ជាតិ
ទឹកស្ទឹងសែនឡើងលើសកម្ពស់ប្រុងប្រយ័ត្ន ប៉ុន្ដែមិនទាន់ប៉ះពាល់ដល់ផលដំណាំ និងជីវិតមនុស្សសត្វឡើយ
16, Aug 2022 , 5:34 pm        
រូបភាព
រូបភាព ស្ថានភាពទឹក នៅស្ទឹងសែនក្នុងខេត្តកំពង់ធំ  ដោយ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព ស្ថានភាពទឹក នៅស្ទឹងសែនក្នុងខេត្តកំពង់ធំ ដោយ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
ភ្នំពេញ៖  ទឹកនៅតាមដងស្ទឹងសែនឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ខែសីហា។ កម្ពស់ទឹកថ្ងៃនេះ បានឡើងលើសកម្ពស់ប្រកាសអាសន្ន៦ហ៊ុន។ បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ស្ថានភាពបែបនេះ មិនធ្វើឱ្យប៉ះពាល់ដល់ដំណាំ ឬ ជីវិតមនុស្សសត្វនៅតាមបណ្ដោយស្ទឹងឡើយ។


 
ស្ថានភាពទឹកស្ទឹងសែនបានឡើងដល់កម្ពស់ ១៣.៥៦ម៉ែត្រ នៅថ្ងៃទី១៦ ខែសីហា។ កម្ពស់ទឹកបានឡើងលើសចំណុចប្រកាសឱ្យប្រុងប្រយ័ត្ន តម្រូវឱ្យពលរដ្ឋរស់នៅបណ្ដោយស្ទឹង ត្រូវយកចិត្តទុក​ដាក់ និងបង្ការជាមុន ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀង។ បើតាមក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកប្រកាសអាសន្ននៅស្ទឹងសែនមានកម្ពស់ ១៣.៥០ម៉ែត្រ។
 
លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានប្រាប់សារព័ត៌មានThmeyThmey25ថា ទឹកនៅតាមដងស្ទឹងសែនក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែសីហា បានឡើងរហូតហួសកម្រិតប្រុងប្រយ័ត្ន ៦ហ៊ុន​ ពីកម្ពស់ប្រកាសអាសន្ន​។ ជាមួយគ្នានេះ លោក ឡា បានបន្ថែមថា ទោះបីជាទឹកបានឡើងលើសស្ថានភាពគួរប្រុងប្រយ័ត្ន ប៉ុន្ដែមិនមានផលប៉ះពាល់ដល់ផល ដំណាំ​ ឬអាយុជីវិតមនុស្ស​ និងសត្វឡើយ។
 
«ទឹកឡើងលើសកម្ពស់កំណត់មែន ប៉ុន្ដែគ្មានប៉ះពាល់អ្វីឡើយ ព្រោះតាមភូមិនីមួយៗ មានទំនប់និងទ្វារទឹកសម្រាប់គ្រប់គ្រងការបង្ហូរទឹកចេញ។ មួយវិញទៀត មានកន្លែងលិចព្រោះទឹកភ្លៀងនៅផ្នែកខ្លះ តែមិនប៉ះពាល់ទេ ព្រោះពលរដ្ឋបានច្រូតកាត់រួចអស់ហើយ»។ នេះជាការបញ្ជាក់របស់លោក ឡា។
 
ទន្ទឹមនោះ លោកបានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្ដាយស្ទឹងសែន និងស្ទឹងនានា នៅក្នុងខេត្តកំពង់ធំត្រូវប្រុងប្រយ័ត្នបន្ថែមទាក់ទងការថែរក្សា ទ្រព្យសម្បត្តិ និងអាយុជីវិតដែលអាចជួបគ្រោះថ្នាក់ជាយថាហេតុ ក្នុងអំឡុងពេលកម្ពុជារងសម្ពាធទាបចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ។
 
បើតាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែសីហា កម្ពុជានឹងទទួលឥទ្ធិពលពីជលសម្ពាធទាប ITCZ  និងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ល្បឿនមធ្យម ទៅបង្គួរ។ ក្នុងនោះ ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី  ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្ដរមានជ័យអាចប្រទះជំនន់ទឹកភ្លៀង៕
 
 

Tag:
 ខេត្តកំពង់ធំ
  ជំនន់ទឹកភ្លៀង
  ស្ទឹងសែន
© រក្សាសិទ្ធិដោយ thmeythmey.com