ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
លោក លី ប៊ុណ្ណារិទ្ធ៖ មណ្ឌលសុខភាពព្រៃឃ្មុំ មានពេទ្យប្រចាំការ ផ្តល់សេវាសុខភាពជូនពល​រដ្ឋ ២៤ម៉ោង
17, Aug 2022 , 7:59 pm        
រូបភាព
ដោយ៖ ណី ស្រីពៅ (យុវជនឃុំព្រៃឃ្មុំ) 

ស្រុកទឹកឈូ, កំពត៖  លោក លី ប៊ុណ្ណារិទ្ធ ​ប្រធានមណ្ឌលសុខភាពព្រៃឃ្មុំ បានលើកឡើងថា ការផ្ដល់សេវាសុខភាពទូទៅ គឺមានលក្ខណៈល្អប្រសើរ ដោយពលរដ្ឋអាចមកទទួលការពិនិត្យ ព្យាបាលជំងឺ បានគ្រប់ពេលវេលា។ បើតាម លោក លី ប៊ុណ្ណារិទ្ធ ​នៅមណ្ឌលសុខភាពនេះ មានគ្រូពេទ្យ​ចំនួន ១០នាក់ ​រង់ចាំផ្តល់សេវាពិគ្រោះជំងឺ និងព្យាបាលជូនពលរដ្ឋប្រមាណ ១,៩ម៉ឺននាក់មកពីភូមិសាស្ត្រឃុំថ្មី ឃុំព្រៃឃ្មុំ និងឃុំត្រពាំងធំ។ យ៉ាងណាក៏ដោយ មានពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំតិចតួចប៉ុណ្ណោះ ដែលមកទទួលសេវានៅមណ្ឌលសុខភាពព្រៃឃ្មុំនេះ ដោយសារហេតុថា នៅតំបន់ជិតៗឃុំត្រពាំងធំ ក៏មានមណ្ឌលសុខភាពមួយចំនួន ដែលផ្តល់សេវាសុខភាពដល់ពួកគាត់បានដែរ។ នេះជាការបញ្ជាក់របស់ប្រធានមណ្ឌលសុខភាពព្រៃឃ្មុំ ​។

 
 
 
​​ជុំវិញចំនួនគ្រូពេទ្យនៅមណ្ឌលសុខភាពវិញ លោក លី ប៊ុណ្ណារិ​ អះអាងថា ​គ្រប់គ្រាន់ហើយ ហើយក៏សមស្រមនឹងសមត្ថភាពនៃមណ្ឌលសុខភាព ដែលផ្តល់ត្រឹមការព្យាបាលជាលក្ខណៈជាការសង្គ្រោះបឋម ឬកម្រិតស្រាលដែរ។ លើសពីនេះ ប្រធានមណ្ឌលសុខភាពរូបនេះ ក៏បានបែងចែកឱ្យមានគ្រូពេទ្យនៅប្រចាំការ ២៤ម៉ោងនៅមណ្ឌលសុខភាពដែរ ដើម្បីរង់ចាំផ្តល់សេវាសុខភាពជូនពលរដ្ឋ។ «មានន័យថា គាត់(ពលរដ្ឋ) នេះមកទទួលសេវាបានគ្រប់វេលា ដែលយើងផ្តល់ជូនគាត់(ពលរដ្ឋ)  តាមតម្រូវការរបស់គាត់(ពលរដ្ឋ)។ អ៊ីចឹងពេទ្យខ្ញុំចេះគ្រប់ជំនាញ។ គាត់ឆ្មប ក៏គាត់អាច(ផ្តល់ការ)ពិគ្រោះជំងឺក្រៅ ឬក៏អាចធ្វើអ្វីបានផ្សេងៗទៀត។ របួសដេរ ប៉ះ គាត់ចេះទាំងអស់»។
 

 លោក លី ប៊ុណ្ណារិទ្ធ ​ប្រធានមណ្ឌលសុខភាពព្រៃឃ្មុំ 
 
បើទោះជាកន្លងមក លោក បានឮការសរសើរច្រើនពីសំណាក់ពលរដ្ឋដែលមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពព្រៃឃ្មុំ ប៉ុន្តែ ​លោក លី ប៊ុណ្ណារិទ្ធ ក៏នៅតែបន្តបង្កើនការផ្តល់សេវាសុខភាពជូនពលរដ្ឋ ឱ្យកាន់តែប្រសើរថែមទៀត៕
 

ពលរដ្ឋកំពុងរង់ចាំទទួលថ្នាំពីគ្រូពេទ្យ នៅ​មណ្ឌលសុខភាពព្រៃឃ្មុំ។ 
 

 
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com