ជាតិ
មជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ ផ្តល់ជម្រើសមុខរបរដល់ពលរដ្ឋនៅតំបន់ការពារធម្មជាតិ
14, Aug 2022 , 10:29 am        
រូបភាព
កូនជ្រូកព្រៃនៅក្នុងមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃក្បែរជើងភ្នំគូលែន។ រូបភាព៖ ក្រសួងបរិស្ថាន
កូនជ្រូកព្រៃនៅក្នុងមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃក្បែរជើងភ្នំគូលែន។ រូបភាព៖ ក្រសួងបរិស្ថាន
សៀមរាប៖ ក្រសួងបរិស្ថាន បានបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស ដោយក្នុងនោះវត្តមានមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ ត្រូវបានរៀបចំឡើង ដោយប្រមូលពូជជ្រូកព្រៃពីតំបន់ផ្សេងៗ ដើម្បីបង្កាត់ ទុកចែកចាយកូនដល់សហគមន៍រស់នៅជុំវិញតំបន់ការពារធម្មជាតិ។

 
លោក លៀង សេង អ្នកគ្រប់គ្រងទូទៅនៅកសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស មជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានឱ្យដឹងថា ក្រសួងបរិស្ថានទើបបង្កើតមជ្ឈមណ្ឌលនេះឡើងរយៈពេលជិត៤ខែមកហើយ ក្នុងបំណងបង្កាត់ពូជ និងបង្រៀនបច្ចេកទេសនៃការចិញ្ចឹមជ្រូកព្រៃ ពង្រីកពូជចែកចាយដល់សហគមន៍មូលដ្ឋាន ក៏ដូចជាមន្រ្តីឧទ្យានុរក្សដែលមានបំណងចិញ្ចឹម។ លោកបន្តថា ពូជជ្រូកទាំងនោះមាន ពូជជ្រូកព្រៃសុទ្ធ ជ្រូកគូលែនដែលយកចុះពីលើភ្នំគូលែន ពូជជ្រូកឦសាន និងពូជជ្រូកកណ្ដុរ។


ក្រុមការងារក្រសួងបរិស្ថានចុះមើលទីតាំងមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ នាថ្ងៃទី៧ ខែសីហា។ រូបភាព៖ ក្រសួងបរិស្ថាន 
 
អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ ពន្យល់ពីលក្ខណៈពិសេសនៃពូជជ្រូកខាងលើយ៉ាងដូច្នេះថា៖« ពូជមណ្ឌលគិរី ឬតំបន់ឦសាន ខ្នងវារៀងអ៊ែន ពោះធំ សាច់ឆ្ងាញ់ កូនច្រើន ហើយសុំានឹងជំងឺ យើងចង់បានកូនច្រើន ដើម្បីចែកចាយដល់សហគមន៍។ ចំណែកជ្រូកគូលែន ជាពូជពីដូនតារបស់សហគមន៍លើភ្នំគូលែន សម្បុរវាខ្មៅៗស្រដៀងនឹងជ្រូកព្រៃ ដងខ្លួនវែង មិនមានពោះវែងទេ សាយកូនច្រើនដែរ។ ឯជ្រូកព្រៃសុទ្ធ ខ្នងកោង រោមប្រផេះ បះៗ ច្រមុះស្រួចៗ សាច់ឆ្ងាញ់ ធុននឹងអាកាសធាតុ»។
 
ក្នុងដំណាក់កាលដំបូងនេះ មជ្ឈមណ្ឌលប្រមូលមេ និងបាជ្រូកសរុប ១០០ក្បាល (បា១០ក្បាល) ដោយរំពឹងថា វានឹងបន្សាំការរស់នៅតំបន់នេះ និងបញ្ចេញកូនបានច្រើន សម្រាប់ចែកចាយដល់សហគមន៍។ 


 ក្រុមការងារក្រសួងបរិស្ថានចុះមើលទីតាំងមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ នាថ្ងៃទី៧ ខែសីហា។ រូបភាព៖ ក្រសួងបរិស្ថាន 

ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមវិញ លោក លៀង សេង ប្រាប់ថា គឺវាពាក់កណ្ដាលធម្មជាតិ ដោយផ្តល់ជាចំណីធម្មជាតិមានស្មៅ ត្រកួន ដើមចេក កន្ទក់ កាកសណ្ដែកសៀង និងម្សៅព្រីម៉ិចជាដើម។ បន្ទាប់មកវាត្រូវបានព្រលែងឱ្យស៊ីជាលក្ខណៈធម្មជាតិ។ លោកបញ្ជាក់ទៀតថា ភាពអំណោយផលនៃភូមិសាស្រ្ដដែលមានដីព្រៃ និងក្បែរជើងភ្នំគូលែនដូច្នេះ ជ្រូកមិនសូវមានជំងឺច្រើនទេក្រៅពីរាគ តែក្នុងនោះក៏នឹងមានការចាក់ថ្នាំការពារជំងឺត្រជាក់ខៀវ និងអុតក្ដាមផងដែរ។
 
លោក នេត្រ ភក្រ្ដា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលដឹកនាំក្រុមអ្នកសារព័ត៌មានចុះពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃ នៅថ្ងៃទី៧ ខែសីហា លើកឡើងថា ក្រសួងបរិស្ថានបានរៀបចំនូវការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ នោះគឺការផ្តល់ជម្រើសមុខរបរថ្មីដល់ពលរដ្ឋ ដែលជាដំណោះស្រាយក្នុងការកាត់បន្ថយ ឬលុបបំបាត់ការពឹងអាស្រ័យលើធនធានធម្មជាតិ។ លោក នេត្រ ភក្រ្ដា៖« ពួកគេច្រើនចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វ អ៊ីចឹងហើយ ជាដំណោះស្រាយនិរន្តរភាពមួយ ក្រសួងបរិស្ថានបានដាក់ចុះនូវការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននេះ ក្នុងនោះមានទាំងការរៀបចំនូវអេកូទេសចរណ៍ ជាផ្នែកមួយនៃការផ្តល់សេវាសហគមន៍ និងទីពីរការចិញ្ចឹមសត្វនេះ»។
 
សម្រាប់លោក នេត្រ ភក្រ្ដា ការចិញ្ចឹមជ្រូកព្រៃនឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ខណៈដែលជ្រូកប្រភេទនេះកំពុងមានទីផ្សារល្អ ហើយក្រសួងក៏បានគិតគូរធ្វើការជាមួយសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនផងដែរ ដើម្បីរកទីផ្សារដល់សហគមន៍។ លោកបន្ថែមថា មជ្ឈមណ្ឌលបង្កាត់ពូជជ្រូកព្រៃនេះ នឹងចែកចាយកូនជ្រូកដល់សហគមន៍នានាដែលរស់នៅតាមតំបន់ការពារធម្មជាតិ ដែលបច្ចុប្បន្នសរុបមានចំនួន ១៨៦សហគមន៍ ដែលមានប្រជាជនជិតកន្លះលាននាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com