អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិកសភាកាណាដា ចង់ទៅតៃវ៉ាន់ ទោះភាព​តានតឹងកើនឡើង
18, Aug 2022 , 7:09 pm        
រូបភាព
រូបថត AFP
រូបថត AFP
សមាជិកសភាកាណាដាមួយក្រុម គ្រោងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ក្នុងខែតុលាខាងមុខ ដើម្បីស្វែងរក​ឱកាសពង្រីកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមា​ជិកសភាកាបក្សសេរីនិយមដែល​ធ្វើការ​លើវិស័យពាណិជ្ជកម្ម លោកស្រី Judy Sgro និយាយបែបនេះនៅថ្ងៃទី១៧ ខែសីហា។ ដំណើរ​ទស្ស​ន​កិច្ចនេះ​ បើកើតមានមែន នឹង​បង្កើន​ភាព​តាន​តឹងរវាងចិន និងលោកខាងលិចបន្ថែម​ទៀត។


 
ទំនាក់ទំនងចិន និងលោកខាងលិចកាន់តែអាក្រក់ឡើងបន្ទាប់ពីប្រធានសភាតំណាង​អាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហា។ ដំណើរទស្សន​កិច្ច​ជា​បន្តបន្ទាប់របស់មន្រ្តីលោកខាងលិច ធ្វើឱ្យទីក្រុងប៉េកាំងក្ដីស្លឹកត្រចៀកយ៉ាងខ្លាំង។
 
យ៉ាងណាមិញ កំហឹងរបស់ចិន ទំនងមិនអាចរារាំងលោកខាងលិច មានទំនាក់ទំនងជាមួយ​ដែនកោះ​មួយនេះឡើយ។ សមាជិកសភាកាណាដាមកពីបក្សសេរីនិយម និងជាប្រធានគណៈកម្មាធិការ​ពាណិជ្ជកម្មផង លោកស្រី Judy Sgro នៅថ្ងៃទី១៧ ខែសីហា បាន​ប្រកាសថា សមាជិកនៃ​គណៈកម្មាធិការពាណិជ្ជកម្ម គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅ​តៃវ៉ាន់ក្នុងខែតុលាខាង​មុខ។ 
 
«ដំណើរទស្សនកិច្ចនេះមិនរំខាន និងមិននាំបញ្ហាឱ្យតៃវ៉ាន់ ឬចិនឡើយ។ វាទាក់ទងនឹងការ​ធ្វើ​ពាណិជ្ជ​កម្ម មិត្តភាព និងឱកាសសម្រាប់កាណាដា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ លោកស្រី Sgro ប្រាប់​ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ មុនបន្តថា កាលពីមុនសមា​ជិកសភាកាណាដាតែងទៅទស្សន​កិច្ចនៅតៃវ៉ាន់២ដងក្នុងមួយឆ្នាំ ដែលជាផ្នែកមួយនៃការខំប្រឹងរបស់កាណាដាដើម្បី​ធានាថាតៃវ៉ាន់​បើក​ទ្វារទទួលក្រុមហ៊ុនកាណាដានៅពេលមានឱកាសពាណិជ្ជកម្ម។ ដោយសារជំងឺកូវីដ-១៩ ទស្សនកិច្ច​បែបនេះ ត្រូវបានផ្អាកសិន។
 
ទាក់ទងទស្សនកិច្ចនេះ លោក Randy Hoback ដែលជាអនុប្រធានគណៈកម្មាធិការខាងលើ និយាយ​ថា ប្រតិភូសភា នឹង​ជជែកជាមួយ​​ក្រសួងការបរទេសសិន មុន​សម្រេចចិត្ត​ទៅ​តៃវ៉ាន់​។ ក្រសួងការ​បរទេសកាណាដាវិញ អះអាងថា ខ្លួនគោរពការ​សម្រេចចិត្តរបស់​សមាជិកសភាក្នុងដំណើរ​ទស្សនកិច្ច​ទៅកោះតៃវ៉ាន់។ 
 
ដំណើរទស្សនកិច្ចរបស់សមាជិកសភាកាណាដានៅតៃវ៉ាន់ អាចក្លាយជាបញ្ហាថ្មីទៀតក្នុងទំនាក់ទំនង​រវាងកាណាដា និងចិនដែលមិនសូវល្អស្រាប់។ ដ្បិតចិនដាក់ទណ្ឌកម្មលោកស្រី ផេឡូស៊ី និងរឹតត្បិត​សកម្មភាពពាណិជ្ជកម្មជាមួយតៃវ៉ាន់ កាណាដាប្រហែលជាមិនរួចខ្លួនឡើយ បើមានទស្សន​កិច្ច​មែន​នោះ៕
 

Tag:
 កាណាដា ចិន តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com