ជាតិ
សង្គមជាតិ
យុវតីឆ្នើម កែវ សុគន្ធធារី ទទួលបានមេដាយ៣១ពីការប្រកួតគណិតវិទ្យា
07, Aug 2022 , 11:39 am        
រូបភាព
ពូកែមែន! យុវតី កែវ សុគន្ធធារី ដែលបច្ចុប្បន្នជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនបាទី ក្នុងខេត្តតាកែវ ធ្លាប់បានចូលរួមការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យាថ្នាក់ជាតិ និងអន្តរជាតិជាច្រើនលើក នា៣ឆ្នាំចុងក្រោយនេះ។ ធារី ទទួលបានមេដាយសរុបចំនួន៣១ មានទាំងមេដាយមាស ប្រាក់ និងសំរិទ្ធ។ ក្រៅពីឈ្នះមេដាយ វាក៏ជាផ្នែកមួយជួយ ពង្រីកចំណេះដឹងគណិតវិទ្យារបស់នាង ឱ្យកាន់តែរីកធំធាត់ជាងមុនទៀតផង។


 
យុវតី កែវ សុគន្ធធារី បានចូលរួមប្រកួតប្រជែងគណិតវិទ្យាដំបូងនៅពេលសិក្សាថ្នាក់ទី៩។ ពេលនោះ នាងបានជ្រើសរើសមុខវិជ្ជាគណិតវិទ្យា ដាក់ប្រឡងក្នុងកម្មវិធីសិស្សពូកែថ្នាក់ទី៩ ទូទាំងប្រទេសរបស់ក្រសួងអប់រំ ហើយទទួលបានជ័យលាភីលេខ៣ (មេដាយសំរិទ្ធ) ក្នុងចំណោមបេក្ខជនជាច្រើននាក់។ 
 
បន្ទាប់ពីជាប់ជ័យលាភីជាសិស្សពូកែថ្នាក់ទី៩ សុគន្ធធារី ដែលមានអាយុត្រឹមតែ១៥ឆ្នាំនាពេលនោះ រំភើប និងសប្បាយចិត្តខ្លាំង ហើយនឹកចង់បន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ទី១២ថែមទៀតផង ប៉ុន្តែដោយសារគេទើបតែរៀនថ្នាក់ទី៩ ទើបមិនទាន់អាចចូលរួមប្រឡងជាមួយគេបាន។ ទោះជាយ៉ាងណា ធារី មិនបោះបង់ឡើយ ហើយខំប្រឹងដុសខាត់ចំណេះដឹងបន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រឡង។


 
យុវតីរូបនេះ ហ្វឹកហាត់ លត់ដំចំណេះវិជ្ជាគណិតវិទ្យារបស់គេ តាមរយៈការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជាច្រើន ដែលក្រសួងអប់រំ និងស្ថាប័ននានាបានរៀបចំ ដើម្បីជំរុញសមត្ថភាព និងពង្រីកចំណេះខ្លួនឱ្យកាន់តែប្រសើរ។ សុគន្ធធារី បានចូលរួមប្រឡងមិនតិចជាង៥០លើកឡើយ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ហើយជ័យលាភី និងមេដាយ ដែលគេទទួលបានក៏ច្រើនផងដែរ។ ធារី មានមេដាយជ័យលាភីសរុប៣១មេដាយ ក្នុងនោះមានមេដាយមាសចំនួន១៨ ប្រាក់៤ និងសំរឹទ្ធ៩។
 
ក្នុងឆ្នាំ២០១៩ សុគន្ធធារី បានចូលប្រឡងគណិតក្នុងកម្មវិធី SUKEN Test Cambodia ដែលជាកម្មវិធីតេស្តសមត្ថភាពគណិតវិទ្យាស្តង់ដារជប៉ុននៅកម្ពុជា ហើយបន្តមកឆ្នាំ២០២០ នាងបានប្រឡងក្នុងកម្មវិធី Mathematics Outstanding Students Cambodia (MOSC) ទទួលបានជ័យលាភីកិត្តិយស,កម្មវិធី Singapore & Asian School Math Olympiad 2020(SASMO) និងកម្មវិធី Thailand International Mathematical Olympiad 2020 (TIMO) ទទួលបានមេដាយសំរិទ្ធ ហើយកម្មវិធី World Mathematics International 2020 (WMI) ទទួលបានមេដាយមាស។ 
 
នៅឆ្នាំ២០២១ ធារី បន្តចូលរួមប្រកួតគណិតវិទ្យាក្នុងកម្មវិធី MOSC SASMO TIMO និង WMI ម្ដងទៀត ហើយក៏ទទួលលទ្ធផលប្រសើរជាងមុន មានមេដាយមាស១ មេដាយសំរិទ្ធចំនួន២ និងជ័យលាភីកិត្តិយសផងដែរ។ ធារី បន្តទទួលបានជ័យលាភី និងមេដាយ ពីកម្មវិធីជាច្រើនមាន កម្មវិធី American Mathematics Olympiad 2021 (AMO),Philippine International Math and Science Olypics 2021 (PIMSO Math), Caribou Contest 2021,American International Mathematics Olympiad (AIMO),Hong Kong International Mathematical Olympiad 2021 (HKIMO) និង Siam International Math and Science Olympics (SIMSO) និងកម្មវិធីមួយចំនួនផ្សេងទៀត។ 


 
មកដល់ឆ្នាំ២០២២ សុគន្ធធារី បានចូលប្រឡងក្នុងកម្មវិធីជាច្រើនទៀត ហើយក៏បន្តទទួលជ័យលាភី និងមេដាយសន្ធឹក។ ក្រៅពីការប្រឡងគណិតវិទ្យា ធារី ក៏បានចូលរួមការប្រកួតប្រជែងបែបវិទ្យាសាស្រ្ត និងIQ ចំនួន៤លើកផងដែរ ដោយទទួលបានមេដាយមាស២ មេដាយសំរិទ្ធ១ និងជ័យលាភីកិត្តិយស។
 
ឆ្លងកាត់ការប្រឡងជាច្រើនមកនេះ សុគន្ធធារី បានរៀនសូត្រ និងហ្វឹកហាត់សមត្ថភាពខ្លួនបានច្រើន។ នាង មិននឹកស្មានឡើយថា អាចដណ្តើមជ័យលាភី និងមេដាយបានច្រើនយ៉ាងនេះ ដ្បិតការប្រកួតនីមួយៗ មានបេក្ខជនមិនតិចឡើយ។ យុវតីវ័យ១៨ឆ្នាំរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំសប្បាយចិត្ត ដែលឃើញការខំប្រឹងប្រែងរបស់ខ្លួនឯង ទទួលបានជោគជ័យមកដល់ពេលបច្ចុប្បន្ន។ ព្រោះកាលខ្ញុំចូលប្រឡងមុនដំបូងៗ ទទួលបានជ័យលាភីអត់ល្អ ពេលខ្លះបានត្រឹមជ័យលាភីកិត្តិយស ពេលខ្លះមេដាយសំរិទ្ធ ហើយក៏មានធ្លាក់ទៀតផង ហើយបន្ទាប់ៗមក ទើបខ្ញុំអាចទទួលបានមេដាយប្រាក់ មេដាយមាសច្រើនដូចឥឡូវហ្នឹង»។ 


 
ធារី ចាត់ទុកការប្រឡងប្រជែងនេះ ជាការតេស្តសមត្ថភាព ដើម្បីស្វែងរកចំណុចខ្លាំង និងខ្សោយខ្លួនឯង ក៏ដូចជាការហ្វឹកហាត់ខួរក្បាល បង្កើនចំណេះដឹងគណិតវិទ្យា និងវិទ្យាសាស្រ្តឱ្យកាន់តែរីកធំធាត់ និងលើសពីមេរៀននៅសាលា។
 
ជោគជ័យបានមកពីការខំប្រឹងប្រែង និងឱហាតរៀនសូត្រ
 
គណិតវិទ្យាមិនមែនជាមុខវិជ្ជា ដែលងាយស្រួលឡើយ វាទាមទារឱ្យសិស្សត្រូវខិតខំប្រឹងប្រែង អនុវត្តឱ្យបានច្រើន ដើម្បីបង្កើនសមត្ថភាព។ ដូច្នេះជោគជ័យរបស់ធារី ក៏មិនមែនបានមកដោយងាយៗនោះដែរ។ ធារី ខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវ ពិសេសផ្ដោតលើការអនុវត្តលំហាត់ច្រើន។ ធារី យល់ថាភាពជោគជ័យ មិនចំពោះតែមុខវិជ្ជាគណិតវិទ្យាឡើយ គឺវាកើតចេញពីចំណង់ ក្ដីស្រឡាញ់ និងការខិតខំប្រឹងប្រែង។ នាងពន្យល់ដូច្នេះ៖«ដើម្បីជោគជ័យក្នុងគណិតវិទ្យា មុនដំបូងយើងត្រូវមានគោលដៅថាយើងចង់បានវាពិតប្រាកដ ឬស្រឡាញ់វាពិតប្រាកដឬអត់។ ព្រោះថាបើសិនជាយើងអត់ស្រឡាញ់វាពិតប្រាកដទេ យើងនឹងអត់ខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានវាទេ»។ 
 
ដើម្បីពូកែគណិតវិទ្យា ធារី ត្រូវស្វែងយល់ពីទ្រីស្តីបទ និងរូបមន្តក្នុងមេរៀននីមួយៗឱ្យបានច្បាស់ និងអនុវត្តដោះស្រាយឱ្យបានច្រើន ទាំងលំហាត់នៅក្នុងសៀវភៅ ,កិច្ចការពីលោកគ្រូអ្នកគ្រូ និងលំហាត់ស្រាវជ្រាវជាដើម។
 
បច្ចុប្បន្ន សុគន្ធធារី ដែលមានវ័យ១៨ឆ្នាំ កំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ ធារី ប្ដេជ្ញាខិតខំប្រឹងប្រែង និងហ្វឹកហាត់សមត្ថភាពបន្ថែម ដើម្បីបន្តចូលរួមប្រឡងក្នុងកម្មវិធីលំដាប់អន្តរជាតិជាច្រើនទៀត។ ធារី ដាក់គោលដៅយកនិទ្ទេសសម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ។ ដូច្នេះក្រៅពីគណិតវិទ្យា នាងក៏កំពុងពង្រឹងសមត្ថភាពលើមុខវិជ្ជាផ្សេងៗដូចជា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យាជាដើម។ ធារី បានគោលដៅច្បាស់លាស់ និងតាំងចិត្តសម្រេចវាឱ្យបាន។

យុវតី សុគន្ធធារី និងម្ដាយ (អ្នកស្រី ង៉ែត ចំប៉ា)
 
អ្នកស្រី ង៉ែត ចំប៉ា ដែលជាម្ដាយរបស់ធារី សប្បាយចិត្ត និងមានមោទកភាពចំពោះកូនស្រី ដ្បិតការខិតខំប្រឹងប្រែងរបស់នាងមានផ្លែផ្កាល្អដូច្នេះ។ អ្នកស្រី ចំប៉ា តែងជំរុញទឹកចិត្តកូនស្រីក្នុងការចូលរួមប្រឡងប្រជែងនានា ដោយពុំដែលជំទាស់ឡើយ។ អ្នកស្រី លើកឡើងថា៖«កូនល្អចឹងសប្បាយចិត្តណាស់គ្មានអ្វីក្រៅពីហ្នឹងទេ។ ឱ្យតែឃើញគេជាប់រំភើបចិត្តហ្មង ហើយគេចង់ប្រឡងអីក៏ឱ្យប្រឡងដែរ ព្រោះឃើញតែទទួលបានលទ្ធផលល្អរហូត»។ 
 
អ្នកស្រី ចំប៉ា អះអាងថាភាពជោគជ័យ ឬលទ្ធផលល្អទាំងអស់របស់ធារី គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់នាង។ «កូនដាក់ពាក្យប្រឡង ឬទៅប្រឡងមិនដែលបានជូនទៅអីទេ គេទៅអីតែខ្លួនឯង។ ចឹងហើយខ្ញុំមានមោទកភាពខ្លាំងនឹងគាត់»។ នេះជាការលើកឡើងរបស់អ្នកស្រី ង៉ែត ចំប៉ា។
 
យុវតី នី ធាវី ដែលជាមិត្តភក្ដិស្និទ្ធស្នាលរបស់ធារី ក៏សប្បាយរីករាយ និងមានមោទកភាពចំពោះ ធារី ផងដែរ។ យុវតីវ័យ១៨ឆ្នាំរូបនេះ លើកឡើងថា៖«មានអារម្មណ៍មានមោទកភាពចំពោះគាត់ ព្រោះខ្ញុំឃើញថាគាត់ខំប្រឹងរៀនខ្លាំងណាស់។ ហើយនៅពេលឃើញគាត់បានអ្វីដែលគាត់ចង់បានចឹងខ្ញុំសប្បាយជាមួយគាត់ដែរ។ ហើយក្នុងនាមខ្ញុំជាមិត្តភក្ដិគាត់ ពេលខ្ញុំអត់ចេះលំហាត់អីខ្ញុំអាចសួរគាត់ ចេះពីគាត់បានដែរ»។ 
 
ធាវី យល់ថា មានមិត្តភក្ដិជាសិស្សពូកែដូច្នេះប្រៀបដូចជាកម្លាំងជំរុញទឹកចិត្តឱ្យប្រឹងរៀន ព្រោះយើងក៏ត្រូវពូកែដូចជាមិត្តភក្ដិផងដែរ។ ធាវី អះអាងថា សុគន្ធធារី បានជួយបង្ហាត់បង្រៀននាងបន្ថែមច្រើនលើមុខវិជ្ជាគណិតវិទ្យានេះ។ កន្លងមក ធាវី ក៏ធ្លាប់ចូលរួមការប្រឡងប្រជែងហើយទទួលបានចំណាត់ថ្នាក់ និងមេដាយផងដែរ៕
 

រូបយុវតី សុគន្ធធារី និងមិត្តភក្ដិ (នី ធាវី)

 

Tag:
 កែវ សុគន្ធធារី
 មេដាយ
 គណិតវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com