ជាតិ
រដ្ឋត្រៀមដីចំនួន៦ ០០៥ឡូត៍នៅរុនតាឯក សម្រាប់ពលរដ្ឋដែលត្រូវរុះរើសំណង់ខុសច្បាប់នៅតំបន់អង្គរ ពលរដ្ឋផ្តិតមេដៃក្នុងលិខិតស្នាមដីធ្លីរបស់ខ្លួន ដែលត្រូវបានចុះវាស់វែងរួច ដោយក្រុមការងារចុះពិនិត្យសកម្មភាពវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ នៅតំបន់១និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
× សៀមរាប៖ រដ្ឋាភិបាល ត្រៀមដីចំនួន ៦ ០០៥ឡូត៍នៅតំបន់រុនតាឯក សម្រាប់ផ្តល់ជូនពលរដ្ឋដែលត្រូវរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់អង្គរ។ ពលរដ្ឋដែលអាចទទួលបានដីនៅតំបន់រុនតាឯកនេះ គឺទាល់តែអ្នកជំនាញ និងអាជ្ញាធរពាក់ព័ន្ធ វិនិច្ឆ័យថាមានលក្ខខណ្ឌគ្រប់គ្រាន់។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ។
រដ្ឋាភិបាល បានត្រៀមដីចំនួន ៦ ០០៥ឡូត៍នៅតំបន់រុនតាឯក សម្រាប់ចែកជូនពលរដ្ឋដែលនឹងត្រូវរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់អង្គរ។ នេះបើតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ថ្លែងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ លោក ជា សុផារ៉ា បានបញ្ជាក់ថា ពលរដ្ឋដែលមានសិទ្ធិទទួលបានដីនៅតំបន់រុនតាឯកនេះ ទាល់តែមានលក្ខខណ្ឌគ្រប់គ្រាន់ ទៅតាមការវិនិច្ឆ័យពីអ្នកជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរ។ «មិនមែនចេះតែឱ្យទេ ទាល់តែមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឱ្យ។ ហើយកន្លងមក ក៏បងប្អូននៅតាមផ្លូវនៅខេត្តសៀមរាប ដែលយើងធ្វើហេដ្ឋារចនាសម្ព័ន្ធ។ នៅតាមដងស្ទឹង(សៀមរាប) ក៏គាត់នៅទីនោះដែរ(រុនតាឯក)»។ លោក ជា សុផារ៉ា បញ្ជាក់ដូច្នេះ រួចបន្ថែមទៀតថា ដីឡូត៍ដែលរដ្ឋាភិបាលរៀបចំនោះ មានទំហំ ២០ គុណនឹង ៣០ម៉ែត្រ ក្នុងមួយឡូត៍ ជាមួយនឹងការចេញប្លង់កម្មសិទ្ធិឱ្យភ្លាមៗដែរពីអាជ្ញាធរផងដែរ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នៅតំបន់១និងតំបន់២ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សូមរំឭកថា បច្ចុប្បន្នមានសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ មានជិត ៨ ៥០០ករណី។ លោក ជា សុផារ៉ា បានហៅសំណង់ទាំងនោះថា ជាសំណង់ខុសច្បាប់ ដ៏គួរឱ្យខ្មាសអៀន និងមិនគួរឱ្យកើតមានឡើងនោះទេ។ ជុំវិញយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់នេះ អាជ្ញាធរ បានកំណត់រយៈពេលត្រឹមតែ១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា តទៅ។ ក្រុមការងារនេះ មានជិត៨០០នាក់ ចែកចេញជា៣២ក្រុម មកពីក្រសួង ការិយាល័យជំនាញ ស្ថាប័នជំនាញ និងមន្ទីររៀបចំដែនដីខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ៕
Tag:
ជា សុផារ៉ា
សំណង់ខុសច្បាប់
តំបន់អង្គរ
រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com