អន្តរជាតិ
Kyodo៖ រដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន នឹងជួបពិភាក្សាដោយផ្ទាល់នៅកម្ពុជា
31, Jul 2022 , 4:40 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (ខាងឆ្វេង) និងសមភាគីចិន លោក វ៉ាង យី។ រូបភាព៖ AFP និង Kyodo
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (ខាងឆ្វេង) និងសមភាគីចិន លោក វ៉ាង យី។ រូបភាព៖ AFP និង Kyodo
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី និងសមភាគីចិន លោក វ៉ាង យី នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅក្រុងភ្នំពេញ។ តាមប្រភពរដ្ឋាភិបាលជប៉ុន រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ នឹងជួបគ្នានៅថ្ងៃទី៤ ខែសីហា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី៣០ ខែកក្កដា។

 
ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា កម្ពុជា រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងប្រទេសជាដៃគូផ្សេងទៀត។ ក្នុងអំឡុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសផ្សេងៗ នឹងមានជំនួបទ្វេភាគីជាមួយគ្នា ដើម្បីជជែកពីបញ្ហាផ្សេងៗ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី និងសមភាគីចិន លោក វ៉ាង យី នឹងមានជំនួបទ្វេភាគីដោយផ្ទាល់មួយ នៅថ្ងៃទី៤ ខែសីហា។ 
 
បញ្ហាដែលប្រមុខការទូតប្រទេសជិងខាងទាំងពីរ អាចលើកយកមកពិភាក្សាមានដូចជា វត្តមាននាវាល្បាតចិននៅក្នុងដែនទឹកជប៉ុន, ការទាមទារប្រជុំកោះ Senkaku ឬចិនហៅ Diaoyu និងសកម្មភាពយោធាចិន នៅជិតដែនទឹកជប៉ុនជាដើម។ មិនតែប៉ុណ្ណោះ លោក ហាយ៉ាស៊ី អាចនឹងលើកបញ្ហាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន, តៃវ៉ាន់ រួមទាំងមីស៊ីល និងលទ្ធភាពសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផង។ 
 
នេះជាជំនួបជួបផ្ទាល់ថ្នាក់រដ្ឋមន្រ្តីការបរទេសជប៉ុន-ចិន លើកទី១ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ និងមុនពេលប្រទេសទាំងពីរ មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៥០ឆ្នាំ។ 
 
ក្រៅពីជំនួបជាមួយសមភាគីចិន រដ្ឋមន្រ្តីការបរទេសជប៉ុន គ្រោងមានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងជំនួបត្រីភាគីរវាងសមភាគីអាម៉េរិក និងអូស្រ្តាលី ថែមទៀត៕ 
 

Tag:
 ជប៉ុន
  ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com