អន្តរជាតិ
បក្សប្រឆាំងថៃនឹងដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញ ដើម្បីកំណត់ថ្ងៃត្រូវផុតអាណត្តិរបស់លោក ប្រាយុទ្ធ
15, Aug 2022 , 5:54 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
បក្ស Pheu Thai ដែលជាបក្សប្រឆាំងដ៏សំខាន់មួយរបស់ថៃ បានកំណត់ថ្ងៃដាក់ពាក្យ​បណ្ដឹងទៅតុលាការធម្មនុញ្ញ នៅថ្ងៃទី១៧ ខែសីហា ដើម្បីសម្រេចថាតើលោក​ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ត្រូវដល់អាណត្តិ ដែលមានរយៈពេល ៨ឆ្នាំ ត្រឹមថ្ងៃទី២៤ ខែសីហា ឬយ៉ាងណា។

 
គណបក្សប្រឆាំងដ៏ធំនៅថៃ Pheu Thai បានស្វះស្វែងរកសេចក្តីសម្រេចរបស់តុលាការ ​ដើម្បីកំណត់អាណត្តិរបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ តាមការចុះផ្សាយរបស់សារព័ត៌មាន ​The Nation បក្ស Pheu Thai នឹងដាក់ពាក្យបណ្ដឹងទៅតុលាការធម្មនុញ្ញ នៅថ្ងៃ​ទី១៧ ខែសីហា ដើម្បីសម្រេចអាណត្តិរបស់នាយករដ្ឋមន្ត្រីថៃ។ រដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ បានកំណត់អ្នកនយោបាយអាចកាន់តំណែងបានត្រឹម ២អាណត្តិ ដែលមានរយៈពេល ៨ឆ្នាំប៉ុណ្ណោះ។ 
 
អ្នកនាំពាក្យគណបក្ស Pheu Thai លោកស្រី Theerarat Samretwanich ​នៅថ្ងៃទី១៤ ខែសីហា បាននិយាយថា គណបក្សកំពុងពិនិត្យមើលព័ត៌មានលម្អិត ដើម្បីធានាថាពាក្យ​បណ្ដឹងរបស់បក្សមានប្រសិទ្ធភាពដោយគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់។ លោកស្រី Theerarat ជឿថាអាណត្តិរបស់លោក ប្រាយុទ្ធ នឹងបញ្ចប់មុនថ្ងៃទី២៤ ខែសីហា ប្រសិន​បើតុលាការបកស្រាយច្បាប់ដោយយុត្តិធម៌។ 
 
«ប្រសិនបើតុលាការមានភាពយុត្តិធម៌ នោះយើងមានទំនុកចិត្តថា តំណែងនាយករដ្ឋមន្ត្រី​របស់លោក ប្រាយុទ្ធ នឹងបញ្ចប់មុនថ្ងៃទី២៤ ខែសីហា»។ លោកស្រី Theerarat អ្នកនាំ​ពាក្យគណបក្ស Pheu Thai អះអាងបែបនេះ ហើយលោកស្រី​ក៏​បាន​អំពាវនាវ​ដល់ប្រជា​ពលរដ្ឋ​ថៃ​ឲ្យ​តាមដាន​ដំណើរការ​នេះ ហើយ​មើល​ថា​តើ​តុលាការ​បកស្រាយ​ច្បាប់​ដោយ​យុត្តិធម៌​ឬ​យ៉ាងណា។
 
មេដឹកនាំបក្ស Pheu Thai ធ្លាប់បានអះអាងថា អាណត្តិរបស់លោកប្រាយុទ្ធ នឹងត្រូវផុត​ត្រឹមថ្ងៃទី២៤ ខែសីហា ដោយសារលោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាជាតិសម្រាប់​សណ្តាប់ធ្នាប់ និងសន្តិភាព បន្ទាប់ពីរដ្ឋប្រហារនៅក្នុងឆ្នាំ២០១៤។ 
 
យ៉ាងណាមិញ ក្រុមអ្នក​ច្បាប់នៃសភាតំណាងរាស្រ្ត បានអះអាងថា លោកប្រាយុទ្ធនឹងផុត​អាណត្តិនៅឆ្នាំ ២០២៧ ព្រោះព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋមន្រ្តីនៅក្នុងឆ្នាំ​២០១៩។ វាមានមតិផ្សេង​ទៀត​ថា លោកប្រាយុទ្ធនឹងផុតអាណត្តិនៅឆ្នាំ២០២៥ បើផ្អែកលើ​អាណត្តិរបស់លោកប្រាយុទ្ធ បន្ទាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនៅក្នុងឆ្នាំ​២០១៧។
 
ទាក់ទិននឹងបេក្ខភាពកាន់តំណែងបន្ដក្នុងករណីលោកប្រាយុទ្ធដល់អាណត្តិ លោកស្រី Theerarat បានលើកឡើងថា អ្នកដែលមានសិទ្ធិចូលកាន់តំណែងបន្ទាប់ពីលោក Prayut គឺ Chaikasem Nitisiri, Chadchart Sittipunt និង Sudarat Keyuraphan មកពីគណ​បក្សប្រឆាំង ឬរដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul និង Abhisit Vejjajiva នៃគណបក្សប្រជាធិបតេយ្យ។ ចំណែកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan និងជាមេដឹកនាំ​គណបក្ស Palang Pracharath មិនមានសិទ្ធិក្លាយជាអ្នកបន្តតំណែងទេ​ផ្អែកតាមរដ្ឋធម្មនុញ្ញ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com