អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ចេញសេចក្ដីណែនាំថ្មីដើម្បីជំរុញកំណើនប្រជាជនឡើងវិញ
17, Aug 2022 , 7:29 pm        
រូបភាព
រដ្ឋាភិបាលចិន នៅថ្ងៃទី១៦ ខែសីហា បានចេញសេចក្ដីណែនាំថ្មីដើម្បីជំរុញអត្រាកំណើត​ទារក និងអត្រាស្ត្រីមានផ្ទៃពោះ ដែលបានធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមគោល​ការណ៍ថ្មី រដ្ឋាភិបាលចិន នឹងជួយសម្រួលបញ្ហាមួយចំនួន​ទាក់ទងនឹងការមានកូនដើម្បី​លើកទឹកចិត្តឱ្យ​ប្រជាជនយកកូនបន្ថែម។

 
អត្រាកំណើតប្រជាជនរបស់ចិន បែរជាមិនកើនឡើងឡើយ តែថយចុះទៅវិញ បើទោះជា​រដ្ឋាភិបាល​អនុញ្ញាតឱ្យប្រជាជនមានកូនបីនាក់ក្ដី។ ការថយចុះកំណើនប្រជាជន បង្កក្ដីបារម្ភ​លើ​ការថយ​ចុះ​កម្លាំង​ពលកម្មក្នុងស្រុកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នៅថ្ងៃទី១៦ ខែសីហា ស្ថាប័ន១៧ របស់ចិន បានចេញសេចក្ដីណែនាំថ្មីមួយ ដែលបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ផែនការយកកូនរបស់​ប្រជាជន។ 
 
សេចក្ដីណែនាំថ្មីនេះ នឹង​ជួយសម្រួល​បញ្ហាមួយចំនួនទាក់ទងនឹងការមានកូនដូចជា ការរៀប​ការ ការ​បង្កើតកូន ការចិញ្ចឹមកូន ការអប់រំ កន្លែងស្នាក់នៅ ការងារ និងការថែទាំសុខភាព ដើម្បីលើកទឹក​ចិត្តឱ្យ​ប្រជាជនយក​កូនបន្ថែម។ នេះបើតាមទូរទស្សន៍ CGTN។
 
ក្រោមគោលការណ៍ថ្មី ចិន​គ្រោង​នឹង​បង្កើតមន្ទីរពេទ្យកុមារ​ថ្នាក់ជាតិ​ចំនួន១០ បន្ថែមដើម្បី​ឱ្យ​ប្រជាជន​ងាយទទួលបាន​ការព្យាបាលដែលមានគុណភាពខ្ពស់។ លើសពីនេះ អាជ្ញាធរមូលដ្ឋាន​ក៏​ត្រូវ​កែល​ម្អ​គោល​នយោបាយស្តីពីការឈប់សម្រាកមាតុភាពសម្រាប់បុគ្គលិក ការធានារ៉ាប់រងមាតុភាព និង​ប្រាក់​ឧបត្ថម្ភជាដើម។ 
 
ចំណែកបញ្ហាការស្នាក់នៅ រដ្ឋាភិបាល​ចិននឹងសាងសង់ផ្ទះបន្ថែមទៀតដើម្បីកាត់បន្ថយ​កង្វះខាត ហើយគ្រួសារដែលមានកូនអាយុក្រោម១៨ឆ្នាំ ពីរនាក់ឡើងទៅនឹងមានអាទិភាព​ទិញ ឬជួល​ផ្ទះ​របស់​រដ្ឋនោះ។ ជាងនេះទៅទៀត ទីក្រុងខ្លះដូចជាហាងចូវ ណានឆាង និងឆាងសា បានប្រ​កាស​ថា គ្រួសារ​ដែលមានកូនបីនាក់ នឹងអាចខ្ចីលុយ២០ភាគរយលើសពីការ​កំណត់អតិបរមា នៅពេល​ទិញផ្ទះ​លើក​ដំបូង។
 
ជាមួយគ្នានេះ រដ្ឋាភិបាលចិននឹងជួយសម្រួលបញ្ហាហិរញ្ញវត្ថុដែរ តាមការកាត់បន្ថយពន្ធ​សម្រាប់សេវាកម្ម និងក្រុមហ៊ុនទាក់ទងនឹងការថែទាំសុខភាព។ ឯរបៀបធ្វើការងារនឹងមាន​ភាព​ងាយស្រួលជាងមុន ដោយអាចបត់បែនបានដូចជាការ​ធ្វើការពីផ្ទះ ឬបត់បែនម៉ោង​ធ្វើ​ការ​តាមកាលៈទេសៈ។ វាជាគោលនយោបាយល្អមួយដែលផ្តល់បរិយាកាសអំណោយ​ផលដល់​ការមានកូន៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com