ជាតិ
តាមសំណូមពរ សម្តេច ហ៊ុន សែន សម្រេចរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីការពារ និងអភិរក្ស
07, Aug 2022 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​សម្រេច​រក្សាទុក​ដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ នេះបើតាម​ការផ្សាយនៅលើទំព័រហ្វេសប៊ុក​ផ្ទាល់​របស់សម្តេចនាថ្ងៃនេះ ពោលគឺភ្លាមៗ ក្រោយពេលដែល​លោក ឡេង ណាវ៉ាត្រា បង្ហោះសារ​ស្នើរដ្ឋាភិបាល​លុប​ចោលរាល់ស.ជ.ណ ជុំវិញតំបន់ភ្នំតាម៉ៅ។



«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៍ដោយ»។ នេះជាការលើកឡើង​របស់សម្តេច។



ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានចេញបញ្ជា៣ចំណុច ដោយទីមួយគឺការ​លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឲ្យ​ធ្វើការដោះដូរនិងអភិវឌ្ឍ។ នៅចំណុចទី២ សម្តេចឲ្យ​ក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

ចំណុច​ចុងក្រោយ ប្រមុខរដ្ឋាភិបាល បាន​បញ្ជាឲ្យ​ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

«សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា» សម្តេច​បានសរសេរទៅកាន់ជន​រួមជាតិយ៉ាងដូច្នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com