អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី៖ គ្មានភាគីណាមួយ ឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ
02, Aug 2022 , 4:59 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១ ខែសីហា បានព្រមានថា គ្មានប្រទេសណាមួយ អាចឈ្នះឡើយ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរ។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពល បានជំរុញឱ្យភាគីទាំងអស់ រក្សាសន្តិសុខ និងកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។

 
ស្របពេលសន្និសីទពិនិត្យឡើងវិញលើការអនុវត្តសន្និសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែររៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១ ខែសីហា បានផ្ញើលិខិតមួយជុំវិញបញ្ហានុយក្លេអ៊ែរ ទៅកាន់វេទិកាដ៏សំខាន់មួយនេះ។ ក្នុងលិខិតនោះ មេដឹកនាំរុស្ស៊ី បានព្រមានថា គ្មានប្រទេសណាមួយអាចឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរបានឡើយ។ 
 
«យើងយល់ពីការពិតថា គ្មានអ្នកឈ្នះឡើយ ក្នុងសង្រ្គាមនុយក្លេអ៊ែរ ហើយសង្រ្គាមនេះ មិនគួរឱ្យកើតមាននោះទេ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រុស្ស៊ីគាំទ្រសន្តិសុខដោយសមភាពសម្រាប់សមាជិកទាំងអស់ នៅក្នុងសហគមន៍អន្តរជាតិ។ 
 
ការព្រមានរបស់លោកពូទីនបែបនេះ ធ្វើឡើងស្របពេលរុស្ស៊ីបន្តវាយប្រហារនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន។ ដោយសារតែសង្រ្គាមមួយនេះ លោកពូទីន រួមទាំងមេដឹកនាំរុស្ស៊ីផ្សេងទៀត បានព្រមានពីលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនប្រទេសលោកខាងលិចហ៊ានបញ្ជូនកម្លាំងយោធាជួយអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែលនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានចាត់ទុករុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ បានបង្កបញ្ហាប្រឈមជាច្រើនដល់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ ដោយឡែក ប្រមុខ UN វិញ បានយល់ថា ប្រទេសជាច្រើន កំពុងស្វះស្វែងរកសន្តិសុខក្លែងក្លាយ តាមរយៈការស្តុក និងការចំណាយលុយជាច្រើនពាន់លានដុល្លារលើអាវុធ ដែលមិនគួរមានលើពិភពលោក៕
 

Tag:
 រុស្ស៊ី
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com