អន្តរជាតិ
បៃឌិន ចាត់ទុកឥណ្ឌាជាដៃគូខ្វះមិនបាន ក្នុងថ្ងៃខួបឯករាជ្យឥណ្ឌាលើកទី៧៥
15, Aug 2022 , 9:59 pm        
រូបភាព
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ជាមួយលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ជាមួយលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៤ ខែសីហា បានអបអរសាទរខួបឯករាជ្យជាតិ​ឥណ្ឌាលើកទី៧៥ ដោយបានចាត់ទុកអាម៉េរិក និងឥណ្ឌា ជាដៃគូគ្នាមិនអាចខ្វះបាន ដែលត្រូវបន្តធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាសកលរួមគ្នាច្រើនឆ្នាំទៅមុខ។

 
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជាថ្ងៃរំលឹកខួបលើកទី៧៥ ដែលឥណ្ឌាទទួលបានឯក​រាជ្យជាតិពី​អាណានិគមអង់គ្លេសក្នុងឆ្នាំ ១៩៤៧។ មុននេះមួយថ្ងៃ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានចេញសេចក្ដីថ្លែងការណ៍មួយ អបអរសាទរឥណ្ឌាចំពោះថ្ងៃសំខាន់នេះ និងបាន​ហៅប្រទេស​អាស៊ីខាងត្បូងមួយនេះ ជាដៃគូមិនអាចខ្វះបាន។
 
«ឥណ្ឌា និងអាម៉េរិក ជាដៃគូដែលមិនអាចខ្វះបាន ហើយភាពជាដៃគូយុទ្ធសាស្ត្រ​អាម៉េរិក និងឥណ្ឌា ជាបាតគ្រឹះនាំឱ្យមានការប្តេជ្ញាចិត្តរួមគ្នារវាងយើងទាំងពីរ ចំពោះនីតិរដ្ឋ និង​ការលើកកម្ពស់សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស»។ ប្រមុខរដ្ឋអាម៉េរិក បានលើកឡើង​បែបនេះ។ 
 
​លោក បៃឌិន ក៏បានរំលឹកទៅដល់មេដឹកនាំចលនាទាមទារឯករាជ្យរបស់ឥណ្ឌាលោក Mahatma Gandhi ផង។ បើតាមមេដឹកនាំរូបនេះ ​អាម៉េរិកសូមចូលរួមជាមួយប្រជាជនឥណ្ឌា ដើម្បីគោរពដល់​ដំណើរប្រជាធិបតេយ្យរបស់​ពួកគេ ដែលនាំផ្លូវដោយភាពពិត និងអហិង្សាដ៏យូរអង្វែង​មកហើយ។ ប្រធានាធិបតីអាម៉េរិក បានបន្តថា ថ្ងៃខួបឯករាជ្យជាតិលើកទី៧៥ របស់ឥណ្ឌាប្រៀបដូច​ជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូត​រវាងអាម៉េរិក និងឥណ្ឌាដែលជាប្រទេសប្រជាធិប​តេយ្យដ៏អស្ចារ្យ២ក្នុងពិភពលោកដែរ។ 
 
ជាងនេះទៅទៀត លោក បៃឌិន ក៏បានបញ្ជាក់ថា សហគមន៍ប្រជាជនអាម៉េរិកដែលមាន​ដើមកំណើតឥណ្ឌាបានធ្វើឱ្យប្រទេសលោកមានការច្នៃប្រឌិតខ្ពស់ មានភាពរួមបញ្ជូលកាន់ តែខ្លាំង និងក្លាយជាសង្គមជាតិមួយរឹងមាំជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌​មាន Reuters។​
 
លោក បៃឌិន បានថ្លែងបញ្ចប់ដោយបង្ហាញទំនុកចិត្តខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេស​ប្រជាធិបតេយ្យទាំងពីរជាច្រើនឆ្នាំទៅមុខទៀត ដែលនឹងបន្តឈរជាមួយគ្នាដើម្បីការពារ​សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ ពង្រឹងសន្តិភាព វិបុលភាព និងសន្តិសុខ​សម្រាប់ប្រជាជន ជំរុញការអភិវឌ្ឍដោយបើកចំហ និងដោយសេរីនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយរួមគ្នាដោះស្រាយ​បញ្ហាប្រឈមដែលជួបប្រទះជុំវិញពិភពលោក៕ 
 

Tag:
 អាម៉េរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com