បច្ចុប្បន្ន ការឆបោកតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងវិស័យមូលបត្រ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដើម្បីចៀសវាងការចាញ់បោកគេ តាមប្រព័ន្ធអនឡាញនេះ និយ័តករមូលបត្រកម្ពុជា (SERC) ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកគណនីជួញដូរភាគហ៊ុន ឬឧបករណ៍ជួញដូរហិរញ្ញវត្ថុផ្សេងៗ ជាមួយអ្នកផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ។
និយ័តករមូលបត្រកម្ពុជា(SERC) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាលដល់វិនិយោគិន រួមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យមូលបត្រ ដើម្បីជំរុញការយល់ដឹងបន្ថែម នូវសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះ នាព្រឹកថ្ងៃទី១៦សីហា។ បើតាម លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពន្យល់វិនិយោគិន អំពីយន្តការជួញដូរភាគហ៊ុននៅក្នុងទីផ្សារ ដែលមានហានិភ័យទាប មានភាពពិតប្រាកដនៃការជួញដូរ និងមានការទទួលស្គាល់ពីផ្លូវច្បាប់ត្រឹមត្រូវ។
លោក បញ្ជាក់ថា គោលដៅនៃវគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីកាត់បន្ថយនូវការជឿជ្រុលពេក របស់ប្រជាពលរដ្ឋនៅតាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធហ្វេសប៊ុក ដែលងាយជាប់អន្ទាក់ឆបោក ពីសំណាក់ជនខិលខូចមួយចំនួន នៅក្នុងវិស័យមូលបត្រ ព្រោះសព្វថ្ងៃការឆបោក នៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក មានការកើនគួរឱ្យព្រួយបារម្ភ។ «ហានិភ័យតាមប្រព័ន្ធអនឡាញនេះ គឺជារឿងអ្វីដែលយើងចង់ទប់ស្កាត់ ប៉ុន្តែអ្វីដែលបង្ការហានិភ័យហ្នឹងបាន គឺការពន្យល់គ្នា ការបង្ហាញនូវភាពត្រឹមត្រូវ ហើយនិងការផ្សព្វផ្សាយឱ្យកាន់តែខ្លាំង»។ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ។
លោក ស៊ូ សុជាតិ ប្រគល់វិញ្ញាបនបត្រដល់ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារអេស៊ីលីដា។
ដើម្បីទប់ស្កាត់នូវឆបោកពលរដ្ឋ លើការបើកគណនី ឬជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ និងហ្វេសហ៊ុកនេះ និយ័តករមូលបត្រកម្ពុជា បានសហការជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការបិទខ្ទប់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមណា ដែលមានហានិភ័យសម្រាប់ទីផ្សារមូលបត្រ។ លោក ស៊ូ សុជាតិ បានបន្ថែមថា ៖ «យើងនឹងពិនិត្យមើលថាប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយមានហានិភ័យ ហើយយើងនឹងស្នើឱ្យមានកិច្ចសហការ ដើម្បីបិទខ្ទប់ ឬក៏ធ្វើការងារណាមួយ។ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃអនុស្សារណៈយោគយល់គ្នា [MOU] ជាមួយនិយ័តករទូរគមនាគមន៍កម្ពុជារួចហើយ។ បច្ចុប្បន្ន យើងកំពុងដំណើរការលើការងារនេះ»។
លោក ស៊ូ សុជាតិ ក៏បានប្រាប់ពលរដ្ឋ ជាពិសេសវិនិយោគិន ក្នុងវិស័យមូលបត្រឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគណនី ឬទំព័រហ្វេសប៊ុក ដែលទាក់ទងលោកអ្នក ឱ្យបើកគណនីជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបោះបង់ថវិកា និងហានិភ័យផ្សេងៗ។ លោក បន្តនិយាយដូច្នេះ៖ «បើសិនជាមិនទាន់យល់ អំពីយន្តការនៃការជួញដូរខាងក្នុង តាមច្បាប់របស់កម្ពុជាទេ! ខ្ញុំអត់លើកចិត្ត ឱ្យទៅជួញដូរជាមួយភាគហ៊ុនខាងក្រៅទេ។ ការនិយាយបែបនេះ គឺមិនមែនជាការហាមឃាត់ទេ ប៉ុន្តែអ្វីយើងខ្ញុំចង់ពន្យល់នេះ ថាតើការជួញដូរភាគហ៊ុនរបៀបម៉េច ដែលមានហានិភ័យ ហើយវាត្រឹមត្រូវទៅតាមប្រព័ន្ធច្បាប់របស់យើង ហើយវាមានជាក់ស្តែង[នៅលើទីផ្សារ]»។
ជាមួយគ្នានេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា បានលើកឡើងថា ការបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រនេះ គឺជាការកសាងសមត្ថភាពបន្ថែម របស់វិនិយោគិនទាំងផ្នែកមូលដ្ឋានគ្រឹះ រួមទាំងផ្នែកវិភាគលើក្រុមហ៊ុនបោះផ្សាយ ឱ្យតែកាន់ស៊ីជម្រៅ និងច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគ ក្នុងវិស័យមូលបត្រ។
លោក បានបន្ថែមថា៖ «ធនាគារ អេស៊ីលីដា កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍ បានបោះផ្សាយជាសាធារណៈថ្មីៗនេះ ដែលយើងសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំ[២០២២]នេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាពរបស់យើងនៅក្នុងទីផ្សារមូលបត្រ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា កំពុងថ្ហែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រដល់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារអេស៊ីលីដា។
ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ ដោយក្នុងនោះ មានវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ពាន់លានដុល្លារអាម៉េរិក សមតុល្យឥណទានសរុបចំនួន ៦ ពាន់លានដុល្លារ, ប្រាក់បញ្ញើសន្សំសរុបចំនួន៦,០១ ពាន់លានដុល្លារ និងមានអតិថិជនជាង ៣,៥៩ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្ន ក្រៅពីធនាគារ អេស៊ីលីដា ក៏មានក្រុមហ៊ុនចំនួន១៥ទៀត ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា(CSX)។ ក្នុងនោះ មាន៩ក្រុមហ៊ុន បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀត ចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណដែលកៀរគរទុនវិនិយោគពីទីផ្សារនេះបានប្រមាណ ២៨១លានដុល្លារ៕