អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកថា មិនបានប្តូរគោលនយោបាយចំពោះតៃវ៉ាន់ឡើយ តែចិនទៅវិញទេដែលបង្កើនការគំរាម
18, Aug 2022 , 5:01 pm        
រូបភាព
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink ក្នុងដំណើរទស្សនកិច្ចនៅក្រុងភ្នំពេញ នាពេលកន្លងមក។ រូបភាព៖ Thmey Thmey
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink ក្នុងដំណើរទស្សនកិច្ចនៅក្រុងភ្នំពេញ នាពេលកន្លងមក។ រូបភាព៖ Thmey Thmey
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink នៅថ្ងៃទី១៧ ខែសីហា បានអះអាងថា កិច្ចខិតខំចិនក្នុងការគំរាមកំហែងតៃវ៉ាន់ អាចបង្កហានិភ័យឱ្យមានការវាយតម្លៃខុស។ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសរូបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្តូរគោលនយោបាយនៅចំពោះមុខក្រុងតៃប៉ិឡើយ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរ គឺក្រុងប៉េកាំងបង្កើនការគំរាមដាក់ក្រុងតៃប៉ិ។

 
ភាពរកាំរកូសបានកើតឡើងយ៉ាងខ្លាំងរវាងចិន ជាមួយតៃវ៉ាន់ និងអាម៉េរិក បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី​ ប្រធានសភាតំណាងអាម៉េរិក និងសមាជិកសភាផ្សេងទៀត។ ក្នុងអំឡុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធទូរសព្ទក្នុងថ្ងៃទី១៧ ខែសីហា លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានលើកឡើងជាថ្មីថា ចិនបានប្រើប្រាស់ទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាលេសដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងបំផ្លាញសន្តិភាព។ 
 
ត្រង់ចំណុចនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិក បានបន្តថា អាម៉េរិកច្បាស់ថា ចិននៅតែបន្តចំណាត់ការបែបនេះ នៅចំពោះមុខតៃវ៉ាន់ដោយមិនប្រែប្រួល ហើយការប្តេជ្ញារបស់អាម៉េរិក ចំពោះគោលនយោបាយចិនតែមួយ គឺមិនប្រែប្រួលឡើយ។ 
 
«ខណៈគោលនយោបាយរបស់យើងមិនផ្លាស់ប្តូរ អ្វីដែលបានប្រែប្រួលគឺក្រុងប៉េកាំងបង្កើនការគំរាមកំហែង»។ ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ពាក្យសម្តី និងសកម្មភាពរបស់ក្រុងប៉េកាំង កំពុងបង្កឱ្យមានអស្ថិរភាពយ៉ាងខ្លាំង។ ក្នុងន័យនេះ មន្រ្តីអាម៉េរិកយល់ឃើញថា ទង្វើទាំងនោះ អាចបង្កឱ្យមានការវាយតម្លៃខុស និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងសន្និសីទដដែល លោក Kritenbrink បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន នៅតែបន្តបើកចំហការពិភាក្សាជាចិន និងដឹកនាំការធ្វើនាវាចរណ៍ឆ្លងច្រកសមុទ្រតៃវ៉ាន់។ នាវាចម្បាំងអាម៉េរិក តែងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាញឹកញ៉ាប់ ដោយផ្អែកលើច្បាប់អន្តរជាតិ។ 
 
គួររំឮកថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ចិន បានប្រកាសផ្អាកកិច្ចពិភាក្សាលើវិស័យចំនួន ៨ ដូចជាយោធា និងបម្រែបម្រួលអាកាសធាតុ ជាមួយអាម៉េរិក។ បញ្ហានេះ បានធ្វើឱ្យក្រុងវ៉ាស៊ីនតោន រិះគន់យ៉ាងខ្លាំង៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com