូចៗ ខ្លួនរបស់វាសម្បុរថ្លា។ ពេលធំពេញវ័យ ដងខ្លួនរបស់វា មានរៀងទ្រវែងស្ដើង សម្បុរប្រាក់ មានស្រកាល្អិតៗ។ ​នៅចន្លោះឆ្អឹងថ្គាម មានដុំសាច់សំប៉ែតធំមួយ។ វាមានប្រវែងដងខ្លួនទូទៅ ​តូចជាង ៥០ ស.ម ហើយពួកវារស់នៅក្នុងតំបន់ទឹកភ្លាវ។
 
ចំណែកនៅក្នុងអម្បូរ Megalopidae មានពួកមួយឈ្មោះ Megalops ត្រូវបានអ្នកស្រាវជ្រាវរកឃើញមានរស់នៅក្នុងតំបន់ទឹកភ្លាវភាគខាងលិច ក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ «ត្រីដួងចាន់ ឬពុលរលក» ដែលមានឈ្មោះវិទ្យាសាស្ត្រ (Megalops cyprinoides) ដែលមានលក្ខណៈសម្គាល់ដូចជា មានលក្ខណៈ​ កន្ទុយរបស់វាឆែក នៅជាប់នឹងព្រុយទ្រនុងខ្នង មានព្រុយមួយ​លយវែងទៅក្រោយ មានដុំសាច់សំប៉ែតធំមួយនៅចន្លោះឆ្អឹងថ្គាម និងមានប្រវែងដងខ្លួនទូទៅតូចជាង ៣០ ស.ម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com