ជាតិ
សង្គមជាតិ
លោកគ្រូ យឹម ជឹមហ៊ុយ ចូលរួមលើកស្ទួយសិល្បៈខ្មែរ តាមរយៈការនិពន្ធចម្រៀង
18, Aug 2022 , 6:59 pm        
រូបភាព
លោក យឹម ជីមហ៊ុន  អ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មថោន ដែលកំពុងអានសៀវភៅ
លោក យឹម ជីមហ៊ុន អ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មថោន ដែលកំពុងអានសៀវភៅ
 
ដោយ៖ ញឹក សំអូន
 
លោក យឹម ជឹមហ៊ុយ ជាគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សា​ចំបក់បិទមាស ក្នុងខេត្តតាកែវ។ រាល់ទំនេរពីការបង្រៀនសិស្ស យុវជនវ័យ២៦ឆ្នាំរូបនេះ បានឆ្លៀតនិពន្ធបទចម្រៀងនានាសម្រាប់តារាចម្រៀងក្នុងគោលដៅចង់ចូលរួមលើកស្ទួយសិល្បៈខ្មែរឱ្យកាន់តែប្រសើរ។​ ពីរឆ្នាំមកនេះនៃការប្រឡូកក្នុងវិស័យសិល្បៈ ជឹមហ៊ុយ និពន្ធចម្រៀងបានជាង៣០បទ ដែលមានគាំទ្រច្រើនពីសាធារណជនគួរឱ្យកត់សម្គាល់ ផងដែរ។​


លោក យឹម ជីមហ៊ុន អ្នកនិពន្ធបទចម្រៀងនៅផលិតកម្ម កំពុងថតរូបនៅមុខប្រាសាទអង្គរវត្ត
 
ក្តីស្រលាញ់ រួមទាំងការចូលចិត្តស្តាប់តន្ត្រីផងនោះ គឺបានជំរុញ លោក យឹម ជឹមហ៊ុយ ដែលជាគ្រូបង្រៀ​ន​ឱ្យចូលរួមលើកស្ទួយសិល្បៈខ្មែរ តាមរយៈការតែងនិពន្ធចម្រៀងសម្រាប់តារាចម្រៀង។ ជីមហ៊ុន ក្លាយជាអ្នកនិពន្ធចម្រៀងនៅផលិតកម្មថោន​(Town Production) ចាប់ពីពាក់កណ្តាលឆ្នាំ២០២១ មកទល់បច្ចុប្បន្ន។​
 
មុននឹងក្លាយជាអ្នកនិពន្ធពេញសិធប្រចាំផលិតកម្មថោន​ ជឹមហ៊ុយ គឺបានចំណាយពេលអស់មួយឆ្នាំ ស័្មគ្រចិត្តនិពន្ធចម្រៀងឱ្យតារាច្រៀងនៅតាមផលិតនានា ដោយឥតកម្រៃ។ ក្នុងនោះ យុវជនមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូនេះ បាននិពន្ធបទ«អាណិតម៉ែ» ច្រៀងដោយ រ៉ន ណាវី, បទ «កុំស្អប់ខ្ញុំក្រ» ច្រៀងដោយឧបាសកសាវីន និង បទ «ពុកស្រា ម៉ែល្បែង» ច្រៀងដោយ លោក ប៊ុត សីហា ដែលជាបេក្ខជនម្ចាស់ពាន The Voice Cambodia រដូវកាលទីមួយ, បទ«កូនប្រុសអ៊ំដាំពេជ្រមែនអី» ច្រៀងដោយកញ្ញា ចែម ស្រីល័ក្ខ នៅផលិតកម្មTop Music និងបទ«កំលោះសង្ហា» ច្រៀងដោយ កញ្ញា បាន មុន្នីល័ក្ខ រួមនឹងបទចម្រៀងផ្សេងៗទៀត​ ដែលមានការគាំទ្រច្រើនពីប្រិយមិត្ត។​ 
 
«ខ្ញុំចាប់ផ្ដើមរៀនតែងនិពន្ធចម្រៀង​នៅឆ្នាំ២០២០។ ដំបូងឡើយ ស្នាដៃខ្ញុំគេពុំសូវមានអ្នកស្គាល់ទេ។ តែបន្ទាប់និពន្ធចម្រៀងទាំងនេះឡើង ខ្ញុំក៏ទទួលបានការគាំទ្រពីប្រិយមិត្តច្រើនគួរសម»។ នេះជាការលើករបស់ ជឹមហ៊ុយ ដោយបន្តរៀបរាប់មកកាន់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «រហូតដល់ថ្ងៃទី១មិថុនា ឆ្នាំ២០២១ ខ្ញុំក៏ត្រូវបានក្រុមហ៊ុនថោន មើលឃើញពីការខំប្រឹងប្រែង និងស្នាដៃរបស់ខ្ញុំ ទើបក្រុមហ៊ុនសម្រេចឱ្យខ្ញុំចុះកិច្ចសន្យាធ្វើការជាបុគ្គលិកពេញសិទ្ធ »។
 
សម្រាប់ ជឹមហ៊ុយ ការតែងនិពន្ធបទចម្រៀងនីមួយៗ គឺមិនងាយស្រួលដូច​កាន់សៀវភៅបង្រៀនសិស្សនៅបឋមសិក្សាឡើយ។ បើតាមគ្រូបង្រៀនរូបនេះ ដើម្បីនិពន្ធបទចម្រៀងនីមួយៗឱ្យល្អ គឺទាមទារចាំបាច់នូវមូលដ្ឋាននៃកំណាព្យ ត្រូវមានចំណេះដឹងខ្ពស់​ ប្រកាន់ភ្ជាប់នូវសីលធម៌ រួមទាំងការស្វែងយល់ និងរៀនសូត្រពីមនុស្សនៅជុំវិញខ្លួន។ លោក បន្តនិយាយដូច្នេះ៖ «នៅពេលជួបការលំបាក ខ្ញុំមិនដែលបោះបង់ចំណូលចិត្តនៃការនិពន្ធនោះទេ។ ព្រោះខ្ញុំគិតថា ជីវិតជាមនុស្សតែងតែមានបញ្ហា។  ដើម្បីឱ្យស្នាដៃរបស់យើងឱ្យកាន់តែប្រសើរ យើងត្រូវដុសខាតសមត្ថភាពពីមួយថ្ងៃទៅថ្ងៃ និងរៀនសូត្រជាប្រចាំថែមទៀត»។​
 
លោក​​បានបញ្ជាក់ថា ការនិពន្ធបទចម្រៀង ត្រូវបញ្ចូលនូវអារម្មណ៍មនោសញ្ចេតនា ពាក្យពេចន៍ ឃ្លោងឃ្លា ឱ្យពីរោះទៅតាមអត្ថន័យចម្រៀងដែលបានដៅទុកសម្រាប់អ្នកចំរៀង។  ការស្តាប់បទចម្រៀងមរតកដើម គឺជំនួយមួយដ៏ល្អ ដែលធ្វើឱ្យរូបលោកតែងនិពន្ធចម្រៀងបានកាន់តែប្រសើរ។  លោក​ ជឹមហ៊ុយ និយាយដូច្នេះ៖ «ចម្រៀងមរតកដើម គឺបានជួយបង្រៀន និងចូលរួមចំណែកយ៉ាងសំខាន់ ចំពោះស្នាដៃ កវីនិពន្ធនាពេលបច្ចុប្បន្ន។ ទាំងនេះហើយ ដែលខ្ញុំខិតខំបញ្រ្ជៀបខ្លឹមសារ ពាក្យពេចន៍ដ៏មានតម្លៃ ដល់ត្រចៀកអ្នកស្តាប់ តាមរយៈស្នាដៃនិពន្ធរបស់ខ្ញុំជាង៣០បទនេះ»។
 
យុវជនខ្មែររូបនេះ នឹងបន្តឆន្ទៈចូលរួមលើកស្ទួយសិល្បៈខ្មែរ ជាពិសេសផ្នែកតែងនិពន្ធចម្រៀង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ តាមរយៈការព្យាយាមរៀនសូត្រ រិះរកខ្លឹមសារអប់រំសំខាន់ៗ ឃ្លាឃ្លោង ឱ្យ​ពីរោះរណ្តំ ដើម្បីបញ្ជ្រៀបក្នុងខ្លឹមសារអត្ថបទចម្រៀងសម្រាប់សាធារណជន។
 
ចំពោះការតែងនិពន្ធ គឺបានបញ្ចូលនៅសីល្ប៍វិធីជាសារដាស់តឿនដល់យុវជន និងក្មេងជំនាន់ក្រោយ ឱ្យចេះដឹងគុណ ចេះសាមគ្គី កុំមានការរើសអើងគ្នា រួមកម្លាំងជាភាតរភាព និងការលើកតម្លៃនៃការសិក្សាជាដើម។ ក្នុងនោះក៏មានការបញ្ចូលអារម្មណ៍បែបសប្បាយរីករាយ បែបកំប្លែង និងការអប់រំផងដែរ។ លោក ជឹមហ៊ុយ បានបញ្ជាក់បែបនេះ។
 
ទឹកមុខញញឹមញែមរស់រាយរាក់ទាក់ គឺលោក ជឹមហ៊ុយ ជាគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាចំបក់បិទមាស ស្ថិតក្នុងភូមិចំបក់ ឃុំពត់សរ  ស្រុកបាទី ខេត្តតាកែវ។ គ្រូបង្រៀនស្រុកស្រែរូបនេះ កាន់មុខវិជ្ជាបង្រៀនសិស្សបែបចម្រុះ ដែលមានដូចជា ភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម វិទ្យាសាស្រ្ត ភាសាបរទេស អប់រំកាយ និងបំណិនជីវិតជាដើម។ ពេលព្រឹកបង្រៀនសិស្សថ្នាក់ទី២ ចំនួន៤១នាក់ និងរសៀលបង្រៀនថ្នាក់ទី៥ ចំនួន ៣៦នាក់។
 
ជឹមហ៊ុយ បានរៀបរាប់យ៉ាងដូច្នេះ៖ «បង្រៀនផង និងនិពន្ធផង មានផលពិបាកគួរសមដែរ តែមិនជាបញ្ហាអ្វីច្រើនទេ។ បញ្ហាដែលលំបាកគឺ "បញ្ហាជីវិត"  ព្រោះថាជីវិតគឺជាទុក្ខ ពេលខ្លះសុខភាពមិនល្អ ពេលខ្លះស្មុគស្មាញ និងពេលខ្លះបញ្ហាចូលមកផ្ទួនៗ ទាំងនេះជាផលវិបាក»។ បើទោះបីយុវជនវ័យ ២៦ឆ្នាំរូបនេះ មានផលពិបាក ប៉ុន្តែគេតែងតែបែងចែកពេលវេលាច្បាស់លាស់ ក្នុងការបម្រើ និងបំពេញតួនាទី។ ពេលថ្ងៃ គឺលោកបំពេញការងារជាអាជីពគ្រូបង្រៀន និងពេលយប់ជាពេលមួយដ៏ស្ងប់ស្ងាត់ ដែលងាយស្រួលក្នុងការផ្ចង់អារម្មណ៍ តាំងសមាធិ ដើម្បីសរសេរអត្ថបទចម្រៀង។
 
លោក យឹម ជឹមហ៊ុយ បានចូលបម្រើការងារក្នុងអាជីពគ្រូបង្រៀនអស់រយៈពេល ៦ឆ្នាំហើយ នៅសាលាបឋមសិក្សាចំបក់បិទមាស ស្ថិតក្នុងភូមិចំបក់ ឃុំពត់សរ  ស្រុកបាទី ខេត្តតាកែវ៕
 
 
 

Tag:
 សិល្បៈ
  និពន្ធ
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com