អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់បង្អួតយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន ចំពេលមានភាពតានតឹងជាមួយចិន
18, Aug 2022 , 3:29 pm        
រូបភាព
កងទ័ពតៃវ៉ាន់ កំពុងបំពាក់មីស៊ីលលើយន្តហោះចម្បាំង F-16 ។ រូបថត AFP
កងទ័ពតៃវ៉ាន់ កំពុងបំពាក់មីស៊ីលលើយន្តហោះចម្បាំង F-16 ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
កងទ័ពអាកាសតៃវ៉ាន់ បានបង្អួតយន្តហោះចម្បាំងទំនើប F-16 ដែលផលិតដោយអាម៉េរិកជាសាធារណៈនៅយប់ថ្ងៃទី១៧ ខែសីហា ដែលបង្ហាញពីការតាំងចិត្តការពារដែនកោះរបស់ខ្លួន ខណៈពេលមានភាពតានតឹងជាមួយចិន។

 
បន្ទាប់ពីមានសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនរបស់ចិនកន្លងមក យោធាតៃវ៉ាន់ ក៏បង្ហាញយន្តហោះចម្បាំងទំនើប F-16 របស់ខ្លួននៅយប់ថ្ងៃទី១៧ ខែសីហា។
 
នៅក្នុងការបង្ហាញយន្តហោះចម្បាំងនេះ កងទ័ពអាកាសតៃវ៉ាន់បង្ហាញអ្នកយកពត៌មានពីរបៀបដែលពួកគេបំពាកអាវុធយ៉ាងលឿនទៅលើយន្តហោះចម្បាំង F-16 រួមមានទាំងមីស៊ីលប្រឆាំងនាវាប្រភេទ Harpoon ផង។ ក្រោយមកយន្តហោះចម្បាំង F-16V ចំនួនប្រាំមួយគ្រឿង ចេញដំណើរសម្រាប់បេសកកម្មឈ្លបយកការណ៍ និងហ្វឹកហ្វឺនពេលយប់។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងអាកាសតៃវ៉ាន់។
 
ទាក់ទងនឹងការបង្ហាញយន្តហោះចម្បាំងនេះ សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពអាកាសតៃវ៉ាន់អះអាងថា ចំពេលមានការប្រឈមមុខនឹងការគំរាមពីសមយុទ្ធយោធាចិន តៃវ៉ាន់រក្សាការប្រុងប្រយ័ត្នដោយមានគំនិត «សមរភូមិមានគ្រប់ទីកន្លែង និងការហ្វឹកហ្វឺនត្រូវមានគ្រប់ពេលវេលា» ដើម្បីធានាសន្តិសុខជាតិ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ Sun Li-fang ប្រាប់អ្នកយកពត៌មាននៅឯមូលដ្ឋានទ័ពអាកាសថា ទន្ទឹមនឹងការថ្កោលទោសសកម្មភាពរបស់ចិន នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់កងកម្លាំងតៃវ៉ាន់ក្នុងការពង្រឹងជំនាញដែរ។
 
បើតាមមន្រ្តីដដែល តៃវ៉ាន់នឹងចាប់យកឱកាសនេះ ដើម្បីសាកល្បងរាល់ការហ្វឹកហ្វឺនទាំងអស់ដែលធ្វើជាធម្មតា ហើយតាមរយៈនេះតៃវ៉ាន់អាចពង្រឹងវិធីសាស្រ្តបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាពប្រយុទ្ធរបស់ខ្លួន។ លោកក៏បន្ថែមថា ទ័ពរបស់សាធារណរដ្ឋចិនគឺ មានភាពជឿជាក់ សមត្ថភាព និងការតាំងចិត្តក្នុងការការពារសុវត្ថិភាពខ្លួនឯង។ 
 
គួរបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តៃវ៉ាន់ដាក់ពង្រាយយន្តហោះចម្បាំង F-16V របស់ខ្លួនជាលើកដំបូង ដែលយន្តហោះចម្បាំងនេះផលិតដោយអាម៉េរិកតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ជាមួយគ្នានេះ តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពយន្តហោះចម្បាំងរបស់ខ្លួន ដោយសារមានភាពភ័យខ្លាចពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំង៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com