អន្តរជាតិ
ហុងកុងបង្កើតក្រុមការងារមួយ ដើម្បីជួយប្រជាជនដែលត្រូវបានជួញដូរមកអាស៊ីអាគ្នេយ៍
19, Aug 2022 , 10:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាជ្ញធរហុងកុង នៅថ្ងៃទី១៨ ខែសីហា បានប្រកាសរៀបចំក្រុមការងារមួយដើម្បីតាមដាន និងជួយមនុស្សដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការឆបោកអ្នកផ្សេងនៅតំបន់អាស៊ីអាគ្នេយ៍។

 
 
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ជនរងគ្រោះជាច្រើន ត្រូវបានបញ្ចុះបញ្ជូលឱ្យទៅធ្វើការនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា មីយ៉ាន់ម៉ា កម្ពុជា ថៃ ឡាវ ក្រោមការសន្យាថា នឹងទទួលបានប្រាក់បៀវត្សខ្ពស់។ ផ្ទុយទៅវិញអ្នកទាំងនោះ ត្រូវបានបង្ខំឱ្យធ្វើធ្វើការប្រឆាំងនឹងឆន្ទៈខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ដោយមានការរាយការណ៍ដូចខាងលើ រួមទាំងមានការចេញផ្សាយពីរូបភាព និងវីដេអូជុំវិញការរំលោភបំពាន និងការគំរាមកំហែងលើជនរងគ្រោះ អាជ្ញាធរហុងកុង បានបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយតាមដានករណីខាងលើ និងនាំជនរងគ្រោះត្រលប់មកវិញ។ 
 
តាមការបញ្ជាក់របស់រដ្ឋលេខាធិការហុងកុង លោកMichael Cheuk នៅថ្ងៃទី១៨ ខែសីហា ហុងកុងបានទទួលសំណើឱ្យជួយពីមនុស្សចំនួន ២០នាក់ ក្នុងនោះមានដូចជា៨នាក់ មាននៅមីយ៉ាន់ម៉ា ខណៈ១២រូបទៀតមានសុវត្ថិភាព។ 
 
«អាទិភាពរបស់យើងនៅពេលនេះ គឺជួយពួកគេឱ្យត្រលប់មកវិញដោយសុវត្ថិភាព»។ លោក  Michael Cheuk បានសង្កត់ធ្ងន់បែបនេះ ដោយបន្តអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរទៅមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ និងបញ្ចៀសការធ្វើដំណើរទៅកាន់ភាគខាងជើង និងខាងត្បូងមីយ៉ាន់ម៉ា។ 
 
ទន្ទឹមនេះ មន្រ្តីអង្គការសហប្រជាជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មានAFP ថា ជនរងគ្រោះ ដែលត្រូវបានជួញដូរ ត្រូវបានប្រើប្រាស់ឱ្យធ្វើការឆបោក។​ លោក Jeremy Douglas តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាថ្នាំញៀន និងឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍ បានអះអាងថា ប្រតិបត្តិការឆបោក ពិតជាបានកើតឡើងនៅតំបន់ព្រំដែន តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា មីយ៉ាន់ម៉ា ឡាវ ក្នុងអំឡុងពេលមានជំងឺឆ្លង។ 
 
ក្នុងថ្ងៃទី១៨ ខែសីហា បូលិសម៉ាកាវ បានបញ្ជាក់ថា ប្រជាជនចំនួន ៥នាក់ ត្រូវបានរកឃើញពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក នៅឡាវ និងកម្ពុជា។ មិនតែប៉ុណ្ណោះ នៅដើមសប្តាហ៍នេះ តៃវ៉ាន់បាននាំមនុស្សចំនួន ៩នាក់ ត្រលប់ពីក្រុងបាងកកវិញ បន្ទាប់ពីអាជ្ញាធរថៃសង្ស័យថា អ្នកទាំងនោះជាជនរងគ្រោះ ដែលត្រូវបានជួញដូរ៕ 
 

Tag:
 ហុងកុង
  កម្ពុជា
  ថៃ
  ឡាវ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com