ជាតិ
យុវជនសកម្ម សេវាល្អ
ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពពេលមកទទួលសេវាសុខភាពពីមណ្ឌលសុខភាពព្រៃឃ្មុំ
16, Aug 2022 , 1:59 pm        
រូបភាព
ដោយ៖ ណន ពុធធារ៉ា (យុវជនឃុំត្រពាំងធំ )  

​ស្រុកទឹកឈូ, កំពត៖ នៅមណ្ឌលសុខភាព ទទួលផ្តល់សេវាពិគ្រោះ និងពិនិត្យសុខភាព ដល់ពលរដ្ឋ ពី៨០០ ទៅ១ ០០០នាក់ ក្នុងមួយខែៗ ក្នុងនោះក៏មានអ្នកដែលពិការភាពផងដែរ​។ លោក លី ប៊ុណ្ណារិទ្ធ ប្រធានមណ្ឌលសុខភាព ព្រៃឃ្មុំ បានបញ្ជាក់ដូច្នេះ ដោយលោកបានបន្ថែមថា ជាទូទៅនៅពេលដែលមានពលរដ្ឋមានពិការភាព មកស្វែងរកសេវាសុខភាព គឺពួកគាត់ត្រូវបានផ្តល់​អាទិភាពមុនពលរដ្ឋធម្មតា ដោយមិនចាំបាច់ចាំលេខនោះទេ។

 
ក្រៅពីអ្នកមានពិការភាព ស្ត្រីមានផ្ទៃពោះ កុមារ ជនចាសជរា ក៏ទទួលបានអាទិភាព ចូលទៅពិនិត្យពិគ្រោះជំងឺ មុនគេផងដែរ។  លោក លី ប៊ុណ្ណារិទ្ធ មានប្រសាសន៍ថា៖ «ខ្ញុំបានតែងតែដាក់វិធានការទៅហើយ។ ចំពោះជនពិការ កុមារ ចាស់ជរា ខ្ញុំឱ្យអាទិភាពមុន។ អាទិភាពហ្នឹង គឺត្រូវផ្តល់សេវាជូនគាត់មុន។ មានលេខចាប់កាល(ពី)មុន តែឥឡូវ យល់ដឹងហើយ លែងឱ្យចាប់លេខទៅហើយ»។  
 

លោក លី ប៊ុណ្ណារិទ្ធ ប្រធានមណ្ឌលសុខភាពព្រៃឃ្មុំ ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ 
 
លោក អ៊ុក សីហា អាយុ ៧១ឆ្នាំ ជាពលរដ្ឋរស់នៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលតែងតែទៅទទួលសេវាសុខភាពនៅមណ្ឌលសុខភាពព្រៃឃ្មុំ រាល់ពេលដែលលោកឈឺថ្កាត់។ ​លោកតា អ៊ុក សីហា មានពិការភាពជើងតាំងពីកុមារមកនោះ ឱ្យដឹងថា គ្រូពេទ្យនៅមណ្ឌលសុខភាពព្រៃឃ្មុំ តែងតែខ្នះខ្នែងក្នុងការផ្តល់សេវាសុខភាពដល់លោកដែលមានពិការភាព។ ពលរដ្ឋរូបនេះ អះអាងទៀតថា ​លោកតែងតែទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ជានិច្ច ពីគ្រូពេទ្យ។ «ទៅដល់គេ (ពេទ្យ) ទទួលរាក់ទាក់។ ពេទ្យនៅហ្នឹងស្រួល បើថាយើងទៅក្រោយគេ (ពេទ្យ)ប្រាប់ឱ្យចាំបន្តិច។ គេយកចិត្តទុកដាក់ ហើយគេអត់យកលុយទៀត»។  នេះជាការពន្យល់បន្ថែមរបស់លោក​ អ៊ុក សីហា។
 

លោក អ៊ុក សីហា ជាពលរដ្ឋដែលមានពិការភាពជើង រស់នៅ​ឃុំត្រពាំងធំ ដែលតែងទៅពិនិត្យជំងឺ នៅមណ្ឌលសុខភាពព្រៃឃ្មុំ។  
 
ក្រៅពីសរសើរពីការផ្តល់សេវាសុខភាពរបស់គ្រូពេទ្យហើយនោះ លោក អ៊ុក សីហា ក៏មិនភ្លេចរំឭកពីជម្រាលសម្រាប់អ្នកពិការភាព ដែលមាននៅអគារមណ្ឌលសុខភាពនោះថា បានផ្តល់ភាពងាយស្រួល មួយកម្រិតដល់លោក ក្នុងពេលទៅទទួលសេវាសុខភាព។
 

ជម្រាលសម្រាប់អ្នកមានពិការភាព នៅអគារមណ្ឌលសុខភាពព្រៃឃ្មុំ
 
ជុំវិញការសង់ជម្រាលសម្រាប់អ្នកមានពិការភាពនេះ លោក លី ប៊ុណ្ណារិទ្ធ បានបញ្ជាក់ថា ​គ្រូក្នុងនាមលោក ជាប្រធានមណ្ឌលសុខភាព គឺតែងតែគិតគូរដល់ជនដែលមានពិការភាពមុនគេ។ ហើយការដែលគាត់សាងសង់ជម្រាលនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកមានពិការភាពផង និងដល់គ្រូពេទ្យផង។ «ការពារការគ្រោះថ្នាក់សម្រាប់គាត់(អ្នកមានពិការភាព)។ ឡើងអត់រួច (ចុះ)មកអត់រួច។ ឧទាហរណ៍គាត់ជិះរទេះមកអ៊ីចឹង ពិបាករុញ ពិបាកលើក។ (មានជម្រាល) ងាយស្រួលទាំងពេទ្យ មិនបាច់ជួយលើកគាត់ គាត់ក៏មិនបាច់ពឹងពេទ្យប៉ុន្មាន»។  ​នេះជាការពន្យល់របស់លោក លី ប៊ុណ្ណារិទ្ធ។  
 
 គ្រូពេទ្យនៅមណ្ឌលសុខភាពព្រៃឃ្មុំ ចាក់​វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ។
 
ប្រធានមណ្ឌលសុខភាពរូបនេះ ក៏បើកចំហ និងទទួលទាំងការសរសើរ និងមតិរិះគន់ ក្នុងន័យស្ថាបនាចំពោះគុណភាពនៃការផ្តល់សេវាសុខភាព នៅមណ្ឌលសុខភាពព្រៃឃ្មុំនេះដែរ ដើម្បីរួមគ្នាធ្វើឱ្យការផ្តល់សេវាសុខភាព កាន់តែល្អប្រសើរសម្រាប់ពលរដ្ឋគ្រប់រូបនៅក្នុងឃុំ​៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) ៕
 
 
 
 
 
 

Tag:
 ជនមានពិការភាព
 សេវាសាធារណៈ
 មណ្ឌលសុខភាព
  លី ប៊ុណ្ណារិទ្ធ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com