ខ្មែរ​ក្រហម
ជាតិ
រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ថវិកា ១,១ លាន​ដុល្លារ​ដល់​សាលាក្ដី​ខ្មែរក្រហម
28, Jan 2014 , 2:13 pm        
រូបភាព
ដោយ:
រាជរដ្ឋាភិបាល​កម្ពុជា នឹងមាន​លទ្ធភាព​ផ្តល់​ថវិកា​ចំនួន ១,១ លាន​ដុល្លារ​អាមេរិក​សម្រាប់​បើកប្រាក់​បៀវត្សរ៍​ជូន​ដល់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ រួមទាំង​ចៅក្រម ព្រះរាជអាជ្ញា​ផងដែរ សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៤ នេះ។ នេះ​សេចក្តីថ្លែងការណ៍​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ពាក់​ព​ន្ធ័​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី២៨ ខែមករា​នេះ។


សេចក្ដីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​គណៈប្រតិភូ​ជាន់ខ្ពស់ អង្គការសហប្រជាជាតិ(អ.ស.ប.) ដឹកនាំ​ដោយ​លោក Miguel de Serpa Saores អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុក​ផ្នែក​ច្បាប់ អមដោយ​លោកស្រី Maria Eugenia Casar ឧបការី​អគ្គលេខាធិការ និង​ជា​អគ្គហិរញ្ញិក អ.ស.ប និង​លោក​ឯកអគ្គរដ្ឋទូត ដេវីដ សេ​ហ្វ័​រ អ្នកជំនាញការ​ពិសេស​របស់​អគ្គលេខាធិកា​រ អ.ស.ប ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម។

ពាក់ព័ន្ធ​ទៅនឹង​ការផ្ដល់​ថវិកា​នេះដែរ លោក សុខ អាន ក៏បាន​លើកឡើងថា​កម្ពុ​ជា​គាំទ្រ​លើ​គម្រោង​សំណើ​បច្ចុប្បន្ន​របស់​គណៈកម្មកា​រ​ទី៥នៃ​មហា​ឮ​សន្និបាត ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​នៅ​អំឡុង​ខែមីនា ឆ្នាំ២០១៤ខាងមុខនេះ ដើម្បី​អនុម័ត​លើ​ការផ្តល់​ឧបត្ថម្ភ​ធន​ដល់​សាលាក្ដី ដែល​បានមកពី​វិភាគទាន​ទៀងទាត់​របស់ អ.ស.ប។

ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិ ការ​ជាមួយគ្នា​លើ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) និង​បាន បង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​ជម្នះ​នូវ​បញ្ហា​ប្រឈម​ផ្នែក​ថវិកា​ដែល អ.វ.ត.ក. កំពុង​ជួបប្រទះ ដើម្បី​ចៀសវាង​ការពន្យារពេល​ណាមួយ​នៅក្នុង​នីតិវិធីតុលាការ និង​ធានាបាន​នូវ​សុខុមាលភាព​របស់​បុគ្គ​លិ​ក​ទាំង​ភាគី​ជាតិ និង​អន្តរជាតិ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ទស្សនៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការសម្រេច​ឲ្យ​បាន​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅបាន នូវ​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​មួយ ឈានទៅរក​យុទ្ធសាស្ត្រ​បញ្ចប់​សម្រាប់ អ.វ.ត.ក ហើយ​ភាគី​ទាំង​ពីរបាន​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបន្ត​គាំទ្រ អ.វ.ត.ក និង សម្រេច​ឲ្យ​បាន​នូវ​យុត្តិធម៌​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ៕





© រក្សាសិទ្ធិដោយ thmeythmey.com