ជាតិ
​​​ន​យោ​បាយ​ជាតិ​
សវនាការត្រូវផ្អាក ដោយសារមេធាវីម្នាក់របស់លោក កឹម សុខា ប៉ះពាល់អ្នកសង្ស័យកើតកូវីដ
03, Aug 2022 , 12:14 pm        
រូបភាព
ដោយ៖ ទេពញាណ

សហមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានដាក់លលិខិតស្នើសុំផ្អាកសវនាការ ដែលត្រូវប្រព្រឹត្តទៅតាមទម្លាប់ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ហើយតុលាការ ក៏យល់ព្រម។ មូលហេតុ គឺដោយសារមានមេធាវីម្នាក់ក្នុងចំណោមមេធាវី៤នាក់របស់លោក កឹម សុខា បានទៅជួបអ្នកដែលសង្ស័យមានសញ្ញាឆ្លងជំងឺកូវីដ-១៩។


 
លោក ផែង ហេង មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័តមានថ្មីៗថា បន្ទាប់ពីមេធាវីជាសហការីរបស់លោករូបនោះ បានទៅជួបអ្នកដែលសង្ស័យមានសញ្ញាឆ្លងជំងឺកូវីដ-១៩រួចហើយ ក្រុមលោក បានជួបពិភាក្សាគ្នា។ ដូច្នេះ ដោយបារម្ភខ្លាចមានករណីឆ្លងជំងឺកូវីដ-១៩ ដល់មេធាវីណាម្នាក់ ហើយអាចបង្កការប៉ះពាល់ដល់ដទៃ ទើបក្រុមមេធាវីរបស់លោក កឹម សុខា សម្រេចសុំផ្អាកសវនាការ។ 
 
យ៉ាងណា លោក ផែង ហេង អះអាងថា មកដល់ពេលនេះ ក្នុងចំណោមក្រុមមេធាវីរបស់លោក ពុំមានអ្នកណាម្នាក់មានសញ្ញាសង្ស័យពីការឆ្លងជំងឺកូវីដ-១៩នោះទេ។ លោក បញ្ជាក់ថា៖«យើង មិនចង់រំខានក្នុងសវនាការ ខ្លាចចៃដន្យ យើងឆ្លងទៅ គេបន្ទោសយើង»។ 
 
សវនាការរបស់លោក កឹម សុខា ត្រូវបានផ្អាក៣ដងរួចមកហើយ ដោយ២ដង ស្នើសុំដោយមេធាវីរបស់រដ្ឋាភិបាល និង១ដង ស្នើសុំដោយតំណាងអយ្យការ។ គិតមកដល់ដើមខែសីហា ឆ្នាំ២០២២ សវនាការរបស់លោក ប្រព្រឹត្តទៅបាន៥០លើកហើយ តែពុំទាន់ឈានដល់ការធ្វើសេចក្តីសម្រេចឡើយ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com