ជាតិ
យុវជនសកម្ម សេវាល្អ
អាជ្ញាធរឃុំត្រពាំងសង្កែ នឹងគិតគូរសាងសង់ជម្រាលសម្រាប់ជនមានពិការភាព
08, Aug 2022 , 11:29 pm        
រូបភាព
លោក ម៉ើត ឌលឡោះ ជំទប់ឃុំទី១ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
លោក ម៉ើត ឌលឡោះ ជំទប់ឃុំទី១ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ដោយ៖ ម៉ើត អៃនី 
កំពត៖ ជម្រាលសម្រាប់ជនមានពិការភាព បានដើរតួរយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ជនពិការគ្រប់រូប។ មណ្ឌលសុខភាព សាលារៀន និងសាលាឃុំភាគច្រើន គឺមានជម្រាលសម្រាប់សម្រួលដល់ជនពិការ។ ដោយឡែក ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នៅមិនទាន់មានជម្រាលនេះឡើយ។ ឆ្លើយតបនឹងបញ្ហានេះ លោក ម៉ើត ឌលឡោះ ជំទប់ឃុំទី១ ឃុំត្រពាំងសង្កែ បញ្ជាក់ថា អាជ្ញាធរឃុំ គ្រោងសាងសង់ជម្រាលសម្រាប់អ្នកមានពិការភាពនៅអគារសាលាឃុំ នាពេលឆាប់ៗ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖

 
 
ជម្រាលសម្រាប់ជនពិការ គឺជាជម្រាលសម្រាប់រទេះជនមានពិការភាពធ្វើដំណើរឱ្យកាន់តែមានភាពងាយស្រួល។ បើតាមយុវជនឃុំត្រពាំងសង្កែ ដែលបានចុះជួបផ្ទាល់ជាមួយលោក ម៉ើត ឌលឡោះ ជាជំទប់ឃុំទី១ សាលាឃុំត្រពាំងសង្កែ មិនទាន់មានជម្រាលសម្រាប់ជនពិការឡើយ ដ្បិត ពលរដ្ឋ ដែលមានពិការភាពមិនសូវមកទទួលសេវាសាធារណៈ។ «សាលាឃុំមិនទាន់មានជម្រាលទេ ដោយសារមិនសូវសម្បូរ(ជនពិការ)មកទទួលសេវាទេ ពួកគាត់ពឹងឱ្យសាច់ញាតិមកទទួលជំនួស»។ នេះជាការលើកឡើងរបស់លោក ម៉ើត ឌលឡោះ ដោយបានបន្ថែមថា សាលាឃុំ នឹងព្យាយាមដោះស្រាយបញ្ហានេះ។ ក្រុមការងារនឹងពិភាក្សាគ្នាធ្វើជម្រាលក្នុងសាលាឃុំ ដើម្បីងាយស្រួលដល់ជនពិការ និងធ្វើឱ្យពួកគាត់មានទំនុកចិត្ត។ 
 
បច្ចុប្បន្ន ពលរដ្ឋ ដែលមានពិការភាពក្នុងឃុំត្រពាំងសង្កែ មានសរុប ១៥២នាក់។ ទន្ទឹមនឹងភាពខ្វះខាតជម្រាលជនពិការ ជំទប់ឃុំរូបនេះក៏សុំការយោគយល់ពីពលរដ្ឋផងដែរ។ លោកបានប្តេជ្ញាបម្រើសេវាជូនពលរដ្ឋដែលមានពិការភាពឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យកាន់តែមានភាពកក់ក្តៅ៕
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 

Tag:
 យុវជនសកម្ម សេវាល្អ
  ឃុំត្រពាំងសង្កែ
  ជម្រាលសម្រាប់ជនមានពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com