អន្តរជាតិ
Hacker មួយរូបប្រកាសលក់ទិន្នន័យអ្នកប្រើប្រាស់កម្មវិធីជំងឺកូវីដ-១៩ នៅចិនចំនួន៤៨,៥គណនី
12, Aug 2022 , 9:29 pm        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
Hacker មួយរូប (អ្នកវាយប្រហារទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត) បានប្រកាសលក់ទិន្នន័យអ្នកប្រើប្រាស់កម្មវិធីសុខភាព ទាក់ទិនជំងឺកូវីដ-១៩ ដែលដំណើរការដោយក្រុងសៀងហៃចំនួន ៤៨,៥គណនី ក្នុងតម្លៃជាង ៤ពាន់ដុល្លារ។ នេះជាការធ្លាយទិន្នន័យសាធារណៈលើកទីពីរ នៅក្នុងក្រុងសៀងហៃ ក្នុងរយៈពេលត្រឹមមួយខែប៉ុណ្ណោះ។

 
Hacker មួយរូប ដែលបានដាក់ឈ្មោះ «XJP» បានដាក់លក់ទិន្នន័យអ្នកប្រើប្រាស់កម្មវិធីសុខភាព ទាក់ទិនជំងឺកូវីដ-១៩ ដែលដំណើរការដោយក្រុងសៀងហៃ ចំនួន ៤៨,៥គណនី លើវេទិកា Breach Forums ក្នុងថ្ងៃទី១០ ខែសីហា។ តម្លៃនៃទិន្នន័យទាំងនោះមានចំនួន ៤៨៥០ដុល្លារ។ 
 
តាមរយៈគំរូចំនួន ៤៧គណនី ដែលHacker បានបញ្ចេញ វាមានដូចជា លេខទូរសព្ទ​ ឈ្មោះ លេខអត្តសញ្ញាណជនជាតិចិន និងលេខកូដសុខភាព។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មនុស្សចំនួន ១១នាក់ ក្នុងចំនួន ៤៧នាក់ ត្រូវបានទាក់ទងទៅ ប៉ុន្តែមនុស្សចំនួន ២នាក់ប៉ុណ្ណោះ ដែលអះអាងថាលេខអត្តសញ្ញាណរបស់គេ គឺខុស។
 
«ទិន្នន័យនេះ មានបញ្ជាក់ពីបុគ្គល ដែលរស់នៅ និងធ្លាប់មកក្រុងសៀងហៃ ចាប់តាំងពីការប្រើប្រាស់កម្មវិធី Suishenma»។ Hacker ដែលដាក់ឈ្មោះ «XJP» បានបញ្ជាក់បែបនេះ។ 
 
កម្មវិធី Suishenma ជាប្រព័ន្ធលេខកូដសុខភាពរបស់ក្រុងសៀងហៃ ដែលត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្មវិធីមួយនេះ បញ្ជាក់ប្រាប់ប្រជាជនពីតំបន់ក្រហម លឿង និងបៃតងនៃជំងឺកូវីដ-១៩ ផង។ 
 
គួររំឭកថា នៅខែមុន ក្រុមHacker បានអះអាងថា ពួកគេបានទាញយកទិន្នន័យរបស់ប្រជាជនចិន ចំនួន ២៣ terabytes ពីប៉ូលិសក្រុងសៀងហៃ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com