ជាតិ
សង្គមជាតិ
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ត្រូវការជំនួយ និងការចូលរួមពីគ្រប់ទី ដើម្បីជំរុញប្រសិទ្ធភាពនៃការអភិរក្ស
31, Jul 2022 , 7:00 pm        
រូបភាព
 ព្រៃឈើ និងព្រៃលិចទឹកក្នុងព្រៃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ
ព្រៃឈើ និងព្រៃលិចទឹកក្នុងព្រៃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ
ដោយ:
ឧត្តរមានជ័យ៖ ​ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដី៣០២៥៤ហិកតា សម្បូរដោយព្រៃឈើ និងសត្វព្រៃ។ ទីតាំងនេះ អាចជាកន្លែងចុងក្រោយក្នុងខេត្តឧត្តរមាន​ជ័យ ដែលនៅសេសសល់ព្រៃឈើច្រើន អាចឱ្យសត្វ និងមនុស្សអាស្រ័យផល។ ទន្ទឹមនេះ ព្រះសង្ឃ និងគណៈកម្មការកំពុងត្រូវការការចូលរួម ដើម្បីជំរុញដល់សកម្មភាពនៃការការពារ និងការអភិរក្សព្រៃឈើ និងសត្វ។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងកញ្ញា ប៉ូ សុភា នៃសារព័ត៌មានThmeythmey25 និងព្រះតេជព្រះគុណ ថូ ធូររស់ ប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដូចតទៅ៖ 
ព្រះតេជព្រះគុណ ថូ ធូររស់ ប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានប្រាប់សារព័ត៌មាន ThmeyThmey25ថា បច្ចុប្បន្នព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដីសរុបមាន ៣០២៥៤ហិកតា។ ទំហំដីនេះជាការរួមបញ្ចូលរវាងសហគមន៍ចំនួនពីរ គឺព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងសហគមន៍ព្រៃឈើរតនៈរុក្ខា។ ប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានពន្យល់ថា កន្លងមកសកម្មភាពនៃការការពារធំៗរួមមាន ការកាយព្រំ ដើម្បីការពារដីព្រៃសង្ឃរុក្ខាវ័នទំហំ១៨២៦១ហិកតា និងសកម្មភាពការល្បាតលើផ្ទៃទឹក និងផ្ទៃដីគោក។
 
«សម្មភាពកាយព្រំនៅក្នុងព្រៃសង្ឃ រួចរាល់ជាង៩០ភាគរយ។ ទំហំសរុបដែលត្រូវកាយមាន១៨២៦១ហិកតា ពេលនេះសល់ត្រឹម១៦ហិកតាប៉ុណ្ណោះ។  ចំណែកឯ សកម្មភាពល្បាត បច្ចុប្បន្នសហគមន៍ទាំងពីរធ្វើការរួមគ្នាលើកិច្ចការពារព្រៃ និងសត្វព្រៃ ដូចជាសកម្មភាពល្បាត ដោះអន្ទាក់ ចាប់បទល្មើសកាប់ឈើ បំផ្លាញព្រៃជារៀងរាល់ថ្ងៃ»។ ថេរដីកាព្រះតេជព្រះគុណ ថូ ធូររស់ លើកឡើងបែបនេះ​ ដោយបន្ថែមថានៅក្នុងព្រៃសង្ឃមានផ្ទៃដីធំ ដូច្នេះការល្បាតកំពុងជួបផលលំបាកមួយចំនួនដូចជា ទីមួយពាក់ព័ន្ធមធ្យោបាយនៃការល្បាត ទីពីរទាក់ទងការចំណាយជាប្រចាំសម្រាប់ការផ្គត់ផ្គង់លើការល្បាត។
 
ព្រៃឈើ និងព្រៃលិចទឹកក្នុងព្រៃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ 
​បច្ចុប្បន្នកិច្ចការពារព្រៃឈើ បានទទួលជំនួយថវិកា​ពីអង្គការដៃគូមួយចំនួន ប៉ុន្ដែកញ្ចប់នោះមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់លើសកម្មភាពល្បាតប្រចាំថ្ងៃឡើយ។ លើសពីនេះនៅក្នុងរដូវវស្សាសកម្មភាពល្បាតអាចជួបបញ្ហាជាងរដូវប្រាំង។ ព្រះតេជព្រះគុណ ថូ ធូររស់ មានថេរដីការដូច្នេះ៖​  «​ នៅរដូវវស្សានេះនៅក្នុងព្រៃផ្លូវកាន់លំបាក សមាជិកខ្វះសម្ភារៈក្នុងពេលល្បាត ដូចជា សាំង ម៉ាស៊ូត តង់ និងសម្លៀកបំពាក់ និងសម្ភារៈជាតម្រូវការមួយចំនួនទៀត»។
រូបភាពព្រៃមួយផ្នែកនៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន 
ទន្ទឹមនឹងផលលំបាកខាងលើ សហគមន៍ក៏កំពុងជួបបញ្ហាមួយចំនួន កើតចេញពីពលរដ្ឋខ្លះរស់នៅជុំវិញព្រៃសង្ឃសហគមន៍ មិនចូលរួមបានស្វែងយល់ និងមិនចូលរួមសកម្មភាពការពារ និងអភិរក្សជីវៈចម្រុះ។ បន្ថែម​លើនេះ ពួកគាត់បានក្លាយជាអ្នកប្រព្រឹត្តិបទល្មើសសកម្ម ក្នុងការបំផ្លាញធនធាននៅក្នុងសហគមន៍៕   
 
កំណាត់ឈើដាក់ឆ្លងព្រំ ដោយជនល្មើសនៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន


 

Tag:
 ព្រៃសង្ឃសហគមន៍រុក្ខាវ័ន
  ល្បាតព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com