ជាតិ
កម្ពុជាព្រួយបារម្ភពីភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់
03, Aug 2022 , 10:57 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ដោយ: រួបរួម
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី៣ ខែសីហានេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់។

 
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កម្ពុជា បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងចិន និងសហរដ្ឋអាម៉េរិក។
 
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ប្រកាស់បន្តប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់ចិន។
 
«សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»។ នេះជាការចង់បានរបស់រដ្ឋាភិបាលកម្ពុជា។

ការប្រឈមមុខដាក់គ្នារវាងអាម៉េរិក និងចិន លើបញ្ហាតៃវ៉ាន់ កើតឡើងដោយសារតែមានដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ហើយនៅយប់ថ្ងៃទី២ ខែសីហា។ 
 
នេះជាទស្សនកិច្ចរបស់មន្ត្រីអាម៉េរិកមានឋានៈខ្ពស់មួយ ទៅតៃវ៉ាន់លើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៧។ កាលឆ្នាំនោះ លោក Newt Gingrich ប្រធានសភាតំណាងអាម៉េរិក ក៏បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែរ។ 
 
ស្របគ្នានេះ ក្រសួងការបរទេសចិន ក្នុងថ្ងៃទី២ ខែសីហា បានថ្កោសទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងនៅតៃវ៉ាន់។ បើតាមក្រសួងការបរទេស ក្រុងប៉េកាំង បានដាក់ពាក្យតវ៉ារួចហើយជាមួយក្រុងវ៉ាស៊ីនតោន។ 
 
ស្របពេលមានដំណើរទស្សនកិច្ចនេះ ទូរទស្សន៍ចិន CGTN បានចុះផ្សាយថា យន្តហោះចម្បាំងចិន SU-35 បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ 
 
មុនដំណើរទស្សនកិច្ចនេះ ចិនបានព្រមានជាច្រើនលើកថា អាម៉េរិកទទួលតែខុសត្រូវ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានប្រាប់សមភាគីអាម៉េរិក លោក ចូ បៃឌិន ដោយផ្ទាល់ថា ប្រទេសណាលេងជាមួយភ្លើង ប្រទេសនោះនឹងរលាក៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com