កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជា១៦១នាក់ពី១២ប្រភេទកីឡា​នឹងចេញទៅហ្វឹកហាត់នៅចិន
16, Aug 2022 , 7:59 pm        
រូបភាព
ក្រុមកីឡាការិនីបាល់ទះកម្ពុជា ក្នុងពិធីប្រកួត៨មីនា ទិវិារសិទ្ធនារី។ រូបពីសហព័ន្ធកីឡាបាល់ទះកម្ពុជា
ក្រុមកីឡាការិនីបាល់ទះកម្ពុជា ក្នុងពិធីប្រកួត៨មីនា ទិវិារសិទ្ធនារី។ រូបពីសហព័ន្ធកីឡាបាល់ទះកម្ពុជា
ដោយ៖ហៀក ឆក 
អត្តពលិកកម្ពុជា ១៦១នាក់ក្នុងចំណោមកីឡាទាំង១២ប្រភេទ នឹងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង តាមគម្រោងការ ការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដើម្បីត្រៀមខ្លួនសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។



ក្រុមកីឡាការិនីបាល់ទាត់កម្ពុជា។ រូបពី Cambodia2023

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖«ឥឡូវនេះ តាមកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺបានដល់ពេលត្រូវអនុវត្តនូវកិច្ចព្រមព្រៀងទាំងអស់នោះហើយ។ បានន័យថា ដោយស្ថានភាពនៅចិនមានការធូរស្រាលក្នុងការទទួលយកនូវកីឡាករ-កីឡាការិនី យើងចំនួន ១៦១នាក់ ដែលត្រូវទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ពីឥឡូវរហូតទៅដល់ស៊ីហ្គេម»។
 
លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន លោកកំពុង​សុំគោលការណ៍ពី​សម្តេច ទៀ បាញ់ ប្រធាន​ CAMSOC ដើម្បីទទួល​បាន​ការណែនាំផ្សេងៗ ទាក់ទង​នឹងការរៀបចំចេញដំណើរនាពេល​ខាងមុខ។
 
អត្តពលិកកម្ពុជា ១៦១នាក់ ពី​១២ប្រភេទកីឡា រួមមាន កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, វាយសី, លើកទម្ងន់, ហែលទឹក, បាល់ទះ(នារី) និងបាល់ទាត់(នារី)។


អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា សម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ 

ចំពោះសហព័ន្ធកីឡាបាល់ទះកម្ពុជា ថាឱកាសចេញទៅហ្វឹកហាត់រយៈពេលវែងជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមកីឡាការិនីបាល់ទះកម្ពុជា។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«ការបញ្ជូនទៅចិនរយៈពេលវែងនេះខ្ញុំគិតថាយើងនឹងអាចបំពាក់បំប៉នទាំងមូលដ្ឋានគ្រឹះ និងជាបឋម ឬក៏ជា(Professional)។

នេះបើតាមការបញ្ជាក់ពីលោកអគ្គលេខាធិការ៕
 
 
 

Tag:
 ស៊ីហ្គេម
 កម្ពុជា
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com