ជាតិ
សង្គមជាតិ
«សំរាម» នៅខ្នងផ្សា ព្រោះអ្នកទេសចរ ឬខ្វះធុងសំរាម?
31, Jul 2022 , 8:57 am        
រូបភាព
ដោយ:
រយៈពេល៦ខែនៃឆ្នាំ២០២២ ភ្ញៀវទេសចរទៅខ្នងផ្សាប្រមាណ ៨ពាន់នាក់។ ជាមួយកំណើនភ្ញៀវទេសចរ បញ្ហាសំរាមក៏មានទន្ទឹមគ្នានេះដែរ។ ប្រជាសហគមន៍ និងទេសចរមួយចំនួន ថា​បញ្ហាសំរាម ព្រោះអ្នកឡើងភ្នំមួយចំនួនយកគ្រឿងបរិភោគទៅលើភ្នំ ហើយមិនយកសំរាមចុះមកវិញ។​ ជាមួយគ្នានេះ កង្វះធុងសំរាម ក៏ធ្វើឱ្យសំរាមនៅរាយតាមផ្លូវឡើងទៅខ្នងផ្សា។


ខ្នងផ្សា ជាតំបន់ទេសចរណ៍បែបផ្សងព្រេង ដែលភ្ញៀវទេសចរត្រូវចំណាយពេលឡើងភ្នំ ស្ពាយសម្ភារៈ​ និងគ្រឿងបរិភោគ សម្រាប់យកទៅបោះតង់សម្រាកនៅលើភ្នំ។ អ្នកខ្លះស្ពាយសម្ភារៈ ១គីឡូក្រាម ខ្លះ២គីឡូក្រាម​​ ខ្លះច្រើនជាងនេះ និងអ្នកខ្លះទៀតជួលប្រជាសហគមន៍ឱ្យស្ពាយសម្ភារៈតែម្ដង។ ទេសចរខ្លះអាចស្ពាយសម្ភារៈសម្រាប់ឡើងភ្នំបាន​​ តែមិនអាចយកសំរាមចុះមកក្រោមវិញបាន។
 
លោក យ៉ែម រក្សា ជាទេសចរមួយរូបដែល​ធ្លាប់​ឡើងភ្នំខ្នងផ្សា ប្រាប់សារព័ត៌មានThmeyThmey25ថា​ ភ្ញៀវទេសចរខ្លះចោលសំរាមរាយប៉ាយ។ ទេសចររូបនេះ បន្តថា នៅខ្នងផ្សាកន្លែងណាដែលមានអ្នកបោះតង់ច្រើនកន្លែងនោះមានសំរាមច្រើនជាងគេ។  សំរាមទាំងនោះជារបស់ភ្ញៀវទេសចរ ដែលបានយកអាហារទៅបរិភោគនៅលើភ្នំ ហើយមិនយកកាកសំណល់មកបោះចោលនៅកន្លែងរបស់សហគមន៍នោះទេ។

 
លោក យ៉ែម រក្សា សមាជិកក្រុម Gang Trip ដែលបានទៅតំបន់ខ្នងផ្សា

យុវជនវ័យ២៣ឆ្នាំរូបនេះ ថាសំរាមរាយប៉ាយនៅតាមដងផ្លូវឡើងទៅខ្នងផ្សា មិនមែនមកពីកត្តាខ្វះធុងសំរាមឡើយ ប៉ុន្តែមកពីទេសចរខ្លួនឯង។ «សំរាមទាំងនោះគឺមកពីទេសចរ។ យើងដឹងហើយថាទៅលេងខ្នងផ្សា គឺត្រូវចូលព្រៃ ហើយបើយើងបន្ទោសថាគ្មានធុងសំរាមនោះគឺអត់ត្រូវទេ ព្រោះមិនមែននៅទីប្រជុំជនទេ ។ អ៊ីចឹងទេសចរគួរជួយសម្អាត។ និយាយទៅសំរាមមានតាំងពីផ្លូវចូលដល់លើ ព្រោះទេសចរដើរតាមផ្លូវគាត់បោះសំរាម។ អ្នកទីមួយបោះ អ្នកទីពីរបោះ ដូច្នេះសំរាមវានៅគរតាមផ្លូវ»។ នេះការលើកឡើងរបស់លោក យ៉ែម រក្សា។
 
អ្នកចូលចិត្តដំណើរកម្សាន្ត​បែប​ផ្សងព្រេងរូបនេះ​ បានឃើញប្រជាសហគមន៍ និងអាជ្ញាធរនៅទីនោះសហការគ្នាប្រ​មូលសំរាម ដែលទេសចរបោះចោលតាមផ្លូវ។ កំណើនទេសចរនៅខ្នងផ្សាធ្វើឱ្យការគ្រប់គ្រងសំរាមមិនបានល្អខ្លាំងនោះទេ​ ប៉ុន្តែបច្ចុប្បន្នទេសចរមួយចំនួនធំក៏បានគិតពីបញ្ហាបរិស្ថានដែរ។ មួយវិញទៀតទេសចរមួយចំនួនបែរជាឈប់ចុះឈ្មោះជាមួយសហគមន៍ ពេលឡើងភ្នំទៀតហើយ ដូច្នេះមគ្គទេសក៍សហគមន៍ មិនបានទៅតាមភ្ញៀវទេសចរ និងប្រមូលសំរាមនោះទេ។
 
លោក យ៉ែម រក្សា លើក​ឡើងថា៖«យើងគួរគិតគូរដែរ ពីជីវភាពរបស់ប្រជាជនក្នុងសហគមន៍ បានន័យថាយើងទៅខ្នងផ្សាគួរជួលពួកគាត់ផ្ដល់ចំណូលឱ្យពួកគាត់ មិនមែនយើងធ្លាប់ទៅហើយ បែរជាធ្វើឱ្យបាត់បង់ចំណូលពួកគាត់។ ភ្ញៀវដែលឡើងទៅគួរចុះឈ្មោះជាមួយអាជ្ញាធរឱ្យបានត្រឹមត្រូវ»។
 
ជាមួយគ្នានេះ កញ្ញា សេង សុភា ភ្ញៀវទេសចរមួយរូបទៀត ក៏មើលឃើញពីបញ្ហាសំរាមនៅខ្នងផ្សាដែរ។ កញ្ញា អះអាងថា នៅលើភ្នំតែម្ដងមិនមានសំរាមច្រើនទេ ប៉ុន្តែសំរាមភាគច្រើនគឺនៅតាមផ្លូវឡើងទៅភ្នំខ្នងផ្សា។​
 
សំរាមទាំងនោះជារបស់ភ្ញៀវទេសចរ ដែលយករបស់ទៅបរិភោគនៅលើភ្នំ និងបោះចោលកាកសំណល់នៅតាមផ្លូវ។ នៅតាមផ្លូវឡើងភ្នំ មានបាវដាក់សំរាមដែលសហគមន៍ចងជាប់ដើមឈើ។ បាវដាក់សំរាមនោះ មិនអាចដាក់សំរាមបានយូរនោះទេ។
 
កញ្ញា សេង សុភា រៀបរាប់ដូច្នេះ៖ «សំរាមនៅលើភ្នំអត់សូវមានបញ្ហាទេ ព្រោះអ្នកទៅតាមក្រុមគេនាំគ្នាប្រមូលដុតចោល តែអ្វីដែលគួរឱ្យព្រួយបារម្ភគឺសំរាមនៅតាមផ្លូវ។ សំរាមនៅតាមផ្លូវគឺដោយសារអ្នកទេសចរ។ គាត់យករបស់ទៅច្រើន ពេលធ្ងន់ពេក គាត់បោះចោលតាមផ្លូវខ្លះ។ ធុងសំរាមនៅតាមផ្លូវជាបាវគេចងជាប់ដើមឈើ ដូច្នេះវាអត់ជាប់ទេ ពេលមានភ្លៀងបាវនោះផុយរលួយជាមួយសំរាម»។

 
កញ្ញា សេង សុភា អ្នកទេសចរដែលធ្លាប់ទៅតំបន់ខ្នងផ្សា

បើតាមកញ្ញា សេង សុភា ភ្ញៀវទេសចរ គួរប្រមូលសំរាមរបស់ខ្លួនចុះមកក្រោមវិញ និងសម្អាតកន្លែងដែលខ្លួនសម្រាក។ លើសពីនេះ ប្រជាជន​នៅក្នុងសហគមន៍ និងមន្ត្រីបរិស្ថានក៏គួរសហការគ្នាប្រមូលសំរាម ដែលហូរចេញពីធុងសំរាម ដែលនៅតាមផ្លូវឡើងទៅខ្នងផ្សា។ ប្រជាជនក្នុងសហគមន៍គួរទទួលបានការបណ្ដុះបណ្ដាលពីការទុកដាក់សំរាម ហើយធុងសំរាមគួរមានច្រើនជាងនេះ។
 
យ៉ាងណាមិញបើតាម លោក ជួន ភិរម្យ ដែលធ្លាប់ដើរប្រមូលសំរាមនៅខ្នងផ្សា យល់ថាបញ្ហាសំរាមមកពីកត្តាទេសចរ និងកង្វះធុងសំរាម។ តំបន់ខ្នងផ្សាជាទីតាំងទេសចរណ៍ល្បីល្បាញ ដែលមានទេសចរទៅកម្សាន្តជាប្រចាំ ហើយក្នុងនោះក៏មានទេសចរមួយចំនួនតូចមិនធ្លាប់មានបទពិសោធផ្សងព្រេង ជាហេតុធ្វើឱ្យពួកគេមិនមានរបៀបទុកដាក់សំរាមត្រឹមត្រូវ។

 
 
លោក ជួន ភិរម្យ

ធុងសំរាមគួរតែត្រូវបានដាក់នៅតាមផ្លូវ និងកន្លែងដែលមានអ្នកបោះតង់សម្រាកច្រើន ដើម្បីសម្រួលដល់ភ្ញៀវទេសចរ។ ជាទូទៅសំរាមមិនមែនរាយពាសពេញភ្នំខ្នងផ្សាឡើយ ប៉ុន្តែសំរាមទាំងនោះសម្បូរនៅកន្លែងដែលមានទេសចរច្រើន។​ «អាជ្ញាធរគួរដាក់ធុងសំរាមនៅតាមកន្លែងដែលគួរមាន។ ហើយធុងសំរាមជារឿងមួយ ប៉ុន្តែទេសចរខ្លួនឯងត្រូវមានទំនួលខុសត្រូវគ្រប់គ្រងសំរាមរបស់ខ្លួន។ ចំណែកសហគមន៍ក៏គួរចូលរួមប្រមូលសំរាមដែរ»។ នេះជាការលើកឡើង​របស់លោក ជួន ភិរម្យ។
 
កន្លងមកប្រជាជនក្នុងសហគមន៍បានប្រមូលសំរាម និងបានយកសំរាមពីលើភ្នំចុះមកដាក់ធុកសំរាមនៅសហគមន៍។ ប៉ុន្តែទិន្នន័យភ្ញៀវទេសចរច្រើនធ្វើឱ្យសហគមន៍មិនមានកម្លាំងច្រើនសម្រាប់ប្រមូលសំរាមឱ្យអស់នោះទេ។ ចំណែកការខ្វះខាតធុងសំរាមក៏ធ្វើឱ្យប្រជាសហគមន៍ពិបាកក្នុងការប្រមូលសំរាមផងដែរ​។
 
​លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពង់ខ្នងផ្សា​ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសំរាមនៅតំបន់ខ្នងផ្សានេះដែរ ខណៈសំរាមនៅតាមផ្លូវនៅតែមាន ហើយធុងសំរាមនៅខ្វះខាត។ កន្លងមកសហគមន៍បានព្យាយាមយកបាវ ទៅដាក់នៅតាមផ្លូវសម្រាប់ឱ្យទេសចរដាក់សំរាម ប៉ុន្តែបាវទាំងនោះមិនគ្រប់គ្រាន់នោះទេ។ ចំណែកទេសចរខ្លះក៏មិនបោះសំរាមចូលក្នុងបាវនោះដែរ។
 
«បញ្ហាសំរាមនៅតែមាន ភ្ញៀវគាត់ឡើងទៅពេលហត់ គាត់អត់យកចុះមកវិញទេ។ យើងព្យាយាមដាក់ធុងសំរាមហើយ ប៉ុន្តែទេសចរខ្លះអត់ចោលទេ។ បច្ចុប្បន្នយើងខ្វះធុងសំរាមដាក់នៅខ្នងភ្នំ​»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សៅ ដោយបន្ថែមថា បច្ចុប្បន្នទេសចរមួយចំនួនក៏បានយល់ពីបញ្ហាបរិស្ថាននេះច្រើនដែរ ។ ទេសចរទាំងនោះបានសម្រួលដល់ការសម្អាត ដែលមិនដាក់បន្ទុកលើសហគមន៍ពេកនោះទេ។
 
ជុំវិញបញ្ហាខ្វះធុងសំរាមនៅតំបន់ខ្នងផ្សា លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថាមិនមែនជាការងាររបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺឡើយ។ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះ៖ «ខ្ញុំក្ដាប់អត់បានទេ ព្រោះខ្នងផ្សាដីខាងកោះកុងច្រើនជាង ពួកខ្ញុំមានតែបន្តិចទេ តែខ្ញុំចេះតែប្រឹងជួយធ្វើបន្ទប់ទឹកឱ្យ​។ ខ្ញុំមិនមែនអ្នកកាន់ខាងធុងសំរាមទេ ខ្ញុំម៉េចដឹង»។
 
យ៉ាងណាមិញបើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ហាសំរាមនៅតាមរមណីយដ្ឋានទេសចរណ៍ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ នៅតែជាកង្វល់របស់ក្រសួង។ ប៉ុន្តែលោកសង្កេតឃើញថា បច្ចុប្បន្នភ្ញៀវទេសចរបានយល់ពីផលប៉ះពាល់ច្រើនជាងមុន។ សំរាមដែលនៅសេសសល់ ព្រោះអ្នកទេសចរមួយចំនួនតូច យកគ្រឿងបរិភោគទៅលើភ្នំ ឬកន្លែងកម្សាន្តហើយទុកដាក់កាកសំណល់មិនបានល្អ។
 
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បន្ថែមដូច្នេះ៖ «ក្រសួងស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលដាក់ចិត្តស្រឡាញ់ធនធានធម្មជាតិ ពេលទៅទស្សនាសូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ចំណែករឿងធុងសំរាម ក្រសួងបានឱ្យមន្ទីរបរិស្ថានតាមខេត្តនីមួយៗដែលមានតំបន់ការពារធម្មជាតិ សហការជាមួយសហគមន៍ដាក់ធុងសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ»។
 
បើតាមលោក នេត្រ ភក្រ្តា ក្នុងមួយថ្ងៃកម្ពុជាមានសំរាម ជាង១ម៉ឺនតោន ដែល១ឆ្នាំ កម្ពុជាមានសំរាមជាង ៤លានតោន ក្នុងនោះសំរាមសរីរាង្គ មានប្រមាណ ៦៥ភាគរយ ​និងប្រមាណ ២០ភាគរយជាសំណល់ប្លាស្ទិក ហើយប្រមាណ១០ភាគរយទៀតជា សំណល់រឹង។​
 
សូមជម្រាបផងដែរថា បច្ចុប្បន្នក្រសួងបរិស្ថាន គ្រប់គ្រងតំបន់ការពារធម្មជាតិ ៧១កន្លែងដែលមានផ្ទៃដីប្រមាណ៧លាន ២សែនហិកតា។ ក្រសួងបានបង្កើតសហគមន៍ការពារធម្មជាតិ ១៣២កន្លែង ក្នុងនោះ៣៦សហគមន៍បានបម្រើសេវាកម្មទេសចរណ៍។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានកំពុងធ្វើការលើគម្រោងអភិវឌ្ឍអេកូទេសចរណ៍ ១៨គម្រោងធំៗ និងគម្រោងតូចៗចំនួន ១៩៦៕
 
 សំរាមនៅខ្នងផ្សា ដែលលោក ជួន ភិរម្យ បានប្រមូល
 

Tag:
 សំរាម
  ខ្នងផ្សា
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com