ជាតិ
សេដ្ឋកិច្ច
កម្ពុជាចុះ MOU នាំចេញផលិតផលសម្បុកត្រចៀកកាំទៅចិន
09, Aug 2022 , 7:59 pm        
រូបភាព
សម្បុកត្រចៀកកាំ។ រូបនេះយកចេញពីហ្វេសប៊ុកអ្នកប្រកបរបរលក់សម្បុកត្រចៀកកាំសុទ្ធ
សម្បុកត្រចៀកកាំ។ រូបនេះយកចេញពីហ្វេសប៊ុកអ្នកប្រកបរបរលក់សម្បុកត្រចៀកកាំសុទ្ធ
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយចិន ក្នុងការនាំចេញសម្បុកត្រចៀកកាំ។ MOU នេះនឹងជួយពង្រីកទីផ្សារសម្បុកត្រចៀកកាំកម្ពុជា និងធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ។



លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះអនុស្សារណៈយោគយល់គ្នាជាមួយភាគីមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលស្តីអំពី «ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» នាថ្ងៃទី ៨សីហា។ 
 
បើតាមប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម លោក កែ មុន្ធីវុធ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម នាថ្ងៃទី៩សីហា ថា ភាគីទាំងពីរមិនទាន់កំណត់លកុ្ខខណ្ឌជាក់លាក់ណាមួយ ក្នុងការនាំចេញសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិនបានទេ ដោយសារតែត្រូវការពេលវេលារៀបចំឯកសារបច្ចេកទេស និងដំណើរការពិគ្រោះយោបល់ចរចាគ្នា រកចំណុចរួមសិន។ 
 
បើតាមប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យរូបនេះ ការចុះ MOU នេះ គ្រាន់តែជាឯកសារដែលបង្ហាញពីភាពជាដៃគូររវាងក្រសួងកសិកម្ម និងវិស័យឯកជនចិន ដើម្បីបើកច្រកទីផ្សារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្អាតនិងកែច្នៃ ឱ្យស្របតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវនានារបស់ចិនតែប៉ុណ្ណោះ។  
 
ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន បានបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្លាំងក្នុងការផលិតសំបុកត្រចៀកកាំ ហើយគុណភាពល្អជាងគេ បើធៀបប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែមិនមានការបំពុលបរិយាកាសច្រើន។
 
តែយ៉ាងណាលោក កុកធាន មើលឃើញថា កម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទឹកមាត់ត្រចៀកទៅក្រៅប្រទេសបានទេ ដោយសារតែសត្វត្រចៀកកាំធ្វើសំបុកតែបីដងក្នុងមួយឆ្នាំ ។ ម្យ៉ាងទៀត កម្ពុជានៅក្មេងខ្ចីក្នុងការផលិតសំបុកត្រចៀកកាំនេះ ដែលទាមទារផ្នែកបច្ចេកទេសច្រើន។ 
 
បើតាមការប៉ាន់ស្មានរបស់ប្រធានសមាគមត្រចៀកកាំរូបនេះ កម្ពុជាផលិតបានសំបុកត្រចៀកកាំប្រមាណ ៥០តោនក្នុងមួយឆ្នាំ ដែលជាបរិមាណតិចតួចនៅឡើយ។ 
 
យោងតាមស្ថិតិរដ្ឋបាលព្រៃឈើ ក្នុងឆ្នាំ២០២០ ផ្ទះត្រចៀកកាំនៅទូទាំង២៥រាជធានីខេត្ត មានចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី១-១,៥តោនក្នុងមួយខែ។ បើធៀបនឹងប្រទេសប្រទេសដ៏ទៃក្នុងតំបន់ដូចជាវៀតណាម ថៃ ម៉ាឡេស៊ី សំបុកត្រចៀកកាំរបស់កម្ពុជា នៅមានបរិមាណតិចនៅឡើយ។ 
 
បច្ចុប្បន្ននេះ ផ្ទះត្រចៀកកាំមានភាគច្រើននៅតាមបណ្តាខេត្តនានាជាប់សមុទ្រ ហើយត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារក្នុងមួយគីឡូក្រាម ។ ចំណែកសំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារក្នុងមួយគីឡូក្រាម ៕
 
 

Tag:
 ចិន នាំចេញ ត្រចៀកកាំ
© រក្សាសិទ្ធិដោយ thmeythmey.com