ជាតិ
ជោគជ័យ​របស់សិស្ស​វិទ្យាល័យ​ ហ៊ុន សែន ប្រាសាទបាគង រួមចំណែកលើកមុខមាត់ខេត្ត​សៀមរាប
13, Aug 2022 , 9:59 pm        
រូបភាព
លោក លី ប៊ុណ្ណា ថតជាមួយក្រុមយុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្រោយឈ្នះជ័យលាភី។ រូបភាពពីលោក លី ប៊ុណ្ណា
លោក លី ប៊ុណ្ណា ថតជាមួយក្រុមយុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្រោយឈ្នះជ័យលាភី។ រូបភាពពីលោក លី ប៊ុណ្ណា
សៀមរាប៖ កម្មវិធីប្រកួតដេញដោលយុវជនថ្នាក់ជាតិ ២០២២ ឈានដល់រកឃើញម្ចាស់ជ័យលាភីហើយ នោះគឺក្រុមសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ជាអ្នកឈ្នះ។ ជ័យជំនះនេះ មានការសាទរពីមហាជន ពិសេសថ្នាក់ដឹកនាំ និងពលរដ្ឋក្នុងខេត្តសៀមរាប។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបង្ហាញអារម្មណ៍រីករាយចំពោះជោគជ័យនេះ ហើយថា នឹងជំរុញឱ្យសាលា ក៏ដូចជាសិស្សានុសិស្ស បន្តចូលរួមកម្មវិធីនេះឱ្យបានកាន់តែច្រើននាឆ្នាំបន្តបន្ទាប់។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ អំឡុងពេលកំពុងធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ នារសៀលថ្ងៃទី១២ ខែសីហា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុណ្ណា បានចាត់ទុកជ័យលាភីកម្មវិធីប្រកួតដេញដោលយុវជនថ្នាក់ជាតិ ២០២២ នៅពេលនេះ ថាជាជ័យជំនះដ៏ត្រចេះត្រចង់សម្រាប់ខេត្តសៀមរាប។ លោកប្រាប់ថា នេះជាលើកដំបូងហើយសម្រាប់ខេត្តសៀមរាប ដែលទទួលបានពានរង្វាន់ ខណៈដែលកន្លងមក កម្មវិធីនេះរៀបចំសម្រាប់គ្រឹះស្ថានឯកជនតែប៉ុណ្ណោះ តែឆ្នាំនេះ ក្រសួងអប់រំ តាមរយៈនាយកដ្ឋានយុវជន បានបើកទូលាយឱ្យវិស័យសាធារណ និងឯកជនចូលរួម។ 
 
សម្រាប់លោក លី ប៊ុណ្ណា កម្មវិធីនេះពិតជាមានសារសំខាន់ណាស់សម្រាប់យុវជន ព្រោះវាបានបណ្ដុះបណ្ដាលសមត្ថភាព ជំរុញឱ្យសិស្សមានការស្រាវជ្រាវច្រើន អភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ទាំងចំណេះដឹងទូទៅ និងការនិយាយ។ ក្នុងនាមថ្នាក់ដឹកនាំវិស័យអប់រំខេត្ត លោកប្រាប់ថា នឹងជំរុញឱ្យសាលា បន្តចូលរួមកម្មវិធីដូច្នេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។
 
សូមបញ្ជាក់ថា នៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ក្រោមប្រធានបទ «យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយទៅជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ»។ ក្នុងនោះ ក្រុមស្រប គឺយុវសិស្សមកពី សាលា ប៊ែលធី អន្ដរជាតិ រីឯក្រុមបដិសេធ យុវសិស្សមកពីវិទ្យាល័យ ហ៊ុន​ សែន ប្រាសាទបាគង៕
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក លី ប៊ុណ្ណា ដូចតទៅនេះ៖ 
 
 

Tag:
 កម្មវិធីប្រកួតដេញដោលយុវជនថ្នាក់ជាតិ២០២២
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com