ជាតិ
សង្គមជាតិ
បើមាន​ក្រុមស៊ីវិល​ចាប់ឃាត់ពលរដ្ឋយ៉ាងអនាធិបតេយ្យ សូម​ទូរសព្ទទៅ​ក្រុម​ប្រតិបត្តិការបង្ក្រាប!
18, Aug 2022 , 2:00 pm        
រូបភាព
 រូបពីស្នងការនគរបាលរាជធានីភ្នំពេញ
រូបពីស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ស ថេត ស្នងការនគរបាលជាតិរាជធានីភ្នំពេញ បង្កើតក្រុមការងារប្រតិបត្តិការចំនួន៩ក្រុម ដើម្បីទប់ស្កាត់និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ពលរដ្ឋអាចរាយការណ៍ទៅក្រុមប្រតិបត្តិការនេះបាន ក្នុងករណីឃើញសកម្មភាពក្រុមស៊ីវិលណាចុះឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យ និងគ្មានឯកសណ្ដានត្រឹមត្រូវ។

 
ក្រុមការងារប្រតិបត្តិទាំង៩ក្រុម ត្រូវចែកកម្លាំងគ្នាទទួលខុសត្រូវ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរៀបចំផែនការសកម្មភាព និងកំណត់តំបន់ប្រឈម ដែលកើតមានហេតុការណ៍បទល្មើស និងការចុះឃាត់ពលរដ្ឋយ៉ាងអានាធិបតេយ្យជាញឹកញាប់។ នៅពេលចេញប្រតិបត្តិការ ក្រុមការងារទាំង៩ក្រុមនេះ គឺមានស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធ ពាក់សញ្ញាសម្គាល់និងគ្រឿងបន្ទាប់បន្សំគ្រប់សព្វ មានអាវុធគ្រប់ដៃស្របតាមច្បាប់ត្រឹមត្រូវ។ 
 
ជាមួយគ្នាដែរ នៅឃើញពិនិត្យ មានក្រុមស៊ីវិលចុះឃាត់ខ្លួនមនសុ្សតាមដងផ្លូវ កម្លាំងប្រតិបត្តិការខាងលើ  ត្រូវធានាថាខ្លួនមានប្រៀបជាង ក្នុងការគ្រប់គ្រងស្ថានភាពកន្លែងកើតហេតុ ហើយស្វែងរកអត្តសញ្ញាណអង្គភាព ពិសេសអ្នកទទួលខុសត្រូវ។ ជាងនេះទៅទៀត ត្រូវនាំអ្នកពាក់ព័ន្ធទៅអង្គភាពដើម្បីចាត់វិធានការតាមនីតិវិធី និងស៊ើបអង្កេតបន្ត។ ទន្ទឹននឹងនេះ លោក ស ថេត ណែនាំឲ្យក្រុមការងារខាងលើ ឲ្យជៀសវាងការប្រើប្រាស់អាវុធ​ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែដើម្បីការពារការគំរាមកំហែង ត្រូវប្រើប្រាស់ដើម្បីស្របតាមវិជ្ជាជីវៈ។ 
 
សេចក្ដីសម្រេចដែលចេញដោយលោក ស ថេត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ពេលទទួលបានព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងឬប្រភពផ្សេង ពាក់ព័ន្ធនិងសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋនៅចំណុចណាមួយ ដោយក្រុមមិនស្គាល់អត្តសញ្ញាណ ក្រុមប្រតិបត្តិការទាំងអស់ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងចេញធ្វើសកម្មភាពតាមបង្ក្រាបដោយមិនលើកលែង»។ 
 
ក្រុមការងារប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ គឺដឹកនាំដោយលោក គង់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ។ 
 
ចំណែក ក្រុមប្រតិបត្តិការចំនួន៩ក្រុមទៀត។ ក្រុមទី១ ទទួលបន្ទុកក្នុងខណ្ណដូនពេញ ដែលមានលោក អាន វុទ្ធី នាយរងការិយាល័យប្រឆាំងគ្រឿងប្រធាន។
 
ក្រុមទី២ ទទួលបន្ទុកនៅខណ្ឌទួលគោក មានលោក ង៉ូវ វ៉េងនោ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
 

ក្រុមទី៣ ទទួលបន្ទុកនៅខណ្ឌកំបូល និងខណ្ណពោធិ៍សែនជ័យ មានលោក ង៉ែត សុធា នាយករងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
 

ក្រុមទី៤ ទទួលបន្ទុកនៅខណ្ឌច្បារអំពៅ មានលោក ហៅ បូនី នាយករងការិយាល័យប្រឆាំងគ្រឿងញៀន ជាប្រធាន។
 

ក្រុមទី៥ ទទួលបន្ទុកនៅខណ្ឌសែនសុខ មានលោក ជ័យ សួស នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
 

ក្រុមទី៦ ទទួល​បន្ទុកខណ្ឌឫស្សីកែវ ដែលមានលោក ឃិន សុខា នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
 

ក្រុមទី៧ មានលោក គង់ សុភាព នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន ដោយទទួលបន្ទុកក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។
 

ក្រុមទី៨ ទទួលបន្ទុកក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលមានលោក ស៊ិន សុវណ្ណ នាយរងការិប្រឆាំងគ្រឿងញៀនជាប្រធាន។
 

ក្រុមទី៩ ទទួលបន្ទុកក្នុងខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌ៧មករា ដែលមានលោក ប្រាក់ ម៉ុច នាយរងការិយាល័យគ្រឿងញៀនជាប្រធាន៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com