អន្តរជាតិ
តៃវ៉ាន់បដិសេដសំណើចិនជាថ្មីក្នុងការអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»
12, Aug 2022 , 5:26 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាពយកពីការិយាល័យប្រធានាធិបតីតៃវ៉ាន់
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាពយកពីការិយាល័យប្រធានាធិបតីតៃវ៉ាន់
ដោយ៖ ហ៊ួយ ស៊ីវលី 

ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃទី១១ ខែសីហា បានបដិសេដសំណើចិនជាថ្មី ក្នុងការអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» បន្ទាប់ពីចិនស្នើនៅក្នុងសៀវភៅស។ បើតាមក្រសួងការបរទេស អនាគតរបស់តៃវ៉ាន់ គឺអាស្រ័យលើការសម្រេចរបស់ប្រជាជន។

 
​ស្របពេលមានសមយុទ្ធយោធាដ៏ធំបំផុតរបស់ចិននៅជុំវិញកោះតៃវ៉ាន់ ចិនបានបញ្ចេញសៀវភៅសមួយក្បាលស្តីពីបញ្ហាកោះតៃវ៉ាន់ និងការបង្រួបបង្រួមចិនក្នុងយុគសម័យថ្មីនៅថ្ងៃទី១0 ខែសីហា ដោយក្នុងសៀវភៅនេះ ចិនបានស្នើតៃវ៉ាន់ជាថ្មីឱ្យអនុវត្តគោលការណ៍‌ «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចហុងកុង និងម៉ាកាវកំពុងអនុវត្ត។​ 
 
ជាការឆ្លើយតប ក្រសួងការបរទេសតៃវ៉ាន់នៅថ្ងៃទី១១​ ខែសីហាបានប្រកាន់ជំហរបដិសេដការអនុវត្តគោលការណ៍‌ «ប្រទេសមួយ ប្រព័ន្ធពីរ» នេះ។ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់លោកស្រី Joanne Ou បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិថា៖ «មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តអនាគតរបស់តៃវ៉ាន់បាន»។ 
 
ទន្ទឹមនេះ លោកស្រី Ou បានបន្ថែមទៀតថា ចិនបានប្រើដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាមេរិកទៅកាន់ទីក្រុងតៃប៉ិជាលេស ដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times។ 
 
ទាក់ទងនឹងសមយុទ្ធយោធារបស់ចិន ប្រធានាធិបតីតៃវ៉ាន់​លោកស្រី Tsai Ing-wen បានបញ្ជាក់ថា ទោះសមយុទ្ធយោធាដ៏ធំបំផុតរបស់ចិននៅជុំវិញកោះតៃវ៉ាន់បានបញ្ចប់ក៏ដោយ ការគំរាមកំហែងនៃកម្លាំងយោធាចិនមិនបានថមថយឡើយ។ ទន្ទឹមនេះ ​ តែវ៉ាន់នឹងមិនបង្កើនជម្លោះឡើយ ហើយរដ្ឋាភិបាលក្រុងតៃប៉ិ​នឹង​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ​របស់​ខ្លួន​ រួមទាំង​ប្រកាន់ខ្ជាប់ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​។នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​ពី​ការិយាល័យ​របស់​ប្រធានាធិបតីតៃវ៉ាន់។
 
គួរបញ្ជាក់ថា តៃវ៉ាន់បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតមួយទៀតនៅថ្ងៃព្រឹកទី១១​ ខែសីហា ខណៈទីក្រុងប៉េកាំងបានបិទបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួននៅជុំវិញកោះនេះ។ កន្លងមក ចិន បានប្រកាសភាពជោគជ័យលើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ដែលធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែសីហា៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com