ជាតិ
សង្គមជាតិ
ប៉ូលិស ប្រមូលអ្នកសេពគ្រឿងញៀនជាង១០០នាក់នៅក្រុងបាត់ដំបង
15, Aug 2022 , 6:29 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន 

សមត្ថកិច្ច ចុះធ្វើប្រតិបត្តិការប្រមូលអ្នកប្រើប្រាស់សារធាតុញៀនសរុបចំនួន១៤៦នាក់ (ស្រី ៣១នាក់) ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នេះបើតាមការចុះផ្សាយអគ្គស្នងការរដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២២។

 
អគ្គស្នងការនគរបាលជាតិ អះអាងថា ក្នុងចំណោមពួកគេទាំង១៤៦នាក់នោះ អ្នកប្រើសារធាតុញៀន មាន១០០នាក់ និង៤៦នាក់ទៀត ពុំបានប្រើឡើយ។ ក្នុងចំណោមពួកគេទាំងអស់នោះ ក៏ជនអនាថា ស្រ្តីមានផ្ទៃពោះ និងកុមារផងដែរ។ ប្រភពដដែល បានឲ្យដឹងថា ភាគច្រើនក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅមណ្ឌលស្ថារនីតិសម្បទា ហើយមួយចំនួនតួច ពិសេសស្រ្តីនិងកុមារ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។ 
 
លោក  ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ សីហា ថា ការចុះធ្វើប្រតិបត្តិប្រមូលយុវជនប្រុសស្រីជាង១០០នាក់នេះ គឺស្ថិតនៅទីតាំងផ្សេងៗគ្នាតាមឃុំ-សង្កាត់ ក្នុងក្រុងបាត់ដំបង។ លោកអធិការ បញ្ជាក់ថា៖«កិច្ចប្រតិបត្តិការខាងលើនេះ គោលបំណងដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ការពារទប់ស្កាត់រាល់ក្មេងទំនើង កុំឲ្យបង្កបញ្ហាអសន្តិសុខផ្សេងៗ នៅក្នុងមូលដ្ឋាន និងដើម្បីពិនិត្យស្វែងរកអ្នកពាក់ព័ន្ធសារធាតុញៀន និងអ្នកប្រើប្រាស់ថ្នាំញៀន»៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com