ជាតិ
សង្គមជាតិ
NGO ថ្កោលទោស អាជ្ញាធរដែលប្រើហិង្សាលើកូដករណាហ្គាវើលដ៍ ប៉ុន្តែអាជ្ញាធរថាខ្លួនជាអ្នករងហិង្សា
16, Aug 2022 , 8:59 pm        
រូបភាព
ក្រោយប៉ះទង្គិចជាមួយអាជ្ញាធរ កូដករជាស្រ្តីម្នាក់ ដេកលើដី ហើយកូដករជាគ្នាឯង បានជួយញីក្បាល និងកូដករជាស្រ្តីម្នាក់ទៀត មានឈាមលើខ្ទង់ច្រមុះ (រូបឈាម ត្រូវបានបិទ)។ រូបពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់
ក្រោយប៉ះទង្គិចជាមួយអាជ្ញាធរ កូដករជាស្រ្តីម្នាក់ ដេកលើដី ហើយកូដករជាគ្នាឯង បានជួយញីក្បាល និងកូដករជាស្រ្តីម្នាក់ទៀត មានឈាមលើខ្ទង់ច្រមុះ (រូបឈាម ត្រូវបានបិទ)។ រូបពីទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់
ភ្នំពេញ៖ សង្គមស៊ីវិល និងសហជីព ៣៨ស្ថាប័ន រួមគ្នាថ្កោលទោស អាជ្ញាធរដែលបានប្រើប្រាស់ហិង្សាលើក្រុមអ្នកតវ៉ាណាហ្គាវើលដ៍ ហើយបែរជា ចេញសេចក្កីប្រកាសព័ត៌មានចោលប្រកាន់ក្រុមអ្នកតវ៉ាទៅវិញ។

 
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) រួមទាំងអង្គការសង្គមស៊ីវិល៣៥ស្ថាប័នផ្សេទៀត បានចេញសេចក្ដីថ្លែងការណ៍រួម ប្រកាសមិនគាំទ្រលើចំណាត់របស់អាជ្ញាធរឡើយ។ ពួកគេ ចាត់ទុកសកម្មភាពបង្ក្រាបរបស់អាជ្ញាធរលើក្រុមអ្នកតវ៉ាណាហ្គាវើល ជាអំពើព្រៃផ្សៃ។ 
 
អាជ្ញាធរមួយក្រុមធំ កាលពីថ្ងៃទី១១ ខែសីហា បានប្រើហិង្សាលើកម្មករណាហ្គាវើលដ៍ ដែលតវ៉ា បណ្ដាលឲ្យកូដករស្រី្តយ៉ាងតិច១៧នាក់ រងរបួស ក្នុងនោះមានស្រី្តម្នាក់ របួសមុខរហូតដល់ឈាមច្រមុះ ហើយស្រី្តពីរនាក់ទៀត ដួសសន្លប់។ ការបង្រ្កាបរបស់អាជ្ញាធរ គឺដើម្បីកុំឲ្យក្រុមអ្នកតវ៉ា បន្តដំណើរទៅឈរតវ៉ាក្បែរក្រុមហ៊ុនណាហ្គាវើលដ៍។ នេះជាការលើកឡើងរបស់ក្រុមសង្គមស៊ីវិល ដោយចាត់ទុកទង្វើរបស់អាជ្ញាធរជាទង្វើអមនុស្សធម៌។ ក្រោយពីសកម្មភាពកើតឡើង ក្រុមសង្គមស៊ីវិល សង្កេតឃើញ សាលារាជធានីភ្នំពេញ បែរជាចេញសេចក្ដីប្រកាសព័ត៌មានចោទប្រកាន់ ក្រុមអ្នកតវ៉ាទៅវិញថា ក្រុមអ្នកតវ៉ា ប្រើអំពើហិង្សា ទៅលើអាជ្ញាធរ។ 
 
ជុំវិញសេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ក្រុមសង្គមស៊ីវិល​ចាត់ទុកជាការការពារអ្នកប្រព្រឹត្តអំពើហិង្សា។ សង្គមស៊ីវិល មើលឃើញថា ទង្វើបែបនេះ អាចបណ្ដាលឲ្យសង្គមកម្ពុជាកាន់តែ មានគំរូភាពបង្ក្រាបនិងហិង្សា ពីសំណាក់អាជ្ញាធរទៅកម្មករនយោជិត បន្តកើនឡើង ខណៈពួកគេប្រើសិទ្ធិស្របច្បាប់។ 
 
ជាមួយគ្នាដែរ ក្រុមសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សទាំងនេះ អះអាងថា សកម្មភាពដែលអាជ្ញាធរបង្ក្រាបលើក្រុមអ្នកតវ៉ាណាហ្គាវើលដ៍ ហើយចេញសេចក្ដីប្រកាសព័ត៌មានចោទប្រកាន់ក្រុមអ្នកតវ៉ាវិញ ពុំមែនជាលើកទីមួយនោះទេ គឺកើតគ្រប់ពេលនៅពេលដែលមានការប៉ះទង្គិចគ្នា។ «យើងខ្ញុំទាំងអស់គ្នាថោលទោសរាល់ករណីនៃអំពើហិង្សាទៅលើកម្មករនិយោជិត និងផ្ដន្ទាទោសផ្លូវច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើហិង្សាមកលើស្រី្តកូដករ ដើម្បីលើកកម្ពស់នូវការបញ្ឈប់អំពើហិង្សាលើស្រី្ត និងជាគំរូសម្រាប់ការអនុវត្តច្បាប់»។ 
 
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បកស្រាយតាមរយៈសេចក្តីប្រកាសព័ត៌មាន ថា៖«[...] [ក្រុមបាតុករ] ពួកគេ បានប្រើហិង្សាថែមទៀតលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច»។
 
អ្នកនាំពាក្យរដ្ឋបាលភ្នំពេញ បំភ្លឺថា ក្រុមបាតុករ បានជាន់កម្ទេច និងបំផ្លាញរបាំង រហូតសមត្ថកិច្ច ត្រូវស្រាក់ដៃគ្នាធ្វើជារបាំងការពារ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ មិនខុសពីលើកមុនៗ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតែមើលឃើញថា អ្វីដែលកើតឡើងក្នុងព្រឹត្តិការណ៍នេះ គឺជាការរៀបចំរបស់ក្រុមមនុស្សមួយក្តាប់តូច ដែលនៅពីក្រោយឆាក។
 
អ្នកនាំពាក្យ បរិយាយទៀតថា ការរៀបចំឆាកសម្តែងនេះ គឺដើម្បីទម្លាក់កំហុសលើអាជ្ញាធរ និងដើម្បីធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់អាជ្ញាធរគ្រប់ថ្នាក់។ បន្ថែមពីនេះ អ្នកនាំពាក្យ ប្រកាសថា អាជ្ញាធរមានសមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីនាំជនដៃដល់ទៅផ្តន្ទាទោស ចំពោះសកម្មភាពបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើហិង្សា និងប្រមាថអាជ្ញាធរ។
 
សូមរម្លឹកថា ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ដោយសារក្រុមហ៊ុន បញ្ឈប់បុគ្គលិកជាង៣០០នាក់ពីការងារ ក្រោមហេតុផលថា ក្រុមហ៊ុន ជួបការលំបាកក្នុងអំឡុងជំងឺកូវីដ-១៩។ មកដល់ខែសីហា ឆ្នាំ២០២២ ក្នុងចំណោមអ្នកដែលត្រូវបញ្ឈប់ពីការងារនោះ មានចំនួនជាងពាក់កណ្តាលហើយ ដែលយល់ព្រមទទួលយកការទូទាត់ប្រាក់ដំណាច់ ហើយបញ្ឈប់ការតវ៉ា ខណៈនៅសល់ប្រមាណ១០០នាក់ទៀត នៅតែបន្តតវ៉ា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com