អន្តរជាតិ
ប្រមុខការពារជាតិចិន៖ កងទ័ពចិន​ចូលរួមយ៉ាងសំខាន់ ក្នុងការការពារសន្តិភាពក្នុងពិភពលោក
01, Aug 2022 , 10:13 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វឹងហឺ។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វឹងហឺ។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វឹងហឺ នៅថ្ងៃទី៣១ ខែកក្កដា បានលើកឡើងថា កងទ័ពរំដោះប្រជាជនចិន បានគាំទ្រកិច្ចខិតខំក្នុងការការពារអធិបតេយ្យជាតិ និងប្រយោជន៍សន្តិសុខ រួមទាំងការអភិវឌ្ឍរបស់ចិន។ បើតាមលោកវៃ កងទ័ពចិន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារសន្តិភាព និងភាពស្ងៀមស្ងាត់នៅក្នុងពិភពលោក។

 
នៅថ្ងៃទី១ ខែសីហា ចិន ប្រារព្ធខួបលើកទី៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA)។ មុនថ្ងៃនេះមួយថ្ងៃ ចិនបានរៀបចំពិធីបដិសណ្ឋារកិច្ចមួយនៅមហាវិមានប្រជាជន ក្នុងក្រុងប៉េកាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំចិនជាច្រើនរូប ក្នុងនោះមានលោកស៊ី ជិនភីង ប្រធានាធិបតីចិន និងលោក លី ខឺឈាំង នាយករដ្ឋមន្រ្តីចិនផង។  
 
ក្នុងពិធីដ៏សំខាន់នេះ លោក វៃ ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន បានថ្លែងថា ក្នុងរយៈពេល ៩៥ឆ្នាំមកនេះ យោធាចិន បានសម្រេចគោលដៅជាច្រើន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន រួមទាំងធ្វើឱ្យប្រទេសមានវិបុលភាព និងរឹងមាំ។ ទន្ទឹមនេះ លោកវៃ បានបន្តថា កងទ័ពចិន បានការពារអធិបតេយ្យជាតិ ផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍ រួមទាំងសន្តិភាពក្នុងពិភពលោក។ 
 
«កងទ័ពរំដោះប្រជាជនចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិភាព និងភាពស្ងៀមស្ងាត់នៅក្នុងពិភពលោក»។ ប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់បែបនេះ ដោយជំរុញឱ្យកងទ័ពចិនគោរពយ៉ាងម៉ត់ចត់តាមគំនិតរបស់លោកស៊ី ជិនភីង ប្រធានាធិបតីចិន លើការពង្រឹងកម្លាំងយោធា រួមទាំងការធ្វើទំនើបកម្មកម្លាំងទ័ព។ ទន្ទឹមនេះ លោកវៃ ក៏បានបង្ហាញការគោរពដោយយោធាចាស់ៗ និងតំណាងយោធាផង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។
 
តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ចិន នៅក្នុងឆ្នាំ២០២១ បានចំណាយថវិកាលើវិស័យយោធាចំនួន ២៩៣ពាន់លានដុល្លារ។ នេះជាការបង្កើនការចំណាយរយៈពេល ២៧ឆ្នាំជាប់ៗគ្នា។ ការបង្កើនការចំណាយនេះ ធ្វើឡើងស្របពេលមេដឹកនាំចិន បានប្តេជ្ញាធ្វើទំនើបកម្មយោធាចិន ឱ្យក្លាយជាកងកម្លាំងលំដាប់ពិភពលោក។ 
 
ទន្ទឹមនេះ ចិន មានកម្លាំងយោធាច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយមានកម្លាំងទ័ពសកម្មប្រមាណ ២លាននាក់ ខណៈឥណ្ឌា អាម៉េរិក និងកូរ៉េខាងជើង មានជាង ១លាននាក់៕​
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com