ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីវប្បធម៌ ចាត់ទុកបដិមាដែលបានពីអាម៉េរិកមកវិញ ថាជា «ដួងព្រលឹងបុព្វបុរសខ្មែរ»
11, Aug 2022 , 1:19 pm        
រូបភាព
បដិមាបុរាណខ្មែរ ត្រូវបានដាក់តាំងក្នុងពិធី ដែលភាគីកម្ពុជា ទទួលពីភាគីអាម៉េរិក ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ (រូបពីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា)។ រូបរង្វង់មូល គឺអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់ពិធីនេះ (រូបពីវីដេអូលើទំព័រហ្វេសប៊ុក U.S. Attorney
បដិមាបុរាណខ្មែរ ត្រូវបានដាក់តាំងក្នុងពិធី ដែលភាគីកម្ពុជា ទទួលពីភាគីអាម៉េរិក ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ (រូបពីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា)។ រូបរង្វង់មូល គឺអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់ពិធីនេះ (រូបពីវីដេអូលើទំព័រហ្វេសប៊ុក U.S. Attorney's Office for the Southern District of New York)។
ដោយ៖ ញឹក សំអូន

កម្ពុជា ទទួលបានបដិមាបុរាណចំនួន៣០ ពីសហរដ្ឋអាម៉េរិកមកវិញ។ ភាគីកម្ពុជា-អាម៉េរិក បានរៀបចំពិធីប្រគល់និងទទួលសម្បត្តិវប្បធម៌ទាំង៣០នេះ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។



អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចូលរួមក្នុងពិធីទទួលរូបបដិមាបុរាណ តាមប្រព័ន្ធវីដេអូ មានប្រសាសន៍ដូច្នេះថា៖«យើង ពិតជាមានសេចក្តីរំភើប ទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រឹលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យភាពរុងរឿងនៃចក្រភពខ្មែរ»។ ប្រសាសន៍របស់អ្នកស្រី ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌។

ពិធីប្រគល់និងទទួលរូបបដិមាទាំង៣០ ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក កែវ ឈា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងវត្តមានរបស់លោក ដាមៀន វីលៀម (Damiem William) អគ្គរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកក្នុងទីក្រុងញូយ៉ក រួមទាំងមន្រ្តីនានានៃប្រទេសទាំង២។

«ការប្រគល់សម្បត្តិវប្បធម៌ខ្មែរទាំង៣០ដុំនេះ គឺជាការប្រគល់ដួងព្រលឹង កេរមរតកវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយការធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ មានអត្ថន័យជ្រាលជ្រៅបំផុតចំពោះប្រជាជនខ្មែរ និងអ្នកសិក្សាស្រាវជ្រាវទូទាំងពិភពលោក»។ នេះជាសំណេរលើព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។

ចំណែកស្ថាទទូតអាម៉េរិកប្រចាំកម្ពុជាឯណេះវិញ សរសេរសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ពិធីប្រគល់សម្បត្តិធម៌ជូនកម្ពុជានេះ បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើបេតិកភណ្ឌវប្បធម៌រវាងប្រទេសទាំង២។ ស្ថានទូតនៃប្រទេសមហាអំណាចនេះ អះអាងដូច្នេះថា៖«អស់រយៈពេលជាង២០ឆ្នាំមកនេះ សហរដ្ឋអាម៉រិក បានការពារ អភិរក្ស និងគោរពដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដោយសហការគ្នារវាងក្រសួងវប្បធម៌ និងដៃគូខាងកម្ពុជា ជាមួយអាម៉េរិក»។

ជាមួយគ្នានេះ ស្ថានទូតអាម៉េរិក លើកឡើងថា គិតចាប់តាំងពីឆ្នាំ២០២១មក អាម៉េរិក បានផ្តល់ថវិកាជាង៥លានដុល្លារ សម្រាប់ចំណាយលើការងារអភិរក្សវប្បធម៌នៅកម្ពុជា ដោយរួមទាំងថវិកាជាង៣,៥លានដុល្លារ ដែលត្រូវបានផ្តល់ជូន សម្រាប់ការងារជួសជុល និងអភិរក្សប្រសាទភ្នំបាខែង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរខាងលើ ត្រូវបានកាន់កាប់ដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរអាម៉េរិក រឹបអូសបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងចំណោមសម្បត្តិធម៌ទាំងនេះ មានបដិមាសំខាន់ៗមួយចំនួន ជាបដិមាផ្នែកព្រះពុទ្ធសាសនា និងផ្នែកព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក និងរូបចម្លាក់ព្រះគនេស ជាអាទិ៍ ត្រូវបានគេលួចចេញពីប្រាសាទកោះកេរ។ សេចក្តីប្រកាសព័ត៌មាន បន្តថា ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ ក្នុងអំឡុងសម័យសង្គម។

ក្រសួងវប្បធម៌ ជូនដំណឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ក្រសួង កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីដឹកវត្ថុទាំង៣០រូប មកកម្ពុជាក្នុងពេលខាមុខនេះ ហើយពេលវត្ថុទាំងនេះ មកដល់កម្ពុជា ក្រសួង នឹងជូនដំណឹងតាមក្រោយទៀត៕

Tag:
 បដិមាបុរាណ
  វប្បធម៌
  ភឿង សកុណា
  កម្ពុជា-អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com