អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្រី Paetongtarn ដែលជាកូនស្រីលោក Thaksin លេចមុខជាតួអង្គដ៏សំខាន់នៅក្នុងនយោបាយថៃ
14, Aug 2022 , 11:00 am        
រូបភាព
អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក Thaksin Shinawatra ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្នុង​រដ្ឋប្រហារ​​កាល​ពី​ឆ្នាំ​២០០៦ ថត​រូប​ជាមួយ​កូនស្រី​ គឺ​អ្នកស្រី Paetongtarn Shinawatra ក្នុង​អំឡុង​ថ្ងៃ​អ្នកស្រី​ទទួល​សញ្ញាប័ត្រ​នៅ​​សាកលវិទ្យាល័យ​មួយ​នៅ​ក្រុង​បាងកក កាល​ពី​ឆ្នាំ​២០០៨
អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក Thaksin Shinawatra ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្នុង​រដ្ឋប្រហារ​​កាល​ពី​ឆ្នាំ​២០០៦ ថត​រូប​ជាមួយ​កូនស្រី​ គឺ​អ្នកស្រី Paetongtarn Shinawatra ក្នុង​អំឡុង​ថ្ងៃ​អ្នកស្រី​ទទួល​សញ្ញាប័ត្រ​នៅ​​សាកលវិទ្យាល័យ​មួយ​នៅ​ក្រុង​បាងកក កាល​ពី​ឆ្នាំ​២០០៨
ដោយ: VOA
បាងកក- ការលេចមុខឡើងរបស់អ្នកស្រី Paetongtarn Shinawatra ជាតួអង្គនយោបាយនិងអាចជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខអាចបង្កឱ្យមានការបែកបាក់នយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសថៃ។ អ្នកស្រីគឺជាកូនស្រីរបស់លោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងនិរទេសខ្លួននៅបរទេស។

 
អ្នកស្រី Paetongtarn ត្រូវបានតែងតាំងកាលពីខែតុលាឆ្នាំមុនជាប្រធានគណៈកម្មាធិការទីប្រឹក្សាបរិយាបន្ននិងនវានុវត្តន៍ (Inclusion and Innovation Advisor Committee) សម្រាប់គណបក្ស Pheu Thai ដែលជាគណបក្សប្រឆាំងដ៏ចម្បងនិងជាគណបក្សដ៏ធំបំផុតនៅប្រទេសថៃដែលមេដឹកនាំជាក់ស្ដែងរបស់គណបក្សនេះគឺលោក Thaksin។
 
បន្ទាប់ពីត្រូវបានតែងតាំង មនុស្សជាច្រើនជឿថាឥឡូវនេះអ្នកស្រី Paetongtarn នឹងក្លាយជាបេក្ខជនរបស់គណបក្សសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ ដែលអាចធ្វើឡើងនៅឆ្នាំក្រោយ។ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ក៏ត្រូវគេរំពឹងថានឹងឈរឈ្មោះសម្រាប់អាណត្តិបន្ទាប់នៅក្នុងការបោះឆ្នោតនេះដែរ។
 
គូប្រជែងរបស់លោក Thaksin ដែលគាំទ្រការធ្វើរដ្ឋប្រហារពីរលើកចុងក្រោយនៅក្នុងការទម្លាក់លោកនិងអ្នកស្រី Yingluck Shinawatra ដែលជាប្អូនស្រីរបស់លោក ពីតំណែងជានាយករដ្ឋមន្ត្រី បាននិយាយរួចហើយថា ករណីនេះអាចជាករណី Shinawatra លើកទី ៣។
 
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Paetongtarn ដែលមិនដែលកាន់តំណែងនយោបាយណាមួយមុនពេលត្រូវបានតែងតាំងដោយគណបក្ស Pheu Thai របស់អ្នកស្រីលើកនេះ ភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់អំពីរឿងនេះ។
 
មេដឹកនាំគណបក្ស Pheu Thai លោក Chonlanan Srikaew បានប្រាប់ VOA ថា នៅពេលនេះ គណបក្ស Pheu Thai កំពុងស្ទង់មើលប្រជាប្រិយភាពរបស់អ្នកស្រី Paetongtarn។
 
នៅពេលដែលសួរថាតើគណបក្ស Pheu Thai នឹងតែងតាំងអ្នកស្រី Paetongtarn ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីឬក៏អត់ លោក Chonlanan បានថ្លែងថា៖ «ទេ! យើងមិនទាន់គិតដូច្នេះទេនៅពេលឥឡូវនេះ»។
 
លោកបានបន្តថា៖ «ឥឡូវនេះ អ្នកស្រី Paetongtarn គឺជាប្រមុខមហាគ្រួសារគណបក្ស Pheu Thai ដែលកំពុងជួយលើកិច្ចការពង្រីកមូលដ្ឋានគណបក្ស ហើយការតែងតាំងនេះមិនមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ណាមួយជាមួយនឹងបេក្ខភាព [ជានាយករដ្ឋមន្ត្រី] នោះឡើយ»។
 
លោកបានបន្ថែមថា៖ «សម្រាប់សំណួរដែលថាតើអ្នកស្រី Paetongtarn គួរតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីឬក៏យ៉ាងណានោះ នេះក៏ជាអ្វីដែលយើងចង់សួរប្រជាពលរដ្ឋផងដែរ»។
 
តំណែងនេះត្រូវបានគេមើលឃើញថាជាវិធីមួយនៅក្នុងការសាកល្បងប្រជាប្រិយភាពរបស់អ្នកស្រីដោយមិនឱ្យមានការរិះគន់ថាលោក Thaksin នៅតែគ្រប់គ្រងគណបក្ស Pheu Thai។
 
លោក Thitinan Pongsudhirak ដែលជាសាស្ត្រាចារ្យនិងជាប្រធានវិទ្យាស្ថានសិក្សាសន្តិសុខនិងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Chulalongkorn បានប្រាប់ VOA ថា គណបក្ស Pheu Thai កំពុងស្ទង់មើលថាតើអាចនឹងមានប្រតិកម្មអ្វីតែប៉ុណ្ណោះ ប៉ុន្តែមិនថាបញ្ហាអ្វីកើតឡើងនោះទេ ឥឡូវនេះអ្នកស្រី Paetongtarn គឺជាមេដឹកនាំបែបនិមិត្តរូបរបស់គណបក្ស Pheu Thai។
 
លោក Thitinan បាននិយាយថា ការបង្ហាញការគាំទ្រខ្លាំងក្លានាពេលថ្មីៗនេះចំពោះអ្នកស្រី Paetongtarn នៅពេលដែលអ្នកស្រីធ្វើទស្សនកិច្ចទៅកាន់តំបន់ភាគឦសាន្តប្រទេស គឺជាសញ្ញាដ៏ល្អមួយសម្រាប់លទ្ធភាពនៃការតែងតាំងអ្នកស្រី។
 
តំបន់ភាគឦសាន្តប្រទេសថៃគឺជាតំបន់ដែលមានអ្នកគាំទ្រច្រើនបំផុតចំពោះគណបក្ស Pheu Thai ដែលក្រុមគាំទ្រទាំងនោះគឺជាក្រុមអាវក្រហមដែលគាំទ្រលោក Thaksin និងជាក្រុមដែលប្រឆាំងនឹងរបបយោធា។
 
លោក Thitinan បានបញ្ជាក់ថា៖ «គិតមកទល់នឹងពេលនេះ អ្នកស្រីសក្ដិសមនឹងមុខតំណែងនេះ»។
 
លោក Thitinan បានបន្ថែមថា៖ «អ្នកស្រីទទួលបានការគាំទ្រខ្លាំងក្លាពីអ្នកគាំទ្ររបស់គណបក្ស Pheu Thai។ ក្រុមអាវក្រហមកំពុងប្រមូលផ្ដុំគ្នាឡើងវិញដើម្បីគាំទ្រអ្នកស្រី។ អ្នកស្រីហាក់ដូចជារៀនសូត្រពីកិច្ចការនេះបានយ៉ាងលឿនជាទីបំផុត ហើយពួកគេប្រហែលជាត្រូវការអ្នកស្រី ហើយលោក Thaksin ក៏ត្រូវការអ្នកស្រីផងដែរ»។
 
លោក Thitinan បាននិយាយថា អ្វីដែលលោក Thaksin បានដកបទពិសោធន៍ពីសម័យអ្នកស្រី Yingluck ជានាយករដ្ឋមន្ត្រីគឺថា លោកត្រូវការនរណាម្នាក់ដែលជាប់ទាក់ទងដោយផ្ទាល់ខ្លាំងជាងមុនជាមួយនឹងលោក ដែលនោះគឺអ្នកស្រី Paetongtarn ដែលជាកូនស្រីរបស់លោកនេះហើយ។
 
គូប្រជែងរបស់លោក Thaksin បាននិយាយថា មូលហេតុតែមួយគត់ដែលគណបក្ស Pheu Thai នឹងតែងតាំងអ្នកស្រី Paetongtarn ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីគឺដោយសារតែលោក Thaksin នៅតែកំពុងស្វែងរកមធ្យោបាយដើម្បីត្រឡប់ទៅកាន់ប្រទេសថៃវិញដោយធ្វើយ៉ាងណាមិនឱ្យជាប់ពន្ធនាគារ។
 
លោក Thaksin បានចាកចេញពីប្រទេសថៃនៅក្រោយរដ្ឋប្រហារឆ្នាំ ២០០៦ នៅទីនោះ ដោយសារតែលោកបានរងការចោទប្រកាន់ជាច្រើនករណី ដែលក្នុងនោះរួមមានទាំងការចោទប្រកាន់រឿងកិច្ចព្រមព្រៀងដីធ្លីពុករលួយ ការមានភាគហ៊ុនខុសច្បាប់នៅក្នុងក្រុមហ៊ុនទូរស័ព្ទដែលទទួលបានសម្បទានពីរដ្ឋ និងការចោទប្រកាន់រឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រផងដែរ។ លោកបានច្រានចោលការចោទប្រកាន់ទាំងនេះដោយថាមានលក្ខណៈនយោបាយ។
 
លោក Suthep Thaugsuban ដែលដឹកនាំការតវ៉ារបស់គណៈកម្មាធិការកំណែទម្រង់ប្រជាមានិតប្រជាធិបតេយ្យ (People's Democratic Reform Committee) ប្រឆាំងនឹងរដ្ឋាភិបាលរបស់អ្នកស្រី Yingluck មុនពេលរដ្ឋប្រហារឆ្នាំ ២០១៤ បានបញ្ជាក់នៅក្នុងវីដេអូមួយកាលពីខែមេសាថា អ្នកស្រី Paetongtarn អាចពុករលួយដូចឪពុករបស់អ្នកស្រី ហើយលោកបានសន្យាថានឹងបន្តប្រឆាំងនឹង «របប Thaksin»។
 
លោក Suthep ថ្លែងដូច្នេះថា៖ «ខ្ញុំមានការភ័យព្រួយ បន្ទាប់ពីបានឮអំពីយុទ្ធសាស្ត្រកៀរគររកសំឡេងឆ្នោតដើម្បីឱ្យបានឈ្នះដាច់នេះ ហើយគណបក្សមួយហ្នឹងអាចដឹកនាំប្រទេសថៃម្ដងទៀត»។
 
គណបក្ស Pheu Thai មានយុទ្ធសាស្ត្រធ្វើយ៉ាងណាឈ្នះឱ្យបានអាសនៈរដ្ឋសភាជាង ២៥០ អាសនៈ ឬក៏យ៉ាងហោចណាស់ឈ្នះសំឡេងឆ្នោតឱ្យបាន ១៨ លានសំឡេងក្នុងចំណោមសំឡេងឆ្នោតសរុបចំនួន ៣៥ លានសំឡេង ដើម្បីឱ្យខ្លួនអាចទម្លាក់សមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបដែលតែងតាំងដោយយោធានាពេលបច្ចុប្បន្នបាន ដែលសមាជិកព្រឹទ្ធសភាទាំងនេះទំនងជាគាំទ្រលោក Prayuth ឬក៏បេក្ខជនណាមួយផ្សេងទៀតនៃគណបក្ស Palang Pracharath ដែលជាគណបក្សកាន់អំណាចមានទំនោរទៅរកយោធា។
 
លោក Suthep បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានការភ័យព្រួយដោយសារតែខ្ញុំធ្លាប់បានឃើញស្ថានការណ៍នេះពីមុន។ លោក Thaksin ពុករលួយ។ អ្នកស្រី Yingluck ពុករលួយ។ ប្រសិនបើកូនស្រី [របស់លោក Thaksin] ក្លាយជានាយករដ្ឋមន្ត្រី ហើយអ្នកស្រីពុករលួយដែរនោះ តើយើងអាចធ្វើអ្វី? ខ្ញុំមិនចង់ចេញទៅតវ៉ានៅតាមដងផ្លូវម្ដងទៀតនោះទេ»។
 
ប្រធានគណបក្ស Pheu Thai លោក Chonlanan បានច្រានចោលការអះអាងទាំងនេះរបស់លោក Suthep និងបាននិយាយថា កន្លងមក អ្នកកាន់អំណាចបានប្រើពាក្យដោះសារថាលុបបំបាត់ចោល «របប Thaksin» ដើម្បីរំលាយគណបក្សនានារបស់លោក Thaksin កាលពីអតីតកាល ហើយឥឡូវនេះពួកគេនៅស្វែងរកវិធីដើម្បីប្រើពាក្យដោះសារនេះប្រឆាំងនឹងគណបក្ស Pheu Thai។
 
លោក Chonlanan បានបញ្ជាក់ថា៖ «នោះជាអ្វីដែលពួកគេបានសម្រេចបានរួចហើយ។ ដូច្នេះវាជារឿងធម្មតាទេសម្រាប់ពួកគេនៅក្នុងការប្រុងប្រយ័ត្នចំពោះកូនៗរបស់គ្រួសារត្រកូល Shinawatra»។
 
លោកបានបន្ថែមថា៖ «គណបក្ស Pheu Thai បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះហោវាសាស្ត្រដូចនេះ … ហើយយើងបានបង្ហាញជូនប្រជាពលរដ្ឋថាយើងមានតម្លាភាព យើងមិនមែនស្ថិតក្រោមការត្រួតត្រារបស់ក្រុមគ្រួសារមួយនោះទេ»។
 
លោក Thitinan បាននិយាយថា គណបក្ស Pheu Thai នៅតែមានមូលដ្ឋានគាំទ្រខ្លាំងក្លានៅតាមតំបន់ជនបទនៃភាគខាងជើងនិងភាគឦសាន្តប្រទេសថៃ ហើយគណបក្សនេះកំពុងទទួលបានការគាំទ្រកើនឡើងពីក្រុមអាវក្រហម ដែលករណីនេះមានន័យថា គណបក្សនេះមានឱកាសនៅក្នុងការទទួលបានអាសនៈរដ្ឋសភាច្រើនបំផុតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ ហើយការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីគឺ «អាចទៅរួចជាទីបំផុត»។
 
លោក Thitinan បានបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខគឺជាការធ្វើប្រជាមតិលើលោក Prayuth ដែលជានាយករដ្ឋមន្ត្រីមិនមានប្រជាប្រិយភាពនៅពេលបច្ចុប្បន្នរបស់ប្រទេសថៃ។
 
លោកបានលើកឡើងដូច្នេះថា៖ «វានឹងមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការបោះឆ្នោតជាច្រើនប្រឆាំងនឹងយោធានិងប្រឆាំងនឹងរដ្ឋប្រហារ ដែលការបោះឆ្នោតទាំងនោះនឹងជួយទ្រទ្រង់ដល់មូលដ្ឋានគាំទ្ររបស់គណបក្ស Pheu Thai»។
 
លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានជ័យជម្នះដោយភ្លូកទឹកភ្លូកដីប្រហែលជាមិនមែនជារឿងល្អរាល់ពេលនោះទេ។
 
លោក Thitinan បានថ្លែងបន្តទៀតថា៖ «សម្រាប់ខ្ញុំ វិបត្តិនេះបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០០៥ នៅពេលដែលលោក Thaksin ត្រូវបានជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីជាបន្តនៅក្នុងការបោះឆ្នោតដែលគណបក្សរបស់លោកទទួលបានសំឡេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី»។
 
លោកបញ្ជាក់ដូច្នេះ ដោយសំដៅទៅលើរដ្ឋប្រហារពីរលើកជាបន្តបន្ទាប់ ការសម្លាប់រង្គាលលើក្រុមអាវក្រហម និងការបែកបាក់នយោបាយនិងភាពតានតឹងរវាងក្រុមគាំទ្រប្រជាធិបតេយ្យនិងក្រុមគាំទ្រព្រះមហាក្សត្រ។
 
លោក Thitinan បាននិយាយដូច្នេះថា៖ «ករណីតែមួយគត់ដែលអ្នកអាចធ្វើបាននៅក្នុងនយោបាយថៃ គឺការឈរឈ្មោះបោះឆ្នោតនិងធ្វើយ៉ាងណាឱ្យបានជាប់ឆ្នោតក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដោយហេតុថានៅពេលណាដែលអ្នកក្លាយជាបុគ្គលមានឥទ្ធិពលអស្ចារ្យផ្នែកនយោបាយដោយសារត្រូវបានជ្រើសរើសឱ្យកាន់តំណែងនៅក្នុងប្រទេសថៃ អ្នកនឹងរងការច្រណែនឈ្នានីសជាច្រើន និងរងការវាយប្រហារធ្វើបាប ដោយសារតែអ្នកកាន់អំណាចពិតប្រាកដនៅក្នុងប្រទេសថៃគឺមិនមែនជាអ្នកដែលត្រូវបានប្រជាពលរដ្ឋជ្រើសរើសនោះទេ»។
 
លោក Thitinan បានលើកឡើងខាងលើនេះចង់សំដៅលើលោក Thaksin និងអ្នកស្រី Yingluck។
 
លោក Thitinan ថា លោករំពឹងថានឹងមានការចោទប្រកាន់មួយចំនួននិងការប៉ុនប៉ងរារាំងគណបក្ស Pheu Thai និងអាចមានការរំលាយគណបក្សមួយទៀតកើតឡើង។ កន្លងមក គណបក្សនានារបស់លោក Thaksin ត្រូវបានរំលាយដោយតុលាការធម្មនុញ្ញនៅក្នុងវិធានការដែលអ្នកជំនាញជឿថាមានគោលបំណងលុបបំបាត់លោក Thaksin ចោល។
 
លោក Thitinan បានបញ្ជាក់ទៀតថា ការចោទប្រកាន់មួយអាចធ្វើឡើងថាលោក Thaksin កំពុងគ្រប់គ្រងនៅពីក្រោយគណបក្សនេះ ដែលនេះគឺអាចចាត់ទុកថាជាការរំលោភច្បាប់។ ច្បាប់ចែងថា គណបក្សនយោបាយមួយមិនអាចរងឥទ្ធិពលឬក៏គ្រប់គ្រងដោយអ្នកខាងក្រៅណាម្នាក់បានទេ។
 
លោកបានបន្តថា ប្រសិនបើគណបក្ស Pheu Thai ត្រូវបានរំលាយ វាអាចបណ្ដាលឱ្យមានការតវ៉ាមួយទៀតប្រឆាំងនឹងរដ្ឋាភិបាលដូចទៅនឹងការងើបបះបោររបស់ក្រុមអាវក្រហមកាលពីឆ្នាំ ២០០៩ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ដូច្នេះដែរ ដែលវដ្ដដូចនេះនឹងបន្តរហូត។ នៅក្នុងការបះបោរកាលពីឆ្នាំ ២០០៩ នោះ ក្រុមអាវក្រហមជឿថា លោក Vejjajiva ត្រូវបានតែងតាំងដោយអ្នកធ្វើរដ្ឋប្រហារដែលបានទម្លាក់លោក Thaksin ពីអំណាច។
 
លោក Thitinan បានបន្ថែមថា ក្រៅពីការរំលាយគណបក្សដែលធ្វើឡើងតាមផ្លូវតុលាការ «ការធ្វើរដ្ឋប្រហារយោធាគឺជាជម្រើសចុងក្រោយបង្អស់» ដែលអាចនឹងធ្វើឡើង។
 
លោកបញ្ជាក់ដូច្នេះថា៖ «ទោះជាយ៉ាងណាក៏ដោយ ជម្រើសយោធាគឺជាជម្រើសដែលមានផលវិបាកធ្ងន់ធ្ងរ ដូច្នេះយោធាអាចនឹងចៀសពីជម្រើសនេះ ដោយពួកគេនឹងប្រហែលជាព្យាយាមធ្វើការជាមួយនឹងវិធានការរបស់តុលាការម្ដងទៀត»៕
 
ប្រែសម្រួលដោយ កោះ សុគន្ធី
 

© រក្សាសិទ្ធិដោយ thmeythmey.com