កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖កីឡាការិនី ងួន រតនា រកបានមេដាយទី២ លើវីញ្ញាសារត់ចម្ងាយ
04, Aug 2022 , 4:09 pm        
រូបភាព
កីឡាការិនីកម្ពុជា ងួន រតនា ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T46 (រូបពី Cambodia2023)
កីឡាការិនីកម្ពុជា ងួន រតនា ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T46 (រូបពី Cambodia2023)
ដោយ៖ ហៀក ឆក

កីឡាការិនីកម្ពុជា ងួន រតនា ដណ្តើមបានមេដាយប្រាក់១ និងជាមេដាយទី២ របស់ខ្លួនលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ប្រភេទT46 ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

 
បន្ទាប់ពីទទួលបានមេដាយមាសលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T46 កីឡាការិនី ងួន រតនា បន្តធ្វើបានល្អបន្ថែមទៀតដោយបានប្រកួតប្រជែងជាមួយកីឡាការិនីមកពីប្រទេសថៃ Pagjiraporn ក្នុងប្រភេទកីឡាអត្តពលិកម្មលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ប្រភេទ T46។
 
ទោះបីមិនអាចដណ្តើមបានមេដាយមាសក្តី តែកីឡាការិនីកម្ពុជារូបនេះ នៅតែអាចរក្សាដំណែងមេដាយប្រាក់បានសម្រាប់កម្ពុជា។ ការប្រកួតដ៏ប្រផិតប្រផើយរវាងកីឡាការិនីទាំងពីរគឺខុសគ្នានូវវិនាទីតែបន្តិចបន្តួចប៉ុណ្ណោះ ដោយកីឡាការិនីកម្ពុជាបញ្ចប់ក្នុងរយៈពេល ៣នាទី ១៩វិនាទី និង៩៩សេកុង ខណៈម្ចាស់មេដាយមាសថៃ បញ្ចប់ក្នុងរយៈពេល ៣នាទី ១៩វិនាទី និង២៨ សេកុង។
 
បញ្ចប់ការប្រកួតកីឡាការិនីកម្ពុជា គ្រងមេដាយប្រាក់ ចំណែកកីឡាការិនីថៃគ្រងដំណែងមេដាយមាស។ គិតត្រឹមពេលនេះសម្រាប់អត្តពលិកកម្ពុជាទទួលបានមេដាយសរុប២៤ ក្នុងនោះមេដាយមាស៦ ប្រាក់៩ និងសំរឹទ្ធ៩ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៤ សីហា៕
 

Tag:
 កីឡាអត្តពលកម្ម
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com