អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកការទូតចិន៖ ការចុះសម្រុងនិងកិច្ចសហប្រតិបត្តិការ ជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ក្នុងទំនាក់ទំនងចិន-ជប៉ុន
18, Aug 2022 , 8:29 pm        
រូបភាព
លោក Takeo Akiba (ឆ្វេង) ឈរថតរូបជាមួយលោក យ៉ាង ជាឈី (ស្ដាំ)។ រូបថត Xinhua
លោក Takeo Akiba (ឆ្វេង) ឈរថតរូបជាមួយលោក យ៉ាង ជាឈី (ស្ដាំ)។ រូបថត Xinhua
មន្ត្រីការទូតចិនជាន់ខ្ពស់ និងជាប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេសចិន យ៉ាង ជាឈី លើកឡើងថា ចិន និងជប៉ុនគួរតែលុបបំបាត់ការជ្រៀតជ្រែករឿងផ្ទៃក្នុង ឬរឿងខាងក្រៅណាមួយ ហើយ​ធ្វើការជាមួយគ្នា និងចុះសម្រុងគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរវិញ។​ លោក យ៉ាង អះអាងបែបនេះ ក្នុងជំនួបជាមួយមន្រ្តីសន្តិសុខជប៉ុននៅថ្ងៃទី១៧ ខែសីហា។

 
លោក យ៉ាង ជាឈី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសចិន និងលោក Tekeo Akiba អគ្គលេខាធិការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន បានដឹកនាំកិច្ចសន្ទនានយោបាយកម្រិត​ខ្ពស់ចិន-ជប៉ុនលើកទី៩ ដែលរៀបចំនៅទីក្រុងធានជីន។ 
 
ក្នុងជំនួបនេះ លោក យ៉ាង និយាយថា ប្រវត្តិសាស្រ្ត​នៃ​ការ​ផ្លាស់ប្ដូរទំនាក់ទំនងរវាងចិននិងជប៉ុន និង​ខួបលើកទី៥០ នៃការភ្ជាប់ទំនាក់ទំនងការទូត​បាន​បញ្ជាក់ពី​ការរស់នៅជាមួយគ្នាដោយសន្តិភាព និង​កិច្ចសហប្រតិបត្តិការមិត្តភាពដែលជាជម្រើសដ៏ត្រឹមត្រូវតែ​មួយគត់សម្រាប់ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CGTN ។
 
ឆ្លៀតពេលនោះ មន្ត្រីជប៉ុនក៏បានសួរលោក យ៉ាង ទាក់ទងបញ្ហាតៃវ៉ាន់ ដែលកំពុងតានតឹង។ លោក យ៉ាង ក៏បានឆ្លើយ​ថា តៃវ៉ាន់​ជា​ផ្នែក​មិន​អាច​កាត់​ផ្តាច់​បានពី​ទឹកដី​របស់​ចិន។ មន្ត្រីការទូតចិនជាន់ខ្ពស់​រូបនេះ ក៏បានសង្កត់ធ្ងន់ទៅភាគីជប៉ុនថា ក្រុងតូក្យូគួរតែផ្តោតលើផលប្រយោជន៍ជាមូលដ្ឋាន និង​យូរ​អង្វែងសម្រាប់ប្រទេសទាំងពីរនិងប្រជាជនវិញ ហើយជប៉ុនគួរតែមើលចិនក្នុងផ្លូវល្អ ត្រូវបន្ត​គោល​នយោបាយវិជ្ជមាន ជាក់ស្តែង និងសមហេតុផល ព្រមទាំងត្រូវរក្សាទិសដៅត្រឹមត្រូវ​នៃ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព៕
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។ ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសន្ទនានេះ​មាន​ភាព​ស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា។ ភាគីទាំង ក៏សន្យាបន្តរក្សាការសន្ទនា និងទំនាក់ទំនង​បន្ត​ទៅ​មុខ​ផង​ដែរ៕
 
 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com